ជាតិ
រដ្ឋាភិបាល​ស្វី​ស​ផ្ដល់ប្រាក់​១២​លាន​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា រយៈពេល​៣​ឆ្នាំ​
26, Oct 2018 , 7:19 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ស្វី​សនឹង​ផ្ដល់ប្រាក់​១២​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា រយៈពេល​៣​ឆ្នាំ​។ នេះ​បើតាម​លោក​ឯកអគ្គរដ្ឋទូត​ស្វី​ស​ប្រចាំ​កម្ពុជា​លោក IVO SIEBBER ថ្លែង​ទៅកាន់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​។

 
​នៅ​រយៈពេល​៣​ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៩-២០២១ រដ្ឋាភិបាល​ប្រទេស​ស្វី​ស នឹង​បន្ត​ផ្ដល់​ថវិកា​ប្រមាណ ១២​លាន​ដុល្លារ សម្រាប់​បន្ត​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ នៅក្នុង​កិច្ចពិភាក្សា​នោះ ឯកអគ្គរដ្ឋទូត​ស្វី​ស​ប្រចាំ​កម្ពុជា បាន​សន្យា​ផ្ដល់ជំនួយ​បច្ចេកទេស ដល់​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ប្រសិនបើ​មាន​តម្រូវការ​។​
 
​ជាមួយគ្នានេះ​លោក​ឯកអគ្គរដ្ឋទូត​ស្វី​ស​ប្រចាំ​កម្ពុជា បានស្នើ​ដល់​រដ្ឋាភិបាល​រៀបចំ​ឯកសារ ឬ​ប្រតិបត្តិការ​នានា​ដែល​មន្ទីរពេទ្យ បានកកើតឡើង​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការខិតខំ​របស់លោក​វេ​ជ្ជ​បណ្ឌិត BEAT RICHNER ដើម្បី​ទុកជា​ឯកសារយោង​នៃ​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​
 
​ជាការ​ឆ្លើយតប លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកឡើងថា កន្លងមក រដ្ឋាភិបាល​ក៏បាន​បង្កើត​គណៈកម្មកា​រ​សិក្សា​លើ​កិច្ចការ​នេះ​ម្ដង​ហើយ ដោយមាន​ការចូលរួម​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ បន្ថែម​ពីនេះ ក្រសួងសុខាភិបាល និង​ផ្ដល់ដំណឹង​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សូម​ឲ្យ​ភាគី​ស្វី​ស​ចូលរួម​ពិភាក្សា ដើម្បី​ស្វែងរក​ចំណុចរួម​លើ​កិច្ចការងារ​នេះ​៕

Tag:
 ​សុខាភិបាល​
 ​គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com