កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជោគជ័យ​នៅ Old Trafford ជា​លើក​ទី​២ ក្រោយ​ជួយ Juventus ឈ្នះ Man Utd ១-០
24, Oct 2018 , 11:55 am        
រូបភាព
Cristiano Ronaldo បានទទួល​ជ័យជម្នះ​ជាថ្មី​ម្តងទៀត​នៅលើ​ទឹកដី Old Trafford បន្ទាប់ពី Juventus បាន​យកឈ្នះ Manchester United ដោយ​លទ្ធផល ១-០ នៃ​ការប្រកួត UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H នា​រាត្រី​ថ្ងៃទី​២៣ ខែតុលា​។​


 
១​គ្រាប់​របស់ Paulo Dybala នៅ​នាទី​១៧ ដោយមាន​ការរួមចំណែក​ពី​មិត្ត​រួម​ក្រុម Ronaldo បាន​ជួយ​ឲ្យ​ក្រុម​រហស្សនាម​សេះបង្កង់​ទទួលបាន​៩​ពិន្ទុ​ពេញ​ពី​ការប្រកួត​៣​លើក និង​នាំ​មុន Man Utd ដល់​ទៅ​៥​ពិន្ទុ​។​


 
​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី​មានឱកាស​ជាច្រើន​ដើម្បី​រក​គ្រាប់​បាល់​បន្ថែម​ក្នុង​តង់​ទី​១ ដោយ​ពួកគេ​បាន​គ្រប់គ្រង​បាល់​ស្ទើ​តែ​ទាំងស្រុង​រហូតដល់ ៧០ ភាគរយ និង​ស៊ុត​បាល់​ចំ​គោលដៅ​ចំនួន​១០​លើក​។​
 
​ប៉ុន្តែ​ចូលដល់​តង់​ទី​២ បិសាច​ក្រហម​បានបង្ហាញ​ទម្រង់​លេង​ប្រសើរ​ឡើងវិញ​ជាមួយនឹង​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ខ្លា​លើ​ក្រុម​ភ្ញៀវ ហើយ​ខ្សែបម្រើ​ឆ្នើម Paul Pogba មានឱកាស​ស៊ុត​មួយ​ជើង​តែ​ចំរ​បាទី​ចេញទៅ​ក្រៅ​។​


 
​ជ័យជម្នះ​របស់ Juventus នេះ​ក៏បាន​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ទទួលជោគជ័យ​ជា​លើក​ទី​២​លើ​អតីត​ក្រុម​ចាស់​របស់ខ្លួន​ផងដែរ​ចាប់តាំងពី​រូបគេ​បាន​ចាកចេញ​កាលពី​ឆ្នាំ​២០០៩​។ នៅ​ឆ្នាំ​២០១៣ ម្ចាស់​ពាន Ballon d'Or ៥​សម័យ ដែល​កាលនោះ​នៅ​ជា​កីឡាករ​របស់ Real Madrid បាន​ជួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នេះ ទម្លាក់ Man Utd នៅ​ទឹកដី Old Trafford ម្តង​ដែរ សម្រាប់​ការប្រកួត​ពាន​កំពូល​អឺរ៉ុប​នេះ​ក្នុង​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​


 
​លទ្ធផល​គូ​ដទៃទៀត​សម្រាប់​ការប្រកួត​ពានរង្វាន់ Champions League មាន​ដូចខាងក្រោម​៖
 
-​ ពូ​ល E
 
AEK Athens ០ - ២ FC Bayern München
Ajax ១ - ០ Benfica
 
-​ ​ពូ​ល F
 
Hoffenheim ៣ - ៣ Lyon
Shakhtar Donetsk ០ - ៣ Manchester City
 
-​ ​ពូ​ល G
 
Real Madrid ២ - ១ Viktoria Plzen
Roma ៣ - ០ CSKA Moscow
 
-​ ពូ​ល H
 
Young Boys ១ - ១ Valencia
 
 
 

Tag:
 ​បាល់ទាត់​
  UEFA Champions League
  Cristiano Ronaldo
  Manchester United
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com