បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
មុនលាចាកលោក, អតីតអ្នកនយោបាយ-អ្នកជំនួញ លោក មឿង សុន ត្រៀមរៀបចំពិធីបង្កើត«ក្តីស្រឡាញ់»ដោយបំភ្លេចអតីតកាលអាក្រក់ៗចោល
× ក្រុងអង្គរខេត្តសៀមរាប (កម្ពុជា)៖ ធ្លាប់ជាអ្នកជំនួញផង អ្នកនយោបាយផង និងអ្នកធ្វើកិច្ចការសង្គមផង, លោក មឿង សុន ដែលបច្ចុប្បន្នមានអាយុ៧៣ឆ្នាំ កំពុងត្រៀមរៀបចំពិធី«ជួបជុំមិត្តភាព»ដើម្បីបង្កើត«ក្តីស្រឡាញ់» ហើយបំភ្លេចអតីតកាលអាក្រក់ៗចោល។ តាមពិតទៅ លោក មឿង សុន ត្រៀមរៀបចំខួបអាពាហ៍ពិពាហ៍៥០ឆ្នាំរបស់លោកទេ។ តែព្រមពេលជាមួយគ្នា លោកក៏ឆ្លៀតឱកាសបង្កើតបរិយាកាសមួយទៀតដើម្បីធ្វើពិធីជួបជុំមិត្តភក្តិពីកុមារភាព មិត្តភកិ្តរួមថ្នាក់ រួមសាលា មិត្តភកិ្តរួមអាជីព ដៃគូប្រកួតប្រជែងនយោបាយ ដៃគូប្រកួតប្រជែងជំនួញ។ល។ សម្រាប់លោក មឿង សុន, ពិធីនេះ មានគោលបំណងតែមួយគត់ គឺបង្កើត«ក្តីស្រឡាញ់» ហើយបំភ្លេចអតីតកាលអាក្រក់ៗចោល ទោះបីរឿងនោះ ជារឿងនយោបាយក្តី រឿងជំនួញក្តី ឬការច្រណែនគ្នាក្នុងជីវិតក្តី។ លោកគ្រោងនឹងរៀបចំពិធីនេះនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០១៨ខាងមុខនេះនៅក្នុងទីក្រុងប្រាសាទ ខេត្តសៀមរាប។ លោកគ្រោងអញ្ជើញមិត្តភកិ្តទាំងអស់ឲ្យចូលរួមដោយមិនទទួលកម្រៃអ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកនឹងផ្តល់ជូននូវការស្នាក់នៅដោយមិនគិតប្រាក់ថែមទៀតផង។
សុខភាពមាំមួន, ស្ថិតក្នុងអាយុ៧៣ឆ្នាំ លោក មឿង សុន បច្ចុប្បន្ន រស់នៅក្នុងប្រទេសបារាំងជាមួយនឹងជីវភាពកម្រិតខ្ពស់ បាននិយាយប្រាប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) ក្នុងពេលដែលលោកមកស្នាក់នៅក្នុងខេត្តសៀមរាបថា មុនពេលដែលលោកលាចាកលោកទៅ លោកចង់បង្កើតអនុស្សារីយ៍ល្អៗជាមួយមិត្តរួមអាជីព មិត្តភកិ្តពីអតីតកាល ឬសូម្បីតែអ្នកធ្លាប់ជាដៃគូប្រកួតប្រជែងក្នុងឆាកនយោបាយ ឬក្នុងពិភពជំនួញក៏ដោយ។
អង្គុយនៅក្នុងសណ្ឋាគាររបស់លោកនៅក្នុងទីក្រុងប្រាសាទ ខេត្តសៀមរាប លោក សុន និយាយថា៖«ខ្ញុំចង់បំភ្លេចរឿងចាស់ កុំឲ្យប្រកាន់រឿងមិនល្អ បំភ្លេចរឿងមិនល្អចោល។ ខ្ញុំចង់បង្កើតសេចក្តីស្រឡាញ់ មុនពេលជីវិតបែកគ្នា»។ សុខភាពលោក សុន នៅល្អជាធម្មតាទេ។ តែលោកហាក់បីដូចជាគិតទុកជាមុនថា បើជីវិតស្លាប់ទៅហើយ អ្វីៗក៏មិនអាចយកទៅជាមួយបានដែរ។ ក្រោយសេចក្តីស្លាប់ អ្វីដែលស្ថិតនៅ គឺកិតិ្តយស និងកេរ្តិ៍ឈ្មោះ។
ងាកមកនិយាយពីពិធីខួបអាពាហ៍ពិពាហ៍ និងពិធីជួបជុំមិត្តភក្តិនៅក្នុងខេត្តសៀមរាបវិញ អ្វីដែលលោកចង់បាន គឺការបង្កើតអនុស្សាវរីយ៍ថ្មីៗជាមួយមិត្តចាស់ មុនពេលដែលលោកលាចាកលោកទៅ។ លោកចង់ថតរូបថតអនុស្សាវរីយ៍ជាមួយមនុស្សគ្រប់រូបដែលលោកធ្លាប់ស្គាល់។
លោក មឿង សុន ដែលបាននិយាយថា លោកសប្បាយចិត្តនឹងជីវិតនៅក្នុងជាតិនេះ បានអំពាវទៅកាន់មិត្តភក្តិទាំងអស់ឲ្យចូលរួមក្នុងកម្មវិធីរបស់លោក ហើយលោកនឹងទទួលរ៉ាប់រងរាល់ការចំណាយទាំងអស់ រាប់ទាំងការធ្វើដំណើរ និងការស្នាក់នៅផង។ លោកបានបញ្ជាក់បន្ថែមថា មិត្តភក្តិដែលធ្លាប់មាននិន្នាការនយោបាយខុសគ្នា ក៏លោកអញ្ជើញឲ្យចូលរួមដែរ ហើយលោកសូមឲ្យពួកគេទាំងអស់បំភ្លេចរឿងចាស់ចោល។ ពិធីរបស់លោក សុន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ខាងមុននេះ គឺជាពិធីជួបជុំមិត្តភាព បំភ្លេចគំនុំ និងការច្រណែន ហើយជំនួសមកវិញនូវក្តី«ស្រឡាញ់»៕
(លោកអ្នកអាចទាក់ទងទៅលោក មឿង សុន តាមរយៈហ្វេសប៊ុករបស់លោក Sonn Moeung)
© រក្សាសិទ្ធិដោយ thmeythmey.com