ដី​ជាង​៥​ម៉ឺន​ហិច​តា នៅ​ខេត្តក្រចេះ ត្រូវបាន​រដ្ឋាភិបាល​ប​ង្កើ​ត​ជា​ដែនជម្រកសត្វព្រៃ​«​សំបូរ​»
ជាតិ
ដី​ជាង​៥​ម៉ឺន​ហិច​តា នៅ​ខេត្តក្រចេះ ត្រូវបាន​រដ្ឋាភិបាល​ប​ង្កើ​ត​ជា​ដែនជម្រកសត្វព្រៃ​«​សំបូរ​»
21, Oct 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ផ្ទៃដី​សរុប​៥០,០៩៣ ហិកតា  ដែលមាន​ទីតាំងនៅ​ស្រុក​សំបូរ ខេត្តក្រចេះ បាន​ក្លាយជា​ដែនជម្រកសត្វព្រៃ​«​សំបូរ​»​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស​ម្រ​ច កាលពី​ថ្ងៃទី​៥​តុលា ឆ្នាំ​២០១៨​។

 
​អនុក្រឹត្យ​នេះ សម្រេច​ឡើង​ដើម្បី​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ធានា​ការថែទាំ​ទីជម្រក​សត្វព្រៃ សត្វ​ស្លាប់ និង​ប្រព័ន្ធ​អេកូឡូស៊ី សារ​ព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាតិ ព្រមទាំង​ធានាឱ្យមាន​ការបំពេញ​ល​ក្ខ​ខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ និង​រក្សា​លំនឹង​បរិស្ថាន ការពារ អភិរក្ស​ធនធានធម្មជាតិ ដោយ​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​។
លើសពីនេះ ផ្តល់​ផលិតផល  និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ដោយ​និរន្តរភាព​។​
 
​ជាមួយគ្នានេះ​មានការ​ទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន ក៏​ដូច​អ្នកពាក់ព័ន្ធ​ក្នុងការ​ថែរក្សា អភិរក្ស និង​ការ​ដោយ​ប្រើប្រាស់​ធនធានធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព​។ 
 
​អនុក្រឹត្យ​ខាងលើ​បាន​បញ្ជាក់ថា ផ្ទៃដី​ជាង​៥​ម៉ឺន​ហិកតា​នេះ មិន​រាប់បញ្ចូល​ដី​កម្ម​សិទ្ធ​ឯកជន និង​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ទេ​។ ដូច្នេះ​បទ​ប្បញ្ញត្តិ​ទាំងឡាយណា ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ​ត្រូវ​ទុកជា​និរាករណ៍​។​
 
​ទំហំ​ផ្ទៃដី​នេះ មាន​រដ្ឋមន្ត្រី​ទទួលបន្ទុក​ស្តីទី​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សេដ្ឋកិច្ច ក្រសួងបរិស្ថាន ក្រសួងកសិកម្ម  និង​រដ្ឋមន្ត្រី​គ្រប់គ្រង​ក្រសួង ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​អនុវត្តន៍​អនុក្រឹត្យ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​៕
 

Tag:
 ​ដែនជម្រកសត្វព្រៃ​
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com