ជាតិ
សេដ្ឋកិច្ច
លោក ឈាង វណ្ណារិទ្ធិ៖ EU កំពុងអនុវត្តស្ដង់ដារពីរមកលើកម្ពុជា និងវៀតណាម រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធិ
× ភ្នំពេញ៖ ខណៈដែលកម្ពុជា កំពុងប្រឈមមុខនឹងនីតិវិធីរបស់សហភាពអឺរ៉ុបពីដំណើរការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធនោះ ស្រាប់តែវៀតណាម ដែលគេមើលឃើញថា ជាប្រទេសដែលរំលោភបំពានសិទ្ធិធ្ងន់ធ្ងរនោះ បែរជាទទួលបានកិច្ចព្រមព្រៀងសេដ្ឋកិច្ចពិសេសពីសហភាពអឺរ៉ុប ដែលអំណោយផលសម្រាប់វៀតណាមទៅវិញ។ សហភាពអឺរ៉ុប និងវៀតណាម បានយល់ព្រមជាមួយគ្នា ក្នុងការបង្កើតកិច្ចព្រមព្រៀងមួយស្តីពី«ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ» ដែលកិច្ចព្រមព្រៀងនេះ សំដៅទៅលើការឈប់យកពន្ធលើទំនិញនាំចូលទីផ្សារវៀតណាម និងអឺរ៉ុប។ ទង្វើរបស់សហភាពអឺរ៉ុបនេះ គឺបង្ហាញពីការអនុវត្តស្ដង់ដារពីរមកលើកម្ពុជា និងវៀតណាម។ នេះជាការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធិ សហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រ។
បើតាមលោក ឈាង វណ្ណារិទ្ធិ មូលហេតុដែលសហភាពអឺរ៉ុបអនុវត្តស្ដង់ដារពីរបែបនេះ គឺដោយសារកម្ពុជា មានប្រយោជន៍ទាប ជាងវៀតណាម សម្រាប់ភូមិសាស្ត្រនយោបាយរបស់សហភាពអឺរ៉ុប។ ពោលគឺទំហំសេដ្ឋកិច្ចវៀតណាមមានជាង២៤០ពាន់លានដុល្លារ ខណៈកម្ពុជាមានជាង២៤ពាន់លានដុល្លារប៉ុណ្ណោះ។
ដើម្បីជ្រាបព័ត៌មាននេះ សូមលោកអ្នក-នាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ឈាង វណ្ណារិទ្ធិ សហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រ ដូចតទៅ៖
បើវៀតណាម និងសហភាពអឺរ៉ុប ឈានទៅដល់ការទទួលបានកិច្ចព្រមព្រៀងពិសេសខាងលើនេះ តើវាជះឥទ្ធិពលវិជ្ជមាន ឬអវិជ្ជមាន មកលើកម្ពុជាដែរទេ? វាអាចមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។
ផលវិជ្ជមាននោះ គឺកម្ពុជាអាចទាញយកផលប្រយោជន៍ពីវៀតណាម តាមរយៈការបង្កើតការប្រកួតប្រជែងណា ដែលតភ្ជាប់ខ្សែចង្វាក់ផលិតកម្ម ដែលវាជាតម្រូវការនៃចង្វាក់ផលិតកម្មរបស់វៀតណាម។ នេះជាការបញ្ជាក់របស់លោក ឈាង វណ្ណារិទ្ធិ។
ចំណែកផលអវិជ្ជមានវិញ លោក ឈាង វណ្ណារិទ្ធិ មើលឃើញថា កម្ពុជា នឹងត្រូវប្រកួតប្រជែងខ្លាំងជាមួយវៀតណាមលើផ្នែកកម្មន្តសាល ដែលអាចទាញយកការវិនិយោគបានច្រើនជាងកម្ពុជា។
ក្រៅពីបញ្ហាខាងលើនេះ កម្ពុជាក៏ត្រូវប្រឈមមុខនឹងបញ្ហាអនុគ្រោះពន្ធ ដែលអាចធ្វើឲ្យកម្ពុជាប៉ះពាល់ដល់វិស័យកាត់ដេរខ្លះផងដែរ ពោលគឺអាចឲ្យម្ចាស់រោងចក្រមួយចំនួនផ្លាស់ប្ដូរទីតាំងពីកម្ពុជា ទៅប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស ដែលមានប្រាក់ពលកម្ម សម្រាប់កម្មករទាបជាងកម្ពុជា។ នេះជាចំណុចអវិជ្ជមានមួយចំនួន ដែលលោក ឈាង វណ្ណារិទ្ធិ បន្ថែមថា រដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមខ្លួន ក្នុងការទប់ស្កាត់បញ្ហាអត់ការងារធ្វើ ដោយត្រូវរកឱកាសការងារសម្រាប់ពលរដ្ឋ។ ជាពិសេសការបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ឲ្យបានច្រើនសម្រាប់ពួកគេ៕
Tag:
ឈាង វណ្ណារិទ្ធិ
EU
វៀតណាម
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com