ជាតិ
សេដ្ឋកិច្ច
សេដ្ឋកិច្ចកម្ពុជាមានទំហំ ២៤,៥ ពាន់លានដុល្លារនៅឆ្នាំ២០១៨នេះ
× ភ្នំពេញ៖ ទំហំសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨នេះមានតម្លៃទឹកប្រាក់ ២៤,៥៥២ លានដុល្លារអាមេរិក ជាមួយនឹងកំណើន ៧ភាគរយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៦ខែតុលា ស្ដីពីសេចក្ដីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ២០១៩។
ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា បានឈានដល់ទំហំ ២៤,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៨នេះ ដែលគិត GDP ក្នុងមនុស្សម្នាក់ គឺ ១៥៦៣ ដុល្លារ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលខាងលើ ដែលត្រូវបានបង្ហោះផ្សាយនៅលើហ្វេសប៊ុកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។
សេចក្ដីថ្លែងការណ៍នេះលើកឡើងថា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ជាមួយគ្នានេះកម្ពុជារក្សាស្ថិរភាពអត្រាប្ដូរប្រាក់ក្នុងរង្វង់ ៤០៥០រៀលក្នុង១ដុល្លារអាមេរិក និងអត្រាអតិផរណាជាមធ្យម ៣ភាគរយ ដែលជាកម្រិតទាប និងអាចគ្រប់គ្រងបាន។
រដ្ឋាភិបាលអះអាងថា ប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចរឹងមាំ ជាមួយការរក្សាបានស្ថិរភាពអត្រាប្ដូរប្រាក់ និងអតិផរណាដូចការលើកឡើងខាងលើនេះ។ សេចក្ដីថ្លែងការណ៍ឲ្យដឹងដូច្នេះថា៖«រដ្ឋាភិបាលអាចបែងចែកផ្លែផ្កាកំណើនសេដ្ឋកិច្ចកាន់តែច្រើនថែមទៀតដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង»។
រដ្ឋាភិបាលលើកឡើងថា ជាលទ្ធផល មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទទួលការដំឡើងប្រាក់ខែដល់ជាងមួយលានរៀល និង ១៧០ ដុល្លារសម្រាប់កម្មករនយោជិត។ រដ្ឋាភិបាលបានប្រមូលចំណូលពន្ធអាករកើនឡើង ស្របនឹងកំណើនសេដ្ឋកិច្ច ដើម្បីយកទៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អសេវាសាធារណៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com