អន្តរជាតិ
ក្រុមហ៊ុន​ចិន​បង្ខំចិត្ត​ផ្អាក​ទិញ​ប្រេង​អ៊ីរ៉ង់ ស្របពេល​អាមេរិក​ត្រៀម​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​ឡើងវិញ​
27, Oct 2018 , 9:19 pm        
រូបភាព
រូបភាព៖ REUTERS
រូបភាព៖ REUTERS
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅក្នុង​សប្តាហ៍​នេះ បាន​បញ្ជា​ក្រុមហ៊ុន​ទិញ​ប្រេង​របស់​រដ្ឋ​ចំនួន​២​ឲ្យ​បញ្ឈប់​ការបញ្ជាទិញ​ប្រេង​ពី​អ៊ីរ៉ង់​។ ចំណាត់ការ​របស់​ចិន​នេះ​គឺធ្វើឡើង ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​ឡើងវិញ​។

 
​ក្រុង​ប៉េកាំង​កាលពី​ដើមឡើយ​បាន​ប្តេជ្ញា​ប្រឆាំង​ដាច់ខាត​ចំពោះ​ទណ្ឌកម្ម​របស់​អាមេរិក​លើ​អ៊ីរ៉ង់ ប៉ុន្តែ​នៅ​ថ្ងៃទី​២៤ ខែតុលា ក្រុមហ៊ុន​ប្រេង CNPC (China National Petroleum Corporation )  និង Sinopec បាន​បញ្ជាក់ថា ពួកគេ​បាន​បញ្ឈប់​ការរកស៊ី​ជាមួយ​ក្រុមហ៊ុន​អ៊ីរ៉ង់​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុមហ៊ុន​ប្រេង​ទាំងពីរ​នេះ​មិនបាន​បញ្ជា​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​សម្រាប់​ខែវិច្ឆិកា​ខាងមុខ​ឡើយ​។ 
 
​តាមពិតទៅ ក្រុមហ៊ុន​ណា​ដែល​បន្ត​បញ្ជា​ទិញ​ប្រេង​អ៊ីរ៉ង់ ក្រោយពី​ទណ្ឌកម្ម​របស់​អាមេរិក​ចូល​ជា​ធរមាន​នា​ថ្ងៃទី​០៤ ខែ​វិ​ច្ឆ​កា​ខាងមុខនេះ នឹងត្រូវ​រង​ចំណាត់​កាត់ផ្តាច់​ចេញពី​ទីផ្សារ​ដ៏​ធំ​សម្បើម​របស់​អាមេរិក និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​។ ដែល​នេះ​មានន័យថា ពួកគេ​នឹងត្រូវ​ខាតបង់​ប្រយោជន៍​ធំ​។​
 
​គេ​មើលឃើញថា ការសម្រេចចិត្ត​របស់​ចិន​ដោយ​ផ្អាក​ទិញ​ប្រេង​នេះ ធ្វើ​ឲ្យ​អ៊ីរ៉ង់​បាត់បង់​ចំណូល​ធំ​ផងដែរ​។ ក្រៅពី​ចិន​ដែលជា​ម៉ូយ​ប្រេង ម៉ូយ​ប្រេង​សំខាន់ៗ​របស់​អ៊ីរ៉ង់​ផ្សេងទៀត​ដូចជា ជប៉ុន និង​កូរ៉េខាងត្បូង កន្លងទៅ​បានសម្រេច​ចិត្ត​បញ្ឈប់​ការបញ្ជាទិញ​ប្រេង​ដែរ​។ 
 
​ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​ផ្នែក​គោលនយោបាយ​នៃ​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​របស់​មូលនិធិ The Heritage Foundation  លោក Riley Walters  បាន​លើកឡើងថា​៖ «​ក្រុមហ៊ុន​ចិន​មិនមែន​វិនិយោគ​តែ​ក្នុងប្រទេស​អ៊ីរ៉ង់​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​នៅ​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។ ពួកគេ​អាច​ប្រឈម​នឹង​ខាតបង់​ធ្ងន់ធ្ងរ ប្រសិនបើ​ក្រុមហ៊ុន​គេ​រង​ទណ្ឌកម្ម​របស់​អាមេរិក​។ នេះហើយ​ជាហេតុ​ផល​ដែល​យើង​ឃើញ​មាន ក្រុមហ៊ុន​ទាំងនោះ​បានសម្រេច​ដកខ្លួន​ចេញពី​ការធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់​ដូច្នេះ​»​។ 
 
