ជាតិ
បេក្ខជន ឌូ ពុធ​មូលី​តា តំណាង​កម្ពុជា ដែល​ទៅ​ប្រកួត​ផាត់មុខ​លំដាប់​ពិភពលោក​
27, Oct 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ អ្នកនាង ឌូ ពុធ​មូលី​តា គឺជា​បេក្ខជន​តំណាងឱ្យ​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​កម្មវិធី​ប្រកួត​ផាត់មុខ​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក មាន​ឈ្មោះថា IMATS battle of the brushes ជ្រើសរើស​ឱ្យចូល​ប្រកួត​ផាត់មុខ​ក្នុង​កម្មវិធី​របស់ខ្លួន​។ បេក្ខជន​រូបនេះ​ត្រូវបាន​គណៈកម្មការ ជ្រើសរើស​ឱ្យចូល​រួម​ប្រកួត​២​វិញ្ញាសា​តែម្ដង​។​

 
​អ្នកនាង ឌូ ពុធ​មូលី​តា នឹងត្រូវ​ចូលរួម​ប្រកួត​ផាត់មុខ​ក្នុង​កម្មវិធី IMATS battle of the brushes  ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៧-១៨ ខែវិច្ឆិកា​ឆ្នាំ​២០១៨​ខាងមុខនេះ​។ វា​ជា​សមត្ថភាព​ដ៏​កម្រ​មួយ​សម្រាប់​បេក្ខជន​កម្ពុជា ដែលមាន​លទ្ធភាព​ធ្វើឱ្យ​គណៈកម្មការ​ពេញចិត្ត​ជ្រើសរើស​នាង ដើម្បី​ប្រកួតប្រជែង​ផាត់មុខ​ដល់​ទៅ​២​ប្រធានបទ ស្រប​ពេលដែល​បេក្ខជន​ខ្លះ​មិន​ជាប់​។ វិញ្ញាសា​២​ដែល​ត្រូវ​ប្រកួតប្រជែង មាន​ផាត់មុខ​បែប​ស្អាត​(beauty) និង​បែប​គួរឱ្យខ្លាច​(special effect) ។ ប្រធានបទ​ផាត់​បែប​ស្អាត​គឺ «​ម្ចាស់​ព្រៃ​» និង​ផាត់មុខ​បែប​អាក្រក់​គឺ «​មនុស្ស​យន្ត​»​។​


 
​ពុធ​មូលី​តា ដែល​គេ​ច្រើន​ស្គាល់​ឈ្មោះថា Apple Love   ទទួលបាន​អាហារ​រូបករណ៍​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក ជំនាញ​ផាត់មុខ​បែប​ស្អាត​(beauty) និង​បែប​គួរឱ្យខ្លាច​(special effect) រយៈពេល​៨​ខែ នៅ​សាលា Cinema Makeup School​។   


 
​ក្រោយពី​ធ្លាប់​ធ្លាក់​ក្នុងការ​ជ្រើសរើស​ពីមុនមក ពុធ​មូលី​តា បាន​ព្យាយាម​ស្រាវជ្រាវ​ឯកសារ​ជាច្រើន​ទាក់ទង​នឹង​កម្មវិធី​ប្រកួត​និង​ការ​ផាត់មុខ ព្រមទាំង​សួរ​យោបល់​ពី​អ្នកជំនាញ​ផាត់មុខ ដែល​ធ្លាប់​ទទួលបាន​ពាន​អូ​ស្កា​បន្ថែម​ផង ដើម្បី​ជា​ជំនួយ​ដល់​ការដាក់​ពាក្យ​ជាថ្មី​។ បន្ទាប់ពី​ដាក់ពាក្យ​ម្ដងទៀត មូលី​តា ក៏ត្រូវ​បានជ្រើសរើស​ឱ្យ​ជាប់​ទៅ​ប្រកួតប្រជែង​ទាំង​២​វិញ្ញាសា​តែម្ដង ដែល​នាង​ថា វា​ស្ទើរតែ​មិន​ជឿ​លើ​ខ្លួន ជាប់​ក្នុងការ​ជ្រើសរើស​នេះ​។


