អន្តរជាតិ
អតីតមេទ័ពអាមេរិកព្រមានថា សង្គ្រាមរវាងអាមេរិកនិងចិនអាចផ្ទុះឡើងក្នុង១៥ឆ្នាំទៀត
× អតីតមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អឺរ៉ុប នៅថ្ងៃទី២៤ ខែតុលា បានព្រមានថា ក្រុងវ៉ាស៊ីនតោនទំនងជាអាចធ្វើសង្គ្រាមជាមួយចិន ក្នុងរយៈពេល១៥ឆ្នាំទៀត។
លោក Hodges ដែលសព្វថ្ងៃជាអ្នកជំនាញផ្នែកសិក្សាយុទ្ធសាស្ត្រមួយរូបនៃមជ្ឍមណ្ឌលសម្រាប់វិភាគគោលនយោបាយអឺរ៉ុបក្នុងទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកពុំមានសមត្ថភាពក្នុងការទប់ទល់នឹងការគំរាមកំហែងរបស់ក្រុងប៉េកាំង ទៅលើតំបន់អឹរ៉ុបនិងប៉ាស៊ីហ្វិកនោះឡើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP អតីតមេទ័ពអាមេរិករូបនេះ ក៏បានចាត់ទុកការតាំងចិត្តរបស់អាមេរិកចំពោះអង្គការយោធាណាតូថា «មិនងាយនឹងរង្គោះរង្គើបាន»។
ថ្លែងនៅក្នុងវេទិកាសន្តិសុខ វ៉ាសូវី ក្នុងប្រទេសប៊ូឡូញនៅថ្ងៃពុធ ឧត្តមសេនីយ៍ Ben Hodges បានលើកឡើងថា៖ «ខ្ញុំយល់ឃើញថាក្នុងរយៈពេល១៥ឆ្នាំខាងមុខ សង្គ្រាមរវាងអាមេរិក និងចិនអាចនឹងមិនកើតឡើង ប៉ុន្តែវាក៏មានភវនីយភាព (ភាពដែលអាចកើតមានឡើង) ខ្ពស់ផងដែរ ដែលយើងនឹងទៅធ្វើសង្គ្រាមជាមួយចិន»។
តាមពិតទៅ សមយុទ្ធរបស់អង្គការណាតូមួយដែលគ្រោងធ្វើឡើងនាបំណាច់ខែតុលានេះ ក្នុងប្រទេសន័រវែស គឺមានបំណងបង្ហាញសាច់ដុំ និងភាពជាធ្លុងមួយ ដើម្បីប្រឈមមុខនឹងការកើនឡើងឥទ្ធិពលរបស់រុស្ស៊ីក្នុងតំបន់អឺរ៉ុប ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ តុលាដល់ ថ្ងៃទី៧ វិច្ឆិកា។ ប្រតិបត្តិការយោធា Trident Juncture ទី១៨នេះ នឹងមានកងទ័ពប្រមាណ ៤៥០០០ ទៅ៥០០០០នាក់ចូលរួម។ សម្រាប់ព្រឹត្តិការណ៍យោធាដ៏ធំនេះ ត្រូវបានគេចាត់ទុកថា ជាប្រតិបត្តិការយោធាធំបំផុតមួយរបស់អង្គការណាតូ គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក។
ទាក់ទិននឹងសមយុទ្ធដ៏ធំរបស់អង្គការណាតូ លោក Hodges បានអះអាងថា នេះជាផលប្រយោជន៍របស់អាមេរិក ហើយរដ្ឋបាលលោកដូណាល់ ត្រាំ ច្បាស់ជាដឹងថា ខ្លួនត្រូវការសសរស្តមអឺរ៉ុបដ៏រ៉ឹងមាំបំផុតមួយ។ ថ្វីបើបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបពុំបានចំណាយលុយលើវិស័យការពារជាតិ ស្ថិរភាព និងសន្តិសុខក្តី ក៏អឺរ៉ុបនៅតែជាផលប្រយោជន៍ ដែលមិនអាចខ្វះបានរបស់សហរដ្ឋអាមេរិកដដែល។
« ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស ប្រាកដជាដឹងច្បាស់អំពីបញ្ហានេះ។ នាថ្ងៃខាងមុខយើងនឹងមើលឃើញក្រុងវ៉ាស៊ីនតោននៅតែបន្តធ្វើវិនិយោគក្នុងតំបន់អឹរ៉ុប, បន្តហ្វឹកហាត់ការចល័តកងទ័ព និងបញ្ជាឲ្យមានវត្តមានកងទ័ពអចិន្ត្រៃយន៍ក្នុងតំបន់នេះជាដើម។ ហើយចុងក្រោយក្នុងរយៈពេល១០ ឬ១៥ឆ្នាំទៀត យើងអាចនឹងមានសង្គ្រាមក្នុងតំបន់ប៉ាស៊ីហ្វិកថែមទៀតផង»។ នេះជាការបកស្រាយរបស់លោក Hodges ។
គួរបញ្ជាក់ផងដែរថា កងទ័ពអាមេរិក កាលពីឆ្នាំ២០១៧ បានបង្កើតបញ្ជាការដ្ឋានប្រចាំតំបន់អឺរ៉ុបថ្មីមួយរបស់ខ្លួនក្នុងប្រទេសប៊ូឡូញ។ គោលបំណងនៃការបង្កើតទីបញ្ជាការថ្មីនេះ គឺដើម្បីបញ្ជាកងទ័ពអាមេរិកជាង៦ពាន់នាក់ ដែលបានដាក់ពង្រាយក្នុងអង្គការណាតូ និងប្រតិបត្តិការនានារបស់មន្ទីរបញ្ជកោណអាមេរិកនៅក្នុងតំបន់ជួរមុខរបស់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។ គេមើលឃើញថា សកម្មភាពថ្មីនេះគឺជាការដាក់ពង្រាយធំបំផុតរបស់កងទ័ពអាមេរិកក្នុងតំបន់អឺរ៉ុប គិតចាប់ពីសម័យសង្គ្រាមត្រជាក់មក៕
Tag:
សហរដ្ឋអាមេរិក
ចិន
អង្គការណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com