អន្តរជាតិ
លោក អា​បេ ថា ជប៉ុន និង​ចិន​មាន​ភាពជា​ដៃគូ មិនមែន​ការគំរាមកំហែង​គ្នា​ទេ
26, Oct 2018 , 8:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ចាប់ដៃសមភាគីជប៉ុន ស៊ីនហ្សូ អាបេ (រូបភាព AFP)
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ចាប់ដៃសមភាគីជប៉ុន ស៊ីនហ្សូ អាបេ (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ និង​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង នៅ​ថ្ងៃទី​២៦ ខែតុលា បានប្រកាស​ពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​។ ការប្រកាស​ធ្វើឡើង អំឡុង​ទស្សនកិច្ច​របស់លោក អា​បេ នៅ​រដ្ឋធានី​ប៉េកាំង ដែលជា​ទស្សនកិច្ច​លើកដំបូង​របស់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​នៅ​ចិន​។ មេដឹកនាំ​ជប៉ុន និង​ចិន​ចាត់ទុក​ទំនាក់ទំនង​ទ្វេភាគី​ដែល​កំពុង​ល្អប្រសើរ ជា​កត្តា​សំខាន់​សម្រាប់​ស្ថិរភាព​ក្នុង​តំបន់​។​

 
​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ច្រើន​៥០០ ត្រូវបាន​ចុះហត្ថលេខា​នា​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ទឹកដី​ចិន​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៥ ខែតុលា​។ ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ទីមួយ​ជាន់​ទឹកដី​ចិន​ក្នុង​រយៈពេល​៧​ឆ្នាំ ដំណើរ​ទស្សនកិច្ច​រប​ស់លោក អា​បេ ធ្វើឡើង​ស្របពេល​ដែល​ទំនាក់ទំនង​ទ្វេភាគី​ជប៉ុន និង​ចិន​ល្អប្រសើរ​វិញ បន្ទាប់ពី​ល្អក់កករ​ខ្លាំង​ជុំវិញ​ជម្លោះទឹកដី​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​។​
 
​លោក អា​បេ ត្រូវបាន​សម​ភាគី​ចិន​លោក លី ខឹ​ឈាំ​ង ស្វាគមន៍​ខាងមុខ​មហា​វិមាន​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង មុននឹង​បើក​ជំនួប​ចរចា​ផ្លូវការ​។ ក្រោយ​ជំនួប​ថ្ងៃទី​២៦ ខែតុលា លោក លី បានប្រកាស​ពី​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែល​ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្នៃប្រឌិត​ថ្មី ការការពារ​បរិស្ថាន សុខាភិបាល និង​សង្គមកិច្ច​។

ចិន និង​ជប៉ុន ក៏​ឯកភាព​លើ​ការអនុវត្ត​ឡើងវិញ​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​រូបិយវត្ថុ​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា កិច្ចព្រមព្រៀង​ដ៏​ច្រើន​នេះ​មានតម្លៃ​២.៦​ពាន់​ដុល្លារ​។​
 
​សូមបញ្ជាក់ថា នា​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​នៅ​ប៉េកាំង លោក អា​បេ បាន​នាំយក​ប្រតិភូ​ជិត​១​ពាន់​នាក់​មកពី​បណ្ដា​ក្រុមហ៊ុន​ជាច្រើន​នៅ​ជប៉ុន​។ សម្រាប់​បណ្ដា​ពាណិជ្ជករ​ជប៉ុន ចិន​ដែលមាន​ប្រជាជន​ជាង​១.៣​ពាន់​លាន​នាក់ គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ទំនិញ​របស់​ពួកគេ​។ ឯ​ចិន​វិញ​ក៏​ត្រូវការ​បច្ចេកវិទ្យា​ទំនើបៗ​របស់​ជប៉ុន និង​បច្ចេកទេស​ដ៏​ជឿនលឿន​របស់​ជប៉ុន​ដែ​រ​។ 
 
​នា​សន្និសីទ​សារព័ត៌មាន លោក លី ដែល​ឈរ​អមដោយ​លោក អា​បេ និយាយថា វា​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​ក្នុងការ​រក្សា​ទំនាក់ទំនង​យូរអង្វែង​ប្រកបដោយ​ស្ថិរភាព ហើយ​ដែល​នឹង​ផ្ដល់​ប្រយោជន៍​សម្រាប់​ស្ថិរភាព​តំបន់​ដែរនោះ​។ មេដឹកនាំ​ចិន និង​ជប៉ុន​ក៏​ឯក​ភាពមិន​គំរាមកំហែង​គ្នា​ទៅមក ហើយ​ប្រើប្រាស់​យន្តការ​ដែលមាន​ប្រយោជន៍​ដើម្បី​លុបបំបាត់​ជម្លោះ ឬ​ការខ្វែងគំនិត​គ្នា​រវាង​ប្រទេស​ទាំងពីរ​។​
 
​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ក៏​បង្ហាញ​ជំហរ​ដូចគ្នា​នឹង​សម​ភាគី​ចិន​របស់ខ្លួន​ក្នុងការ​បញ្ឈប់​សកម្មភាព​ទាំងឡាយ​ដែលជា​ការគំរាមកំហែង​ភាគី​ផ្សេងទៀត ព្រោះ​ចិន និង​ជប៉ុន​ជា​អ្នកជិតខាង និង​ជា​ដៃគូ​សហការគ្នា​។ ក្នុង​សន្និសីទ​ខាងលើ លោក អា​បេ បញ្ជាក់ថា ធម្មជាតិ​នៃ​ទំនាក់ទំនង​តូ​ក្យូ និង​ប៉េកាំង បាន​ផ្លាស់ប្ដូរ​ពី​ការប្រកួតប្រជែង​ទៅ​កិច្ចសហប្រតិបត្តិការ ដែល​បាន​ចូលដល់​ដំណាក់កាល​ថ្មី ហើយ​ប្រទេស​ទាំងពីរ​ចង់​ពង្រីក​ឲ្យ​កាន់​ធំ​ថែមទៀត​។​
 

Tag:
 ​ចិន​
  ជប៉ុន​
  ស៊ីន​ហ្សូ អា​បេ​
  លី ខឹ​ឈាំ​ង​
© រក្សាសិទ្ធិដោយ thmeythmey.com