ក្រោយពីសហរដ្ឋអាមេរិកបានសម្រេចឲ្យចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពកាលពីឆ្នាំ២០០១មក ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិន បានក្លាយជាមូលហេតុចម្បង ដែលបណ្តាលឲ្យការងាររាប់លានកន្លែងក្នុងសហរដ្ឋអាមេរិកបានបាត់បង់។ នេះបើតាមរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា។
ការងារច្រើនជាង៣,៤លានកន្លែងក្នុងសហរដ្ឋអាមេរិក ត្រូវបានបាត់បង់ គិតចាប់ពីក្រុងប៉េកាំងបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពី១៧ឆ្នាំមុន។ ក្នុងចំណោមនោះ ការងារចំនួន ២,៥លានកន្លែង ដែលជាង៧០ភាគរយ គឺស្ថិតក្នុងវិស័យឧស្សាហកម្មផលិត ជាពិសេស ផលិតផលអេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើបជាដើម។
មិនត្រឹមតែប៉ុណ្ណោះសហរដ្ឋអាមេរិកក៏បាត់បង់កាលានុវត្តភាព (ឱកាស) ក្នុងការបង្កើតការងារបន្ថែមក្នុងវិស័យខាងលើនេះ ក្នុងនោះរួមមាន ឧបករណ៍សម្រាប់ការដឹកជញ្ជួន កុំព្យូទ័រ គ្រឿងបន្លាស់អេឡិចត្រូនិក និងផលិតផលកសិកម្មជាដើម។ នេះបើតាម
របាយការណ៍របស់វិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ចក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨។
បើតាមរបាយការណ៍ដដែលនេះ ទឹកប្រាក់ប្រមាណ១០០ពាន់លានដុល្លារ ត្រូវបានចាក់បញ្ចូលបន្ថែមទៅក្នុងជញ្ជីងឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិន ចាប់តាំងពីឆ្នាំ២០០៨ ដែលជាពេលសហរដ្ឋអាមេរិក បានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ឬគេស្គាល់ថា Great Recession។ សម្រាប់ឱនភាពពាណិជ្ជកម្មនេះ របាយការណ៍បានបង្ហាញថា ការងារចំនួន១,៣លានកន្លែងក្នុងសហរដ្ឋអាមេរិកត្រូវបានបាត់បង់ គិតត្រឹមរយៈពេល១០ឆ្នាំចុងក្រោយនេះ។
ជារួមទៅ ឱនភាពពាណិជ្ជកម្មទំនិញរបស់អាមេរិកជាមួយចិន បានកើនឡើងពី៨៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០០១ ទៅដល់៣៧២,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ ពោលគឺកើនឡើងចំនួន ២៩២,២ពាន់លានដុល្លារ គិតត្រឹមរយៈពេល១៧ឆ្នាំប៉ុណ្ណោះ។
ជាលទ្ធផលនៃកំណើនឱនភាពដ៏ច្រើនសន្ធឹកសន្ធាប់នេះ សហរដ្ឋអាមេរិកកំពុងបង្កើនបំណុលបរទេស, បាត់បង់សមត្ថភាពនាំចេញ និងប្រឈមមុខនឹងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដ៏ប្រេះឆាជាខ្លាំង។ យោងតាមរបាយការណ៍ខាងលើនេះ ដែលដឹកនាំការស្រាវជ្រាវដោយ Robert Scott និង Zane Mokhiber។
ក្រុមអ្នកស្រាវជ្រាវក៏បានកត់សម្គាល់ពីគោលនយោបាយពាណិជ្ជកម្មរបស់ចិនផងដែរ ដែលជាយូរមកហើយបង្កក្តីបារម្ភទៅដល់អ្នកឃ្លាំមើលលើទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរនេះ។
«ការអនុវត្តពាណិជ្ជកម្មខុសប្រក្រតីរបស់ចិន ដែលគាំទ្រដោយការកំណត់តម្លៃលុយដោយខុសច្បាប់ ( currency manipulation) និងការគាប់សង្កត់លើប្រាក់បៀរវត្សរ៍ និងសិទ្ធិពលកម្មរបស់ចិន បានបង្កើតជំនួយដ៏ច្រើនលើសលប់ដល់ការនាំចេញរបស់ក្រុងប៉េកាំង។ ការណ៍នេះហើយទើបធ្វើឲ្យការនាំចេញរបស់ចិន មានទំហំច្រើនជាងការនាំចេញរបស់សហរដ្ឋអាមេរិក»។ របាយការណ៍ដដែលបានបកស្រាយបែបនេះ។
គួរឲ្យកត់សម្គាល់ថា ការសិក្សារបស់វិទ្យាស្ថានអាមេរិកថ្មីនេះបានចេញផ្សាយចំពេលដែល ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តឆាបឆេះ ដោយភាគីទាំងពីរបានដំឡើងពន្ធដាក់គ្នាទៅវិញទៅមក គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។ កន្លងទៅរដ្ឋបាលលោកដូណាល់ត្រាំ បានរិះគន់យ៉ាងចាស់ដៃលើការអនុវត្តពាណិជ្ជកម្មរបស់ចិន ដែលខ្លួនបានចាត់ទុកថាជា ការអនុវត្តយ៉ាងអយុត្តិធម៌បំផុត។ លើសពីនេះខ្លួនក៏បានទាមទារឲ្យចិនកែប្រែការអនុវត្តគោលនយោបាយពាណិជ្ជកម្មជាមួយក្រុងវ៉ាស៊ីនតោន ឲ្យបានប្រសើរជាងមុនផងដែរ៕