អន្តរជាតិ
ហ្វីលីពីន​បើក​កោះ​ឋានសួគ៌ Boracay ទទួលភ្ញៀវ​ទេសចរ​ឡើងវិញ ក្រោយ​សម្អាត​អស់​ប្រាំ​មួយខែ
25, Oct 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ហ្វីលីពីន​ចាប់ផ្តើម​បើក​កោះ​ឋានសួគ៌ Boracay ឲ្យ​ភ្ញៀវទេសចរ​ចូល​កម្សាន្ត​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​បិទ​បណ្តោះអាសន្ន​ប្រាំ​មួយខែ​ដើម្បី​ដោះស្រាយ​បញ្ហា​បំពុល​ឆ្នេរ​និង​សមុទ្រ​។ ក្រុង​ម៉ានីល​សម្រេច​កំណត់​ចំនួន​ភោជនីយដ្ឋាន និង​សណ្ឋាគារ ហើយ​លែង​ឲ្យ​មាន​កាស៊ីណូ​, ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​, ជក់បារី និង​ការ​ជប់លាង​លើ​ឆ្នេរ​ដូច​មុន​ទៀត​ដែរ​។ក្រោយ​ត្រូវបាន​រដ្ឋាភិបាល​បិទ​បណ្តោះអាសន្ន​ចាប់ពី​ខែមេសា កោះ​ឋានសួគ៌ Boracay​ដ៏​ល្បីល្បាញ​នៅ​ហ្វីលីពីន​ចាប់ផ្តើម​ទទួលភ្ញៀវ​ឡើងវិញ​ហើយ​នៅ​សប្តាហ៍​នេះ​។  ការបើក​ដំណើរការ​ឡើងវិញ​នេះ​ធ្វើឡើង​ដោយមាន​ការអនុវត្ត​បទ​បញ្ញត្តិ​តឹងរ៉ឹង​ហាមឃាត់​សកម្មភាព​មួយចំនួន​ផង​។​


 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP Boracay ការសម្រេច​ផ្អាក​ឲ្យ​ភ្ញៀវ​ចូល​មួយរយៈ​នេះ​គឺ ដើម្បី​ដោះស្រាយ​បញ្ហា​បំពុល​ឆ្នេរ និង​សមុទ្រ​ដែល​បង្កឡើង​ដោយ​ការអភិវឌ្ឍ​មិន​សមប្រកប និង​ហួសហេតុ​នៅ​ទីនោះ​។ ចំនួន​ភ្ញៀវ​ច្រើន​ហួសហេតុ ការបង្ហូរ​ទឹកស្អុយ និង​សកម្មភាព​អាជីវកម្ម​កាស៊ីណូ ភោជនីយដ្ឋាន និង​សណ្ឋាគារ​រួមជាមួយ​ការសាងសង់​ផង​នោះ​ធ្វើ​ឲ្យ​បញ្ហា​ទាំងនោះ​កើតឡើង​។  
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ហ្វីលីពីន Bernadette Romulo-Puyat បាន​អះអាងថា តាម​ការណែនាំ​របស់​ប្រ​ធនា​ធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ធានាថា ដោយ​ការ​ដំណើរ​ការទទួល​អ្នកទេសច​រ​ឡើងវិញ​នេះ ចំនួន​ភោជនីយដ្ឋាន និង​សណ្ឋាគារ​នឹងមាន​តិចជាង​មុន​នៅលើ​កោះ​។ សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ​ថា សណ្ឋាគារ​និង​ភោជនីយដ្ឋាន​នៅលើ​កោះ​ជិត ៤០០​ឯណោះ​ត្រូវបាន​រដ្ឋាភិបាល​បិទ​ចោល ដោយសារ​ពួកគេ​បំពាន​ច្បាប់​ការពារ​បរិស្ថាន​ពេលធ្វើ​អាជីវកម្ម​កន្លងមកនេះ​។ 
 
​លោកស្រី​និយាយថា បន្ថែម​លើ​វិធានការ​ខាងលើនេះ អាជ្ញាធរ​ហ្វីលីពីន​ក៏​កំណត់​ទទួល​អ្នកទេសចរ​ត្រឹម ១៩២០០​នាក់​ឲ្យ​ចូលមក​កម្សាន្ត​ក្នុងពេល​តែមួយ ហើយ​បម្រាម​ជក់បារី ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ការ​ជប់លៀង​លើ​ឆ្នេរ​ត្រូវអនុវត្ត​យ៉ាង​តឹងតែង​ផងដែរ​។ ចំណែក​រាល់​កីឡា​លេង​ក្នុង​ទឹក​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​មាន​ទៀត​ទេ លើកលែងតែ​ការ​ហែល​ទឹក​ប៉ុណ្ណោះ​។​
 
 រដ្ឋមន្ត្រី​រូបនេះ​បន្តថា រឿង​សំខាន់​ជាងគេ​នោះ​គឺ វា​នឹង​គ្មាន​វត្តមាន​កាស៊ីណូ​ដែលជា​ប្រភព​បំពុល​ធំ​មួយ​នៅ​ទីនោះ​ទៀតឡើយ​។ រដ្ឋាភិបាល​ហ្វីលីពីន​សម្រេច​លុបចោល​អាជ្ញា​បណ្ណ​ដែល​ធ្លាប់​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចំនួន​បី​ដែល​បាន​ដំណើរការ​នៅ​ទីនោះ តាម​បំណង​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​។ វិធានការ​នេះ​ជាការ​ចាប់ផ្តើម​នៃ​វប្បធម៌​ទេសចរណ៍​និរន្តរភាព​នៅ​ហ្វីលីពីន ហើយ​ទិសដៅ​ទេសចរណ៍​ផ្សេងទៀត​នៅ​ហ្វីលីពីន​នឹងត្រូវ​ការថែទាំ​និង​ស្ថិតក្រោម​បម្រាម​ស្រដៀង​ទាំង​នេះដែរ​។ 
 
​តាមពិតទៅ​កោះ Boracay ដែលមាន​ទំហំ​ប្រហែល ១០០០​ហិកតា ត្រូវបាន​គេ​ចាត់ទុកជា​ទិសដៅ​ទេសចរណ៍​មួយ​ក្នុងចំណោម​ទិសដៅ​ដែលមាន​ឆ្នេរ​ល្អ​បំផុត​លើ​លោក​។ ក្នុង​មួយឆ្នាំៗ​ហ្វីលីពីន​រកចំណូលបាន​ប្រហែល មួយ​ពាន់​លាន​ដុល្លារ​ឯណោះ​ពី​កោះ​ឋានសួគ៌​នេះ​៕
 

Tag:
 ហ្វីលីពីន​
  Boracay
  បរិស្ថាន​
  កាស៊ីណូ
© រក្សាសិទ្ធិដោយ thmeythmey.com