ជាតិ
ធនាគារជាតិកម្ពុជា គាំទ្រការប្រើប្រាស់ប្រាក់យ៉ន់
× រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យប្រាក់យ៉ន់របស់ប្រទេសចិន ចរាចរលើទីផ្សារ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជា។
ការគាំទ្ររបស់ធនាគារជាតិ ក្នុងការប្រើប្រាស់ប្រាក់យ៉ន់តាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ជាដើម ឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមការលើកឡើងលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាក្នុងវេទិកាស្តីពី រូបិយប័ណ្ណយ៉ន់នៅកម្ពុជា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
លោកបន្តថា៖«ធនាគារជាតិ បានអនុញ្ញាតឲ្យធនាគារប្រទេសចិនពីរ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ៉ន់ គឺធនាគារ BOC ធនាគារ ICBC និងធនាគារពាណិជ្ជនៅកម្ពុជា១៣ផ្សេងទៀតធ្វើប្រតិបត្តិការជាប្រាក់យ៉ន់ ហើយតាមរយៈនេះ វិនិយោគិន ពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ៉ន់ អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារ ដែលអនុញ្ញាតឲ្យធនាគារជាតិ អាចគ្រប់គ្រងចរាចរប្រាក់យ៉ន់បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍មកពីប្រទេសចិន»។
កាលពីឆ្នាំ២០១៧ អន្តរធនាគារនៅតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនបានដាក់ផ្សាយអត្រាប្តូរប្រាក់ទ្វេភាគីរវាងប្រាក់យ៉ន់ និងប្រាក់រៀល សម្រាប់ធ្វើការដោះដូរដោយផ្ទាល់លើទីផ្សារប្រទេសចិន។
បច្ចុប្បន្ន ប្រទេសចិនជាប្រភពនៃលំហូរវិនិយោគបរទេសចំណាត់ថ្នាក់ទី១ ហើយទេសចរចិនក៏ជាប់លេខរៀងទី១ ក្នុងចំណោមទេសចរបរទេសមកទស្សនាកម្ពុជាផងដែរ៕
Tag:
សេដ្ឋកិច្ច
ធនាគារជាតិនៃកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com