 
​កញ្ញា ពុធ​មូលី​តា បញ្ជាក់បន្ថែម​៖ «​ខ្ញុំ​ឃើញ​ឈ្មោះ​ខ្ញុំ​ជាប់​ប្រកួត​ដល់​ទៅ​២​មុខ ខ្ញុំ​ភ្ញាក់ផ្អើល​។ ខ្ញុំ​គិតថា​ប្រហែលជា​គេ​ដាក់ឈ្មោះ​ខ្ញុំ​ច្រឡំ​ហើយ តែ​ដល់​ខ្ញុំ​ទៅ​សួរ​ខាង​សាលា គេ​ប្រាប់ថា​កម្មវិធី​ពិតជា​បានជ្រើសរើស​ឈ្មោះ​ខ្ញុំ​ឱ្យ​ប្រកួត​២​មុខ​មែន ព្រោះ​គេ​ឃើញថា​ស្នាដៃ​ខ្ញុំ​គួរឱ្យ​ចាប់អារម្មណ៍​»​។ ​


 
​នេះ​ជា​ក្ដី​សុបិន​ដែលមាន​តាំងពី​យូរ​មកហើយ​របស់​អ្នកនាង ពុធ​មូលី​តា ដែល​ប្រាថ្នា​ចង់​ចូល​ប្រកួតប្រជែង​ផាត់មុខ ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​បែបនេះ​។ មូលី​តា បញ្ជាក់​៖«​កម្មវិធី​ត្រូវ​ការឱ្យ​យើង​ថតរូប​ឱ្យគេ​២០​សន្លឹក ជា​រូប​ដែល​យើង​ផាត់មុខ​ដោយ​ខ្លួនឯង និង​ថត​ដោយ​ខ្លួនឯង​ទៀត​។ ហើយ​ខ្ញុំ​ត្រូវ​ស្រាវជ្រាវ​មូ​ដ​សម្លៀកបំពាក់ ព័ណ៌​ផាត់ និង​មកុដ ព្រមទាំង​បញ្ចូល​អត្ថន័យ​ឱ្យ​ស័ក្តិសម​ផង​។ ក្រៅពីនោះ​ខ្ញុំ​ត្រូវ​ហ្វឹកហាត់​ផាត់មុខ ដើម្បី​ផ្ទៀង​នាទី ថា​ខ្ញុំ​អាចធ្វើ​ទាន់ពេល​ដែល​គេ​កំណត់​ឬទេ​»​។


 
​ជាការ​រំពឹងទុក ឌូ ពុធ​មូលី​តា សង្ឃឹមថា​ខ្លួន​អាច​នឹង​ជាប់​ក្នុង​កម្មវិធី​ប្រកួតប្រជែង ដែលមាន​សាលា​ផាត់មុខ​ល្បីៗ​នៅ​ទូទាំង​ពិភព​ល​លោក​ចូលរួម​នេះ​។ តែ​ទោះជា​លទ្ធផល​បាន​យ៉ាងណាក៏ដោយ ក៏ មូលី​តា ពេញចិត្ត ព្រោះ​នាង​បាន​ព្យាយាម​អស់ពី​លទ្ធភាព​។ «​ខ្ញុំ​មាន​ក្ដី​សង្ឃឹមថា ខ្ញុំ​អាច​នឹង​ជាប់ ព្រោះ​បើតាម​មើល​ស្នាដៃ​របស់ខ្ញុំ​ក៏​គ្រាន់បើ​ដែរ ម្យ៉ាង​ខ្ញុំ​បាន​ស្រាវជ្រាវ​ច្រើន​។ តែ​ទោះជា​បាន​លទ្ធផល​យ៉ាងណា ក៏​ខ្ញុំ​បាន​ព្យាយាម​អស់​លទ្ធភាព​ដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់ ឌូ ពុធ​មូលី​តា​៕




 

Tag:
 ភ្នំពេញ ឌូ ពុធ​មូលី​តា​
  ផាត់មុខ​
  Apple Love
© រក្សាសិទ្ធិដោយ thmeythmey.com