ONE Championship
កីឡាជាតិ
ជាតិ
​កីឡាករ​មី​យ៉ាន់​ម៉ា Phoe Thaw ហ្វឹកហាត់​នៅ​ភ្នំពេញ​ដើម្បី​ត្រៀម​តទល់​ជាមួយ Keanu Subba
24, Oct 2018 , 9:08 am        
រូបភាព
ដោយ: ថ្មីៗ
​នា​រយៈពេល​ចុងក្រោយ​នេះ កម្ពុជា​បានក្លាយ​ទីតាំង​នៃ​ការហ្វឹកហាត់​របស់​កីឡាករ​បរទេស​មួយចំនួន​ជាពិសេស​ផ្នែក​យុទ្ធ​គុណ​ចម្រុះ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ Phoe Thaw កីឡាករ​មី​យ៉ាន់​ម៉ា​ដែល​កំពុង​លេចធ្លោ បាន​ទុក​រាជធានី​ភ្នំពេញ​ជាទី​តាំង​នៃ​ការបំពេញ​វិជ្ជា​គុណ​របស់ខ្លួន ខណៈ​នា​ថ្ងៃ​សុក្រ ទី​២៦ ខែតុលា ខាងមុខនេះ គេ​ត្រូវ​តទល់​ជាមួយ​កីឡាករ​ម៉ាឡេស៊ី Keanu Subba ក្នុង​ព្រឹត្តិការណ៍ ONE: PURSUIT OF GREATNESS នៅ​កីឡដ្ឋាន Thuwunna Indoor Stadium ក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​

 
​នា​រយៈពេល​២​ឆ្នាំ​មកហើយ កីឡាករ​មី​យ៉ាន់​ម៉ា Phoe Thaw តែងតែ​ដំណើរ​ចុះឡើងៗ​មក​ភ្នំពេញ​ដើម្បី​មក​បោះជំរុំ​ហ្វឹកហាត់ ហើយ​បច្ចុប្បន្ន កីឡាករ​ដែលមាន​រហ​ស្សនាម​ថា Bushido រូបនេះ ក្លាយជា​អ្នកជំនាញ​ខាង​វាយ​គូប្រកួត​ឲ្យ​សន្លប់ ថែម​ទៀតផង​។​
 
 ​កីឡាប្រដាល់​វ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​និយាយថា​៖ «​ជាធម្មតា​ខ្ញុំ​មក​ហ្វឹកហាត់​នៅ​ភ្នំពេញ​ក្នុង​មួយឆ្នាំ​ម្តង មុន​ការប្រកួត​នីមួយៗ​។ កាល​ខ្ញុំ​មក​កម្ពុជា​ដំបូង​គឺ​នៅ​ឆ្នាំ​២០១៦ ហើយ​កន្លែង​ហ្វឹកហាត់​នៅ​ស្រុក​ខ្មែរ​មានការ​វិវឌ្ឍន៍​ច្រើន​កំឡុង​ច្រើន​ឆ្នាំ​មកនេះ​។ វា​មាន​ភាពខុសគ្នា​ខ្លាំង​តែម្តង​»​។​
 
ដោយមាន​ការហ្វឹកហាត់​ជាមួយ​លោកគ្រូ​គុន​ខ្មែរ និង​ជាមួយ​លោក ចាន់ រតនា កីឡាករ​ប្រចាំ One Championship ផងដែរ​នោះ  Phoe Thaw កំពុង​បន្ត​ព្យាយាម​ស្វែងយល់​បន្ថែមទៀត​ពី​ក្បាច់គុន​ប្រដាល់​ចម្រុះ​របស់ខ្លួន ដោយមាន​ជំនួយ​ពី​ក្រុម​កីឡាករ​ខ្មែរ​កំពូល​។ 
 
​លោក Lorenzo Lanzafame គ្រូបង្វឹក​ផ្ទាល់ខ្លួន​ដែលមាន​មូលដ្ឋាន​នៅ​ភ្នំពេញ​កំពុង​ជួយ​កីឡាករ​មី​យ៉ាន់​ម៉ា​រូបនេះ ក្នុងការ​រៀបចំ​ហ្វឹកហាត់​រាងកាយ​ទូទៅ រីឯ​ប្រធាន​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា (Jiu Jitsu Federation of Cambodia) លោក ខូវ វិ​វ​ឌ្ឍ​នា (Vivaddhana Khaou) បាន​ជួយ​បង្រៀន Pheu Thaw ខាង​វិធីសាស្ត្រ​ចាប់​បោក​។ ជាមួយគ្នានេះ លោក ចាន់​រតនា ដែលជា​កីឡាករ​ពូកែ​វៃ​ឈរ ក៏​ជា​ដៃគូ​ហ្វឹកហ្វឺន​ដ៏​ជិតស្និត​ផងដែរ​។ 
 
 Phoe Thaw ថ្លែងថា «​ខ្ញុំ​មាន​ទំនុកចិត្ត​ខ្លាំង​ក៏ដោយ​សារបាន​ហ្វឹកហាត់​នៅ​ភ្នំពេញ​។ យើង​តែងតែ​ខ្លាំង​រឹងមាំ​ហើយ​សប្បាយ​ជានិច្ច​»​។​
 
​នា​រយៈពេល​ពីរ​បី​ឆ្នាំកន្លងមក អ្នក​ចម្បាំង​មាឌ​ស្តើង​រូបនេះ បាន​កសាង​កេរ្តិ៍ឈ្មោះ មិន​ត្រឹមតែ​ក្នុង​ទឹកដី​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ល្បីល្បាញ​មកដល់​កម្ពុជា​ទៀត ដោយសារតែ​គេ​ពូកែ​ធ្វើ​ឲ្យ​ហ្វូង​អ្នកមើល​កញ្ជ្រោល​ពេញចិត្ត​តាមរយៈ​បំបាក់​គូ​ប្រ​គួ​ត ៥​នាក់ ក្នុងចំណោម ៦​នាក់ ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ១ ប៉ុណ្ណោះ​។​
 
នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ លោក ភូ ថាវ នឹង​ឡើងដល់​ដំណាក់កាល​ដ៏​សំខាន់​មួយទៀត​នៅក្នុង​អាជីព​របស់ខ្លួន ប៉ុន្តែ​គាត់​មាន​សភាព​ស្ងប់​ធម្មតា ដោយ​គាត់​ដឹងថា​គាត់​បាន​ឈានដល់​កម្រិត​ថ្មី​មួយទៀត​ក្នុងអំឡុងពេល​មួយខែ​នៅ​ភ្នំពេញ​។​
 
Phoe Thaw និយាយ​យ៉ាង​មាន​ទំនុកចិត្ត​ថា​៖ «​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ប្រកួត​មួយ​នេះ​។ ខ្ញុំ​មិន​ខ្វល់​ពី​លទ្ធផល​យ៉ាងណា​នោះទេ ខ្ញុំ​នឹងធ្វើ​ឲ្យ​បានល្អ​បំផុត​។ ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង​ថា​ខ្ញុំ​នឹង​ទទួលជោគជ័យ នឹង​បង្កើត​កេរ្តិ៍ដំណែល​ដ៏​អស្ចារ្យ​មួយ​»៕
 
 ​អត្ថបទ​៖ Matias Andre
 
 

© រក្សាសិទ្ធិដោយ thmeythmey.com