អន្តរជាតិ
អំបិល​អាស៊ី​ភាគច្រើន​ផ្ទុក​សារធាតុ​ប្លា​ស្ទិ​ក ដែល​អាច​បង្ក​ឲ្យ​មាន​«​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​»
25, Oct 2018 , 2:46 pm        
រូបភាព
ដោយ៖​ ​គី ចំណា
ប្រហែល ៩០%​នៃ​អំបិល​សម្ល ដែលមាន​លក់​ក្នុង​ទីផ្សារ​មាន​ផ្ទុក​សារធាតុ​ប្លា​ស្ទិ​ក ដែល​ហៅថា​មីក្រូ​ប្លា​ស្ទិ​ក (Microplastic) ហើយ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ផងដែរ​។ នេះ​បើតាម​ការសិក្សា​របស់​អង្គការ Greenpeace ដែល​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន The Star កាលពី​ថ្ងៃទី ២១ ខែតុលា​។

 
​របាយការណ៍​សិក្សា​ខាង​កើ​នេះ​បានបង្ហាញ អំបិល​សម្ល​ដែលមាន​លក់​ក្នុង​ទីផ្សារ​នៅ​ទ្វីបអាស៊ី មាន​ផ្ទុក​បរិមាណ​មីក្រូ​ប្លា​ស្ទិ​ក​ច្រើន ជាង​អំបិល​នៅ​បណ្តា​ទ្វីប​ដទៃទៀត​។ 
 
​សារធាតុ​មីក្រូ​ប្លា​ស្ទិ​ក​នេះដែរ គឺជា​បំណែក​ប្លា​ស្ទិ​ក​ល្អិតៗ ពិបាក​នឹង​មើល​ដោយ​ភ្នែក​ទទេ ដែលមាន​វត្តមាន​ក្នុង​ប្រភពទឹក​នានា​លើ​ពិភពលោក ហើយ​វា​កើតឡើង​ក៏​ដោយសារ​ការបំពុល​បរិស្ថាន រួមជាមួយ​ការ​ចោល​កាកសំណល់​រឹង​ទៅក្នុង​ប្រភពទឹក​ទាំងនោះ​ផង​។​
 
​ទិន្នន័យ​ខាងលើ​ដែល​រកឃើញថា អំបិល​នៅ​អាស៊ី​សម្បូរ​សារធាតុ​ប្លា​ស្ទិ​ក​នេះ គឺ​ផ្អែ​លើ​ការពិសោធន៍​របស់​អ្នកជំនាញ​លើ​ផលិតផល​អំបិល​ចំនួន ៣៩ ប្រភេទ​ដែល​នាំ​មកពី​២១​ប្រទេស ដែល​នៅ​ក្នុងនោះ​មាន​ប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ថៃ​ជាដើម​ផង​។​
 
​អំបិល​មកពី​ឥណ្ឌូណេស៊ី ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​សារធាតុ​មីក្រូ​ប្លា​ស្ទិ​ក​ច្រើន​ជា​គេ ក្នុងចំណោម​អំបិល​ផ្សេងទៀត ដែល​នាំមក​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អំបិល​ដែលមាន​ផ្ទុក​សារធាតុ​មីក្រូ​ប្លា​ស្ទិ​ក បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។ ក្រៅពី​ប្រភេទ​អំបិល​នេះ គេ​ក៏បាន​រកឃើញ​សារធាតុ​នេះ​នៅក្នុង​អាហារ​សមុទ្រ ទឹក​ប្រើប្រាស់ និង​សត្វមានជីវិត​ដទៃទៀត​ជាច្រើន​ដែរ​។​
 
​តាមពិតទៅ វា​ជា​រឿង​មួយ​ដែល​លំបាក ក្នុងការ​ទប់ស្កាត់​និង​ដោះស្រាយ​ណាស់​។  ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ Incheon លោក Kim Seung Kyu បាន​ប្រាប់​ពន្យល់ថា គេ​អាច​កាត់បន្ថយ​បញ្ហា​សារធាតុ​ប្លា​ស្ទិ​ក​ទាំងនេះ​បាន ដោយ​ការបន្ថយ​ការ​ចោល​សំរាម និង​ការគ្រប់គ្រង​សំរាម​ឲ្យ​បានល្អ មិន​ឲ្យ​មាន​វត្តមាន​ក្នុង​បរិស្ថាន​ធម្មជាតិ​ច្រើនពេក​នោះ​៕
 

Tag:
 បរិស្ថាន​
  អំបិល​
  អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com