ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ រូបពីកំពង់ផែក្រុងព្រះសីហនុ
× ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាមានអត្រា ៧,១ភាគរយនៅឆ្នាំ២០១៩ ។ ជាមួយនឹងកំណើននេះ ទំហំសេដ្ឋកិច្ចទាំងមូលនឹងមានតម្លៃ ២៧,២ពាន់លានដុល្លារ ឬ ១៧០៦ដុល្លារក្នុងមនុស្សម្នាក់នៅឆ្នាំក្រោយនេះ។ នេះបើតាមខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០១៩។
កំណើនសេដ្ឋកិច្ចខ្លាំងក្លានេះ ត្រូវបានទ្រទ្រង់ដោយកំណើនវិស័យឧស្សាហកម្មក្នុងអត្រា ១០ភាគរយ ដែលជំរុញដោយសកម្មភាពរឹងមាំនៃវិស័យសំណង់ ការបន្តកំណើនក្នុងវិស័យកាត់ដេរ ស្របគ្នានឹងសន្ទុះកំណើនខ្ពស់នៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ។
ឧស្សាហកម្មមិនមែនកាត់ដេរ ដូចជាម្ហូបអាហារ និងភេសជ្ជៈ ឧស្សាហកម្មដំឡើងយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារិម កង់ និងស៊ីម៉ង់ត៍ជាដើម ទាំងសម្រាប់បម្រើការនាំចេញ និងតម្រូវការទីផ្សារក្នុងស្រុក នឹងស្ទុះឡើងខ្ពស់ ទាំងការវិនិយោគដែលមានស្រាប់ និងការវិនិយោគថ្មី។
វិស័យសេវាកម្មនៅបន្តកំណើនប្រមាណ ៧ភាគរយ ដែលគាំទ្រដោយផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនខ្ពស់នៃទេសចរអន្តរជាតិ។ វិស័យលក់ដុំ-រាយ ក៏នឹងរក្សាកំណើនល្អប្រសើរ ដែលគាំទ្រដោយតម្រូវការប្រើប្រាស់ក្នុងស្រប ស្របពេលប្រាក់ចំណូលប្រជាជនកើនឡើង។ ស្ថិតក្នុងវិស័យសេវាកម្មដដែល អនុវិស័យអចលនទ្រព្យ ត្រូវបានរំពឹងថានឹងបន្តកំណើនខ្ពស់ ស្របតាមនិន្នាការនៃវិស័យសំណង់។
វិស័យកសិកម្ម អាចនឹងសម្រេចបានកំណើន ១,៨ភាគរយ ដែលទ្រទ្រង់ដោយផ្នែកដំណាំ និងជលផល ស្របពេលមានភាពអំណោយផលនៃកត្តាអាកាសធាតុ ការកើនឡើងថ្លៃអង្ករ និងការកើនឡើងដំណាំនាំចេញផ្សេងទៀតដូចជា កៅស៊ូ ចេក ជាដើម។
អតិផរណា ត្រូវប៉ាន់ស្មានថាស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ៣,១ភាគរយក្នុងឆ្នាំ២០១៩ ស្របនឹងការរំពឹងទុកនៃកំណើនយឺតនៃថ្លៃប្រេង និងថ្លៃម្ហូបអាហារ។ ចំណែកអត្រាប្ដូរប្រាក់រៀល គឺនៅបