អន្តរជាតិ
បែលហ្ស៊ិក​ត្រៀម​ទិញ​យន្តហោះ​ចម្បាំង F-35 អាមេរិក ជំនួស​យន្តហោះ Typhoon អឺរ៉ុប​
26, Oct 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បែលហ្ស៊ិក​បានបញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥ ខែតុលា​ថា ខ្លួន​ត្រៀម​ទិញ​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 ពី​អាមេរិក ជំនួស​ឲ្យ​ការទិញ​យន្តហោះ​ចម្បាំង Eurofighter Typhoon របស់​អឺរ៉ុប ។ វា​ជាស​ញ្ញា​មួយ​ដែល​បង្ហាញថា បំណង​សហភាព​អឺរ៉ុប​ក្នុង​ការកសាង​វិស័យ​ការពារជាតិ​ផ្ទាល់ខ្លួន​រួមគ្នា​នោះ​កំពុង​រសាត់​ឆ្ងាយ​បន្តិច​ម្តង​។


 
​បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ នៅត្រឹម​ឆ្នាំ ២០២៣ ខែ​មុខ​រដ្ឋាភិបាល​បែលហ្ស៊ិក​នឹង​ចុះ​កិច្ចព្រមព្រៀង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​អាមេរិក Lockheed Martin ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​គេចផុត​រ៉ា​ដា F-35​។ យន្តហោះ F-35 នេះ​អាច​នឹង​ជំនួស​យន្តហោះ​ចម្បាំង​ចាស់ៗ​ម៉ូ​ដែល F-16 ដែល​បែលហ្ស៊ិក​កំពុង​ប្រើប្រាស់​នោះ​។ 
 
​បើតាម​ការផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AFP បែលហ្ស៊ិក​បច្ចុប្បន្ន​ជ្រើស​រើសយក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ជំនួស​ឲ្យ​យន្តហោះ​ចម្បាំង​របស់​អឺរ៉ុប Eurofighter Typhoon​។ ប៉ុន្តែ​ខាង​ក្រុម​អ្នក​រិះគន់​បាន​អះអាងថា ការ​ងាក​ទៅ​ទិញ​អាវុធ​ពី​អាមេរិក​ជំនួស​ផលិតផល​អឺរ៉ុប​ជាស​ញ្ញា​មិនល្អ ព្រោះ​សហភាព​អឺរ៉ុប​តែង​អះអាងថា ខ្លួន​ចង់​មាន​យុទ្ធសាស្ត្រ​និង​អំណាច​យោធា​ឯករាជ្យ និង​ស្វ័យភាព​នោះ​។   
 
​តាម​បណ្តាញ​សង្គម Twitter ក្រុមហ៊ុន Lockheed Martin បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែរ ដោយ​ប្រកាសថា ខ្លួន​រំពឹង​ទៅ​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​បែលហ្ស៊ិក និង​ក្រុមហ៊ុន​ឧស្សាហកម្ម​បែលហ្ស៊ិក​ផងដែរ​នៅពេល​អនាគត​។ 
 
​ប៉ុន្តែ​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក​លោក Charles Michel បាន​ព្យាយាម​សម្រួល​ស្ថានការណ៍ និង​ព្យាយាម​ច្រានចោល​មតិ​រិះគន់​បែលហ្ស៊ិក​ដែល​នឹង​ចំណាយលុយ​ទិញ​អាវុធ​អាមេរិក​នេះដែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយនា​ថ្ងៃ​ព្រហស្បតិ៍​លោក​បាន​ពន្យល់ថា បែលហ្ស៊ិក​តែងតែ​ទិញ​អាវុធ​ពី​អាមេរិក និង​អឺរ៉ុប​ដើម្បី​បំពេញតម្រូវការ​យោធា​ក្នុងស្រុក ដោយ​មិនមែន​ទិញ​តែ​ពី​ម្ខាង​អត់​ម្ខាង​ឡើយ​។ 
 
​នាយករដ្ឋមន្ត្រី​ខាងលើ​បន្ថែមថា បែលហ្ស៊ិក​កំពុង​បញ្ជា​ទិញ​យន្តហោះ​ដ្រូ​ន នាវាចម្បាំង ឧបករណ៍​សម្អាត​មីន និង​រថយន្តយោធា​ក្រោម​ក្របខណ្ឌ​ណា​តូ និង​បណ្តា​ពី​ប្រទេស​អឺរ៉ុប​ផងដែរ​។​
 
«​យន្តហោះ​ចម្បាំង និង​ដ្រូ​ន​គឺ​របស់​អាមេរិក ហើយ​សម្ភារ​ផ្សេងទៀត​គឺ​នាំ​មកពី​អឺរ៉ុប​។ បែលហ្ស៊ិក​បាន​ផលចំណេញ​សេដ្ឋកិច្ច​ពី​ការទិញ​បែបនេះ​»​។ លោក Michel និយាយ​បែបនេះ​។ 
​រដ្ឋមន្ត្រីការបរទេស​បែ​ល​ហ្ស៊ិ​ល​លោក Didier Reynders បាន​អះអាងថា អាមេរិក​អាច​ផ្តល់​សព្វាវុធ​ដែលមាន​គុណភាព និង​តម្លៃ​ល្អ ដែល​វា​ជាមួយ​ហេ​តុល​មួយ​ធ្វើ​ឲ្យ​បែលហ្ស៊ិក​ចាប់ចិត្ត​។​
 
​តាមពិតទៅ ប្រភេទ​យន្តហោះ​Eurofighter ដែល​មិនសូវ​ទាក់ចិត្ត​បែលហ្ស៊ិក​នេះ ត្រូវបាន​អភិវឌ្ឍ​ដោយ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន  Finmeccanica និង​ក្រុមហ៊ុន Airbus​។ យ៉ាងណា​ក៏ដោយចុះ បារាំង​ដែលជា​មេដឹកនាំ​អឺរ៉ុប​នោះ​ទំនងជា​មិន​សប្បាយចិត្ត​ប៉ុន្មាន​ទេ​ដែល​ឃើញ​បែលហ្ស៊ិក​សម្រេចចិត្ត​ដោយ​មើលរំលង​សព្វាវុធ​រប​ស់​អឺរ៉ុប​បែបនេះ​។ 
 
​គេ​នៅ​ចាំបាន​ថា បារាំង ក៏ដូចជា​អាល្លឺម៉ង់​កាលពី​ឆ្នាំមុន​បានសម្រេច​ជំរុញ​ឲ្យ​មានការ​ដាក់ចេញ​នូវ​កិច្ចសហប្រតិបត្តិការ​អចិន្ត្រៃយ៍​លើ​កិច្ចការ​ការពារជាតិ (PESCO) ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ការពឹង​ពាក់​លើ​អាមេរិក​លើ​វិស័យ​ការពារជាតិ​៕
 

Tag:
 បែលហ្ស៊ិក​
  F-35
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com