ជាតិ
ព្រះមហាក្សត្រ
រដ្ឋធម្មនុញ្ញ​៖ ព្រះមហាក្សត្រ ទ្រង់​គ្រងរាជ្យ​មួយជីវិត ហើយ​គ្មាន​អ្នកណា អាច​បំពាន​បានឡើយ​
29, Oct 2018 , 10:23 am        
រូបភាព
ព្រះបាទ នរោត្តម សីហមុនី ឡើងសោយរាជ្យ កាលពីថ្ងៃឆ្នាំ២០០៤។ រូបពី AFP
ព្រះបាទ នរោត្តម សីហមុនី ឡើងសោយរាជ្យ កាលពីថ្ងៃឆ្នាំ២០០៤។ រូបពី AFP
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​២៩ ខែតុលា ២០០៤ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ទ្រង់​ឡើង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​។ នៅក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​ពីរ​នេះ ព្រះអង្គ ជា​ព្រះមហាក្សត្រ​ទី​ពីរ បន្ទាប់ពី​ព្រះបិតា​របស់​ព្រះអង្គ​។​

 
​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា មាន​១៧​ជំពូក និង​១៦០​មាត្រា ដោយ​ក្នុងនោះ មាន​២៤​មាត្រា នៃ​ជំពូក​ទី​២ ចែង​អំពី​ព្រះមហា​ក្ស​ក្សត្រ​។ មាត្រា​៧​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែងថា «​ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​គ្រងរាជ្យសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ​។ ព្រះមហាក្សត្រ ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​មួយជីវិត​។ អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​»​។
 
​ចំណែក​មាត្រា​៨ បាន​ចែងថា «​ព្រះមហាក្សត្រ ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង និរន្តរភាព​ជាតិ​»​។ ព្រះមហាក្សត្រ ទ្រង់​ជា​អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរាណ​ភាព​ទឹកដី​កម្ពុជា ទ្រង់​ជា​អ្នកធានា​ការគោរព​សិទ្ធិ និង សេរីភាព​របស់​ប្រជាពលរដ្ឋ និង ការគោរព​សន្ធិសញ្ញា​អន្តរជាតិ​»​។​
 
​មាន​ចំណុច​ពីរ ដែល​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ហ៊ា​ម​ឃាត់​មិន​ឲ្យ​ធ្វើ​វិសោធនកម្ម​ជាដាច់ខាត គឺ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​។ 
 
​ក្នុង​ព្រះ​រាជពិធី​បុណ្យខួប​១៤​ឆ្នាំនៃ​ការឡើង​សោយរាជ្យ មេដឹកនាំ​កម្ពុជា​ជាច្រើនរូប ដូចជា សម្តេច សាយ ឈុំ សម្តេច ហេង សំរិន សម្តេច ហ៊ុន សែន សម្តេច ស ខេង និង សម្តេច ទៀ បាញ់ ជាដើម បានចេញ​សារលិខិត​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​។ បច្ចុប្បន្ន ព្រះអង្គ មាន​ព្រះជន្ម​៦៥​ព្រះវស្សា​៕

Tag:
 ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com