អន្តរជាតិ
ចិន​ចាត់ទុក​ការ​ចោទថា​ខ្លួន​លួច​ស្ដាប់​ការសន្ទនា​លោក ត្រាំ ជា​រឿង​ក្លែងបន្លំ​
26, Oct 2018 , 11:22 am        
រូបភាព
រូបភាព The White House - Copy
រូបភាព The White House - Copy
​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៥ ខែតុលា បាន​ទាត់ចោល​អត្ថបទ​មួយ​របស់​កាសែត​អាមេរិក The New York Time ដែល​ចោទ​ខ្លួន​ថា បាន​លួច​ស្ដាប់​ការនិយាយ​តាម​ទូរ​សព្ទ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ ផ្ទាល់ ក៏​បដិសេធ​ព័ត៌មាន​នេះដែរ​។ ដោយ​ស្រង់​របាយការណ៍​របស់​ចារកម្ម​អាមេរិក កាសែត​នេះ​សរសេរថា ចិន​បាន​លួច​ស្ដាប់​លោក ត្រាំ ញឹកញាប់​ដើម្បី​រក​ព័ត៌មាន​សំខាន់ៗ​។ ប៉េកាំង​ក៏​ប្រាប់​ឲ្យ​ប្រធានាធិបតី​អាមេរិក ប្រើ​ទូរ​សព្ទ​ចិន​វិញ បើ​ចង់​ការពារ​ការ​លួច​ស្ដាប់​។​

 
​ជា​រឿង​ក្លែងបន្លំ​។ នេះ​ជា​ចម្លើយ​របស់​ក្រុង​ប៉េកាំង​ទៅនឹង​អត្ថបទ​មួយ​របស់​កាសែត​អាមេរិក The New York Time ជុំវិញ​របាយការណ៍រ​បស់​ក្រុម​ចារកម្ម​អាមេរិក​ដែល​អះអាងថា ចិន និង​រុស្ស៊ី​បាន​លួច​ស្ដាប់​ទូរ​សព្ទ​ឯកជន​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ក្រោយ​ការចេញផ្សាយ​បែបនេះ លោក ត្រាំ វិញ​ក៏បាន​ហៅ​ព័ត៌មាន​នេះ​ជា​រឿង​មិន​ពិត និង​បកស្រាយ​ថា លោក​ប្រើតែ​ទូរ​សព្ទ​ដែល​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ 
 
​នៅ​ក្រុង​ប៉េកាំង ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៥ ខែតុលា លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បានចាត់ទុក​អត្ថបទ​ព័ត៌មាន​ខាងលើ ជាការ​ប្រឹងប្រែង​របស់​មនុស្ស​មួយចំនួន​នៅ​អាមេរិក​ដើម្បី​ធ្វើជា​ម្ចាស់​ពាន​សម្ដែង​ល្អ​ជាងគេ​។ ដោយ​ចាត់ទុក​ព័ត៌មាន​នេះ​ជា​រឿង​ក្លែងក្លាយ លោកស្រី Hua និយាយថា កាសែត The New York Times គួរ​ដឹងថា ការណ៍​ដែល​ខ្លួន​ចុះផ្សាយ​ព័ត៌មាន​បែបនេះ នឹង​ក្លាយជា​ភស្តុតាង​បង្ហាញ​ពី​ការបង្កើត​ព័ត៌មាន​ក្លែងបន្លំ​ប៉ុណ្ណោះ​។​
 
​ក្នុងន័យ​ដឺ​ដង​ឲ្យ​អាមេរិក អ្នកនាំពាក្យ​ខាងលើ​បានស្នើ​ឲ្យ​លោក ត្រាំ ប្ដូរ​ទៅប្រើ​ទូរ​សព្ទ​របស់​ក្រុមហ៊ុន​ចិន​វិញ បើ​ចង់​ចៀសវាង​ការ​លួច​ស្ដាប់​ណាមួយ​ពី​ការប្រើ​ទូរ​សព្ទ​របស់​អាមេរិក​។ ទំនង​ចង់​អួត​ពី​គុណភាព​ផលិតផល​ចិន លោកស្រី Hua បាន​ដៀមដាម​ទៀតថា​៖ «​ប្រសិនបើ​បារម្ភ​ថា ទូរ​សព្ទ iPhone អាចមាន​អ្នក​លួច​ស្ដាប់​នោះ ពួកគេ​អាច​ប្រើ​ទូរ​សព្ទ Huawei វិញ​បាន ហើយ​ដើម្បី​ធានា​ពី​សុវត្ថិភាព​មែនទែន​នោះ ពួកគេ​គួរ​ឈប់​ប្រើ​ផលិត​ទំនើបៗ ហើយ​ផ្ដាច់ខ្លួន​ពី​ពិភពលោក​ទាំងមូល​ទៅ​។​»
 
​តាមពិតទៅ លោក ត្រាំ មាន​ទម្លាប់​ប្រើប្រាស់​ទូរ​សព្ទ​ឯកជន​របស់លោក ដែល​ធ្វើ​ឲ្យ​មន្ត្រី​អាមេរិក​ជាច្រើន​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​។ សហគមន៍​ចារកម្ម​របស់​អាមេរិក​អះអាង​ជាច្រើនលើក​ថា ក្រុង​ប៉េកាំង និង​ក្រុង​មូ​ស្គូ ពិតជា​លួច​ស្ដាប់​ទូរ​សព្ទ iPhone របស់លោក ត្រាំ មែន ហើយ​ព្យាយាម​រក​ព័ត៌មាន​នានា ជាពិសេស​គោលនយោបាយ​សំខាន់ៗ​របស់​អាមេរិក​។ 
 
​អតីត​បុគ្គលិក និង​មន្ត្រី​អាមេរិក​បច្ចុប្បន្ន សុទ្ធតែ​លើកឡើង​ស្របគ្នា​ថា ព័ត៌មាន​ទាក់ទង​ជម្លោះ​ពាណិជ្ជកម្ម គឺជា​គោលដៅ​របស់​ចិន​។ ក្នុង​អត្ថបទ​ព័ត៌មាន​របស់​កាសែត​អា​មេ​រក​ខាងលើ មន្ត្រី​អាមេរិក​បាន​បង្ហើប​ទៀតថា ក្រុង​ប៉េកាំង​បង្កើត​បញ្ជី​ឈ្មោះ​មួយ​ដែល​រួមបញ្ចូល​បុគ្គល​និយាយ​ទូរ​សព្ទ​ជាប្រចាំ​ជាមួយ​លោក ត្រាំ ក្នុងន័យ​អូសទាញ​ពួកគេ​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​ប្រធានាធិបតី​៕
 

Tag:
 ​ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com