អន្តរជាតិ
អគ្គលេខាបក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម ង្វៀន ភូ​ជុង ត្រូវ​សភា​ជ្រើសរើស​ឲ្យ​ធ្វើ​ប្រធានាធិបតី​ថ្មី​
23, Oct 2018 , 3:42 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​សភា​វៀតណាម នៅ​ថ្ងៃទី​២៣ ខែតុលា​នេះ បាន​បោះឆ្នោត​គាំទ្រ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​លោក ង្វៀន ភូ​ជុង ជា​ប្រធានាធិបតី​ថ្មី​ជំនួស​លោក ជិន ដៃ​គ័ង ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​។ លោក ង្វៀន ជា​បេក្ខភាព​តែមួយគត់​ដែល​ស្នើ​ដោយ​បក្ស​កាន់អំណាច ហើយ​លោក​ស្បថ​ចូលកាន់​តំណែង​បន្ទាប់ពី​ការបោះឆ្នោត​នេះ​។ លោក ង្វៀន ក្លាយជា​មេដឹកនាំ​វៀតណាម​ដំបូង​គេ​ដែល​កាន់តំណែង​លេខា​បក្ស​ផង និង​ជា​ប្រធានាធិបតី​ផង ក្រោយ​មរណភាព​របស់​លោក​ប្រធាន ហូ ជី​មិញ ។​

 
​ដោយ​សំឡេងគាំទ្រ​លើសលប់ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ង្វៀន ភូ​ជុង បាន​ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ នា​កិច្ចប្រជុំសភា​ដែល​ចាប់ផ្តើម​ពីថ្ងៃ ២២ ខែតុលា លោក ង្វៀន ជា​បេក្ខភាព​តែមួយគត់​សម្រាប់​ជំនួស​តំណែង​លោក ជិន ដៃ​គ័ង ដែល​ស្លាប់​ដោយ​ជំងឺ​សាហាវ​កាលពី​ចុងខែ​កញ្ញា​កន្លងមក​។ មរណភាព​របស់លោក ជិន ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​តុល្យភាព​អំណាច​ក្នុង​នយោបាយ​វៀតណាម​។ 
 
​នៅ​វៀតណាម​ដែល​អនុវត្តតាម​ប្រព័ន្ធ​នយោបាយ​បែប​កុម្មុយនីស្ត អំណាច​ត្រូវបាន​បែង​ចែកជា​សសរស្តម្ភ​ចំនួន​បួន គឺ​អគ្គលេខាធិការ​បក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ប្រធានរដ្ឋសភា ហើយ​ដែល​អាច​ត្រួតពិនិត្យ​គ្នា​ទៅមក​ដែរ​។ ខណៈ​ប្រធានាធិបតី​មាន​ឥទ្ធិពល​តិចជាងគេ​នោះ ការ​ក្រសោប​តំណែង​ម្ដង​ពីរបែប​នេះ ធ្វើ​ឲ្យ​លោក ង្វៀន កាន់តែ​មានអំណាច​ខ្លាំង ស្របពេល​ដែល​លោក​កំពុង​ព្យាយាម​បោសសម្អាត​អ្នកប្រឆាំង​នោះ​។​
 
​យុទ្ធសាស្ត្រ​នយោបាយ​របស់លោក ង្វៀន ធ្វើ​ឲ្យ​គេ​ប្រដូច​លោក​ទៅនឹង​មេដឹកនាំ​ចិន​សព្វថ្ងៃ លោក ស៊ី ជិន​ភីង ដែល​ក្ដាប់​អំណាច​តែម្នាក់ឯង​ពេញដៃ​។ យ៉ាងណាមិញ ការ​ក្ដាប់​អំណាច​របស់លោក ង្វៀន ទំនងជា​ពិបាក​ខ្លាំង ហើយក៏​ទំនងជា​មិនអាច​មា​អំណាច​ដូច​លោក ស៊ី នៅ​ចិន​ដែរ​។ នេះ​ក៏​ព្រោះតែ​បរិបទ​នយោបាយ​វៀតណាម ត្រូវបាន​ចងភ្ជាប់​ដោយ​ការអនុវត្ត​គោលការណ៍​តុល្យភាព​អំណាច ដែល​ការណ៍​នេះ​តម្រូវ​ឲ្យ​លោក ង្វៀន ជជែក​ជាមួយ​ផ្ទៃក្នុង​បក្ស​ផង មុន​សម្រេចចិត្ត​អ្វីមួយ​។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ជាមួយនឹង​ការកើនឡើង​អំណាច លោក ង្វៀន នឹង​បង្កើន​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ និង​ក្រុមប្រឆាំង​ទៀតផង​។ តាម​របាយការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) មនុស្ស​១១៩​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​តាំងពី​ខែមករា​មកលើ​ករណី​រិះគន់​រដ្ឋាភិបាល ចូលរួម​ក្នុងការ​ប្រមូលផ្ដុំ​តវ៉ា ឬក៏​ចូល​ដៃ​ជាមួយ​ក្រុម​សកម្មជន​នយោបាយ​ដែលជា​គូប្រជែង​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម​។  
 
​សូមបញ្ជាក់ថា លោក ង្វៀន បាន​ក្លាយជា​អគ្គលេខាធិការ​បក្ស​នៅ​ឆ្នាំ​២០០១ និង​ជាប់ឆ្នោត​ម្ដងទៀត​នៅ​ឆ្នាំ​២០១៦ ខណៈ​មានការ​ប្រជែង​អំណាច​ពី​អតីត​នាយករដ្ឋមន្ត្រី ង្វៀន តាន់​យុង ។ ចុងក្រោយ​លោក ង្វៀន តាន់​យុង ក៏ត្រូវ​បង្ខំ​ឲ្យ​ដកខ្លួន​ក្នុងការ​ប្រជែង​អំណាច​ផ្ទៃក្នុង​បក្ស​កុម្មុយនីស្ត​វៀតណាម​។ យ៉ាងណាមិញ មានការ​លើកឡើង​ជាច្រើន​ដែរ​ថា លោក ង្វៀន អាច​មិន​កាន់តំណែង​នេះ​រហូត​ឡើយ ឬ​ហួស​ពី​ការបោះឆ្នោត​រើស​មេដឹកនាំ​ថ្មី​នៅ​ឆ្នាំ​២០២១ ឡើយ​។​
 

Tag:
 ​វៀតណាម​
  ង្វៀន ភូ​ជុង​
© រក្សាសិទ្ធិដោយ thmeythmey.com