​អ្នកជំនាញ​រូបនេះ បាន​អះអាង​ទៀតថា ខណៈ​សម្ពាធ​របស់​អាមេរិក​ទំនង​ជាមាន​ប្រសិទ្ធភាព​នោះ គេ​មិនទាន់​ច្បាស់​ថា ចិន​លែង​ទិញ​ប្រេង​ទាំងស្រុង​ពី​អ៊ីរ៉ង់​ឬ​យ៉ាណា​នោះទេ ដ្បិតថា បណ្តា​ក្រុមហ៊ុន​តូចតាច​នឹង​ស្វែង​វិធីសាស្ដ្រ​ផ្សេង​ដើម្បី​ទិញ​ប្រេង ជាពិសេស ទិញ​ពី​ទីផ្សារងងឹត​ជាដើម​។ 
 
​ទោះជា​យ៉ាងនេះ​ក្តី លោក Walters  បាន​សង្កត់ធ្ងន់ថា ចិន​ដែលជា​ប្រទេស​នាំចូល​ប្រេង​ធំជាងគេ​លើ​ពិភពលោក ច្បាស់​ណាស់​ប្រាកដជា​ស្វែ​ករក​ប្រទេស​ផ្សេងទៀត​ដើម្បី​ផ្គត់ផ្គង់​ប្រេង​ដល់​ខ្លួន ហើយ​ប្រទេស​នោះ​គឺ​គ្មាន​អ្នកណា​ផ្សេង​ក្រៅពី​រុស្ស៊ី​នោះឡើយ​។ ប៉ុន្តែ​ការពឹងផ្អែក​ខ្លាំង​ជ្រុល​ពេក​លើ​ការទិញ​ប្រេង​រុស្ស៊ី ជា​អ្វីដែល​ក្រុង​ប៉េកាំង​មិន​ចង់បាន​នោះឡើយ​។ 
 
​ផ្ទុយ​ពី​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង ឥណ្ឌា​ធ្លាប់បាន​ប្រកាសថា ខ្លួន​នឹង​នៅតែ​បន្ត​បញ្ជា​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ដដែល​នា​ខែ​វិ​ច្ឆ​កា​ខាងមុខ ប៉ុន្តែ​ក្នុង​កម្រិត​កំណត់​ជាក់លាក់​មួយ​។ ត្រង់នេះ​រដ្ឋាភិបាល​ក្រុង​ញ៉ូ​វ​ដេលី​កំពុង​ចាប់ផ្តើម​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​អាច​ទទួល​ការលើកលែង​ចេញពី​ការរង​ទណ្ឌកម្ម បន្ទាប់ពី​វា​នឹង​ចូល​ជា​ធរមាន​នា​ខែក្រោយ​នេះ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែឧសភា​កន្លងទៅ ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​បាន​ចុះហត្ថលេខា​ក្នុង​អាណត្តិ​លោក​បា​រ៉ា​ក់ អូ​ប៉ា​ម៉ា​។ គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​ដើម្បី​បង្ខំ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ថ្នូរ​នឹង​ការដក​ការដាក់ទណ្ឌកម្ម​ទាំងអស់​ប្រឆាំងនឹង​ប្រទេស​នេះ​។ ក្រោយពី​ដកខ្លួន​ចេញរួច រដ្ឋបាល​លោក​ត្រាំ​បានប្រកាស​ដាក់ទណ្ឌកម្ម​ឡើងវិញ​ប្រឆាំងនឹង​អ៊ីរ៉ង់ ដែល​នឹង​ចូល​ជា​ធរមាន​នា​ថ្ងៃទី​០៤ ខែ​វិ​ច្ឆ​កា​ខាងមុខ​៕
 

Tag:
 ចិន​
  អ៊ីរ៉ង់​
  ទណ្ឌកម្ម​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com