អន្តរជាតិ
លោកអូប៉ាម៉ា និងលោកស្រីគ្លីនតុន ស្ថិតក្នុងចំណោមគោលដៅនៃការបំផ្ទុះគ្រាប់បែក
× អតីតប្រធានាធិបតីអាមេរិកទី៤៤ លោក ប៉ារ៉ាក់ អូប៉ាម៉ា និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីឡារី គ្លីនតុន បានស្ថិតក្នុងចំណោមគោលដៅនៃការបំផ្ទុះគ្រាប់បែក ដែលប៉ុនប៉ង់ដាក់បំផ្ទុះទៅកាន់សមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ និងទីស្នាក់ងារ CNN ។ សម្រាប់ទង្វើនេះភ្នាក់ងារ FBI របស់អាមេរិក នៅថ្ងៃទី២៤ ខែតុលា បានបើកការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងបំផុត និងចាត់ទុកសកម្មភាពនេះថា ជាអំពើភេរវកម្ម។
នៅថ្ងៃពុធ ទី២៤ ខែតុលា យ៉ាងហោចណាស់ប្រអប់គួរឲ្យសង្ស័យចំនួនប្រាំបី ត្រូវបានគេឃាត់ទុក មុននឹងវាត្រូវបានបញ្ជូនទៅដល់ទីតាំងសមាជិកបក្សប្រជាធិបតេយ្យសំខាន់ៗ ក្នុងនោះរួមមាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកក្នុងអាណត្តិលោក អូប៉ាម៉ា លោក Eric Holder និងអតីតប្រធានភ្នាក់ងារចារកម្ម CIA លោក John Brennan ជាដើម។
ប្រអប់ពីរផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់សមាជិកសភាជាន់ខ្ពស់អាមេរិកប្រចាំរដ្ឋ California លោកស្រី Maxine Waters ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បច្ចប្បន្ននេះ ក្រុមអ្នកស៊ើបអង្គេតកំពុងព្យាយាមកំណត់ទីតាំងប្រអប់គួរឲ្យសង្ស័យផ្សេងៗទៀត ដែលពួកគេជឿជាក់ថា ប្រអប់នោះគឺសំដៅទៅកាន់អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ។
អតីតប្រធានាធិបតីអាមេរិកទី៤៤ លោក ប៉ារ៉ាក់ អូប៉ាម៉ា និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីឡារី គ្លីនតុន បានស្ថិតក្នុងចំណោមគោលដៅនៃការបំផ្ទុះគ្រាប់បែក ដែលប៉ុនប៉ងដាក់បំផ្ទុះទៅកាន់សមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ និងទីស្នាក់ងារ CNN ។ នេះបើតាមការចុះផ្សាយរបស់Reuters។
យ៉ាងណាមិញ ពុំមានប្រអប់គ្រាប់បែកទាំងប្រាំបីនោះបានផ្ទុះនោះឡើយ ហើយគ្មាននរណាម្នាក់រងរបូសនោះទេ។ ភ្លាមៗក្រោយហេតុការណ៍នេះ គេមិនទាន់ឃើញមានអ្នកណាចេញមុខមកទទួលខុសត្រូវនោះឡើយ។
ប៉ុន្តែព័ត៌មាននៃការគំរាមកំហែងដោយការបំផ្លុងគ្រាប់បែកនេះ បានបង្កភាពតានតឹងកាន់តែខ្លាំងឡើងៗនៅក្នុងប្រទេស ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិកាន់តែខិតជិតមកដល់ គឺនៅថ្ងៃទី០៦ ខែវិច្ឆិកានេះហើយនោះ។
ក្រោយកើតហេតុ គេឃើញមាន សមាជិកបក្សប្រជាធិបតេយ្យជាន់ខ្ពស់មួយចំនួនបានចេញមុខ ទម្លាក់កំហុសលើលោកប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ។ ប៉ុន្តែ ថ្លែងទៅកាន់ហ្វូងអ្នកគាំទ្រក្នុងរដ្ឋ Wisconsin នៅថ្ងៃទី២៤ ខែតុលា លោក ដូណាល់ ត្រាំ បានឆ្លើយតបវិញថា រដ្ឋបាលរបស់លោកនឹងចាត់ចែងការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់បំផុតមួយជុំវិញបញ្ហានេះ៕
Tag:
សហរដ្ឋអាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com