អន្តរជាតិ
បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី​បាន​ទិន្នផល​ត្រី​ខ្ពស់​ជាងគេ បន្ទាប់ពី​ប្រើ​ធម៌​ក្តៅ​ប្រឆាំង​ទូក​នេសាទ​ខុសច្បាប់​បរទេស​
25, Oct 2018 , 8:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានប្រកាស​ពី​ភាពជោគជ័យ​របស់ខ្លួន​ក្នុងការ​អនុវត្ត​វិធានការ​ក្តៅ​ប្រឆាំង​បទល្មើស​នេសាទ ពិសេស​លើ​ក្រុម​អ្នកនេសាទ​បរទេស​ខុសច្បាប់​។ ការណ៍ ដែល​ក្រុង​ហ្សា​ការ​តា អាច​ហ៊ាន​អះអាង​បែបនេះ ដោយ​សម្អាង​លើ​ការធ្លាក់ចុះ នៃ​បទល្មើស ខណៈ​ទិន្នផល​នេសាទ និង​ចំណូល​ជាតិ កាន់តែ​ឡើង​ខ្ពស់ជាង​មុន​។

 
​នា​កិច្ចប្រជុំ​សន្តិសុខ​របស់​ប្រទេស លោកស្រី​រដ្ឋមន្ត្រី​កិច្ចការ​ដែនសមុទ្រ និង​នេសាទ Susi Pudjiastuti បាន​លើកឡើងថា គិត​ចាប់ពី​រដ្ឋបាល​ដឹកនាំ​របស់​រដ្ឋាភិបាល​ប​ច្ចុ​ប្បន្ន អនុវត្ត​វិធានការ​តឹងរឹង​ប្រឆាំង​ក្រុម​ទូក​នេសាទ​បរទេស​ក្នុង​ឆ្នាំ​២០១៥​មក សមិទ្ធផល​នៃ​ឧស្សាហកម្ម​នេសាទ​ជាតិ បាន​មាន​ភាពល្អប្រសើរ​ជាង​ពេលណា​ទាំងអស់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post នៅ​ថ្ងៃ​២២ តុលា​កន្លងទៅ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកស្រី​រដ្ឋមន្ត្រី បាន​លើកឡើងថា ទិន្នផល​នេសាទ បាន​កើន​ឡើងជា​មធ្យម ១២.៥ លាន​តោន ក្នុង​មួយឆ្នាំ ដែល​ចំនួន​នេះ កើនឡើង​គួរកត់សម្គាល់ បើ​ធៀប​នឹង​តួលេខ​មុន​ឆ្នាំ​២០១៥ ដែលមាន​ត្រឹម ៧.១ លាន​តោន​ប៉ុណ្ណោះ​។ តួលេខ (១២.៥ លាន​តោន​) នេះ​ផងដែរ ត្រូវបាន​លោកស្រី អះអាង ជា​ចំនួន​ខ្ពស់បំផុត​ហើយ នៃ​ទិន្នផល​នេសាទ បើ​ធៀប​នឹង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​។​
 
​ជាមួយគ្នានេះ​ផងដែរ លោកស្រី​រដ្ឋមន្ត្រី ក៏បាន​និយាយ​ដោយ​ប្រយោល​ថា ទន្ទឹមនឹង​ការកើនឡើង​របស់​ឥណ្ឌូណេស៊ី ថៃ និង​វៀតណាម បែរជា​ធ្លាក់ចុះ​គួរកត់សម្គាល់​គិត​ចាប់ពី​ឆ្នាំ​២០១៥​មក​។ « ដូច្នេះ ឥឡូវ យើង អាចសន្និដ្ឋាន​បាន​ដោយ​ខ្លួនឯង​ហើយ​ថា ប្រភព​ត្រី​នេសាទ របស់​ប្រទេស​ទាំងពីរ​នេះ មកពីណា​»​។ នេះ គឺជា​ការលើកឡើង​បែប​បញ្ឆិតបញ្ឆៀង​របស់​លោកស្រី​រដ្ឋមន្ត្រី​ទៅកាន់​ប្រទេសជិតខាង​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ចាប់ពី​ឆ្នាំ​២០១៥​មក រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo បានប្រកាស​ចាត់​វិធាន​តឹងរឹង​បំផុត​ប្រឆាំងនឹង​បទល្មើស​នេសាទ ពិសេស​នោះ​ក្រុម​អ្នកនេសាទ​បរទេស​តែម្តង​។ វិធានការ ដែល​ឥណ្ឌូណេស៊ី បាន​អនុវត្ត​ខ្លាំង​នោះ​គឺ ការ​ពន្លិច និង​ដុត​កម្ទេច​ទូត​នេសាទ​បរទេស​តែម្តង​។ កន្លងមក ទូក​នេសាទ​ខុសច្បាប់​បរទេស ដែល​ឥណ្ឌូណេស៊ី បាន​រឹបអូស​ច្រើនជាងគេ មាន​ប្រភព​មកពី​ម៉ាឡេស៊ី ថៃ និង​វៀតណាម​ជាដើម​។ 
 
​សម្រាប់​លោកស្រី​រដ្ឋមន្ត្រី ការបង្ក្រាប​តឹងរឹង​នឹង​ទូក​នេសាទ​បរទេស​បែបនេះ មិនមែន​មានន័យថា ឥណ្ឌូណេស៊ី បិទផ្លូវ​មិន​ឲ្យ​បរទេស​មក​នេសាទ​នៅ​ឥណ្ឌូណេស៊ី​នោះទេ ក៏ប៉ុន្តែ​លោកស្រី សង្កត់ធ្ងន់ថា បរទេស​អាចមក​វិនិយោគ​លើ​វិស័យ​នេសាទ​ឥណ្ឌូណេស៊ី​បាន តាមរយៈ​ការបើក ឬ​ដំណើរការ​ក្រុមហ៊ុន​នៅក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​ស្របតាម​ច្បាប់​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com