កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ វត្តមាន Ronaldo នៅ​Juventus ជា​ក្តីបារម្ភ​របស់ Man Utd
23, Oct 2018 , 4:16 pm        
រូបភាព
Cristiano Ronaldo ដែល​នៅតែ​ស្ថិតក្នុង​បេះដូង​អ្នកគាំទ្រ និង​ក្លិប Manchester United បាន​ក្លាយទៅជា​ការព្រួយបារម្ភ​របស់​ពួកគេ​វិញ នៅពេល​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Juventus រូបនេះ ត្រឡប់​ទៅ​ទឹកដី Old Trafford ក្នុងនាម​គូប​ដិ​បក្ស នា​ជំនួប​ប្រកួត​ពានរង្វាន់ UEFA Champions League​។​


 
Ronaldo បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ជាមួយ​ក្លិប​បិសាច​ក្រហម​អំឡុង​រជ្ជកាល​លោក Sir Alex Ferguson ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​១១៨​គ្រាប់ ឈ្នះ​ជើងឯក​ក្របខណ្ឌ Premier League ៣​ដង និង​ពាន​កំពូល​អឺរ៉ុប​មួយ​លើក មុនពេល​ផ្លាស់​ទៅកាន់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ក្នុងតម្លៃ​កំណត់ត្រា​កាលពី​ឆ្នាំ​២០០៩​។ Ronaldo ត្រូវបាន​អ្នកគាំទ្រ​នៅឯ​ទឹកដី Old Trafford ចងចាំ​ទុក​ក្នុង​បេះដូង និង​ចាត់ទុកជា​វីរៈបុរស​របស់​ពួកគេ​។​


Ronaldo បានទៅដល់ Old Trafford មុនជំនួបយប់នេះ
 
​ប៉ុន្តែ​វត្តមាន Ronaldo នៅ​Juventus នាពេលនេះ បាន​ក្លាយជា​ក្តីបារម្ភ​របស់​អ្នកគាំទ្រ និង​ក្លិប Man Utd ទៅវិញ ក្នុងនាម​ជា​គូប​ដិ​បក្ស​។ អ្នកគាំទ្រ និង​ក្រុម Manchester United ព្រួយបារម្ភ​អំពី​ការស្រែក​ឃ្លាន​ជ័យជម្នះ​របស់ Ronaldo សម្រាប់​ក្លិប​Juventus ។ 
 
​ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រូបនេះ នឹងត្រូវ​បង្ហាញខ្លួន​ជាថ្មី​ម្តងទៀត​នៅ​ទឹកដី Old Trafford ក្នុងនាម​ជា​កីឡាករ​របស់ Juventus ដែល​ត្រូវ​តទល់​ជាមួយ​ក្លិប​ចាស់ Man Utd ក្នុងការ​ប្រកួត​ពានរ​ង្វាន់ Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល «H » នៅ​ថ្ងៃ​អង្គារ​ទី ២៤ ខែតុលា (​ម៉ោង ២:០០​នាទី រំលងអធ្រាត្រ ម៉ោង​នៅ​កម្ពុជា​)​។​
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់​រូបនេះ បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការប្រកួត​លើ​ទឹកដី​អតីត​ក្លិប​ចាស់​របស់ខ្លួន ដោយ​រូបគេ​ជឿជាក់ថា ក្រុម​ជើងឯក​អ៊ីតាលី​អាច​យកជ័យ​ជម្នះ​បាន​តាមរយៈ​ការអនុវត្ត​ផែនការ​ប្រកួត​របស់​ពួកគេ​។ CR7 លើកឡើង​បែបនេះ​ក្នុង​សន្និសីត​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​។​
 
«​ខ្ញុំ​បានឈ្នះ​ពានរង្វាន់​ជាច្រើន​នៅទីនេះ ខ្ញុំ​នៅចាំ​បាន​សម្រាប់​ការគាំទ្រ​ដ៏​ពិតប្រាកដ និង​អស្ចារ្យ​បំផុត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំជួលចិត្ត​» ។ នេះ​ជាការ​លើកឡើង​របស់ Ronaldo ដែល​បានបង្ហាញ​អារម្មណ៍​រំភើប នៅពេល​បានមក​កាន់​ក្លិប​ចាស់​ក្នុង​ក្រុង Manchester ដែលជា​ទីកន្លែង​ចងចាំ​ដ៏​ល្អ​បំផុត​។​
 
​ម្ចាស់​ពាន Ballon d'Or ៥​សម័យ ធ្លាប់​វិលត្រឡប់​មកកាន់​ក្លិប​ចាស់​របស់គេ​ម្តង​ដែរ​កាលពី​ឆ្នាំ​២០១៣ កាល​រូបគេ​នៅ​ជា​កីឡាករ​របស់ Real Madrid និង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Jose Mourinho​។ កាលនោះ Man Utd បាន​ទទួលរង​បរាជ័យ​ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Ronaldo ដើម្បី​ជួយ​ក្រុម​មកពី​អេ​ស្ប៉ា​ញ​នេះ​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុងការ​ប្រកួត​ពាន​កំពូល​អឺរ៉ុប​នេះ​៕ 
 

Tag:
 ​បាល់ទាត់​
  Cristiano Ronaldo
  UEFA Champions League
  Manchester United
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com