ជាតិ
ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ប្រវែង​សរុប​៤៧,៦​គីឡូម៉ែត្រ គ្រោង​សាងសង់​នាពេល​ឆាប់ៗ​នេះ​
20, Oct 2018 , 8:59 pm        
រូបភាព
Front រូបថត៖ AKP
Front រូបថត៖ AKP
ដោយ:
​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ប្រវែង​សរុប​៤៧,៦​គីឡូម៉ែត្រ នឹងត្រូវ​ដំណើរការ​សាងសង់​នាពេល​ឆាប់ៗ​ខាងមុខ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AKP ដែល​ដកស្រង់​សំដី​មន្ត្រី​ជំនាញ​ពី​មន្ទីរ​សា​រណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បន្ទាប់ពី​កិច្ចព្រមព្រៀង​នៃ​គម្រោង​នេះ ត្រូវបាន​ចុះហត្ថលេខា​តាំងពី​ថ្ងៃទី​១០ ខែកក្កដា មក​។​

 
​ដោយ​រត់​កាត់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​បញ្ចប់​នៅ​ផ្លូវជាតិ​លេខ​១ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ នឹងត្រូវ​សាងសង់ឡើង​ក្នុង​រង្វង់​ទឹកប្រាក់​២៥៩​លាន​ដុល្លារ​អាមេរិក​។​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​នេះ នឹងត្រូវ​ចាប់ពី​ផ្លូវជាតិ​លេខ​៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ​១៤+១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​២៤+៨៤០ ដោយ​ត្រូវ​កាត់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​២១+២០០ កាត់​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​២២+៨០០ និង​កាត់​ផ្លូវជាតិ​លេខ​២១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៨+៤០០ និង​ផ្លូវ​ខ្នែង​ប្រវែង ៥.៣៧៥​ម៉ែត្រ​។ 


 
​មន្ត្រី​ជំនាញ បាន​បញ្ជាក់ថា គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ ផ្លូវ​រថយន្ត​មាន​៤​គន្លង ដែល​មួយ​គន្លង​មាន​ទទឹង ៣,៥០​ម៉ែត្រ ដោយមាន​ទទឹង​តួ​ផ្លូវ​សរុប ២៥​ម៉ែត្រ​។ ចំណែក​ផ្លូវ​ទោចក្រយានយន្ត មាន​២​គន្លង ដោយ​មួយ​គន្លង​មាន​ទទឹង ២,២៥​ម៉ែត្រ​។ 
 
​ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន​បាន​យល់ព្រម​ផ្តល់​ឥណទាន​សម្បទាន ក្នុង​រង្វង់​ទឹក​ទឹកប្រាក់​ប្រមាណ ២៥៩​លាន​ដុល្លារ​អាមេរិក​។ លោក​បាន​បន្តទៀតថា កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​។ «​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការងារ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ ដោយមាន​ការត្រួតពិនិត្យ​បច្ចេកទេស​ពី​ក្រុមហ៊ុន​ក្វាង​ចូ​វ វ៉ាន់​អាន​មកពី​ប្រទេស​ចិន​»​។ នេះ​ជាការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​មកពី​មន្ទីរ​សាធារណការ​ក្រុង​៕
 
 

Tag:
 ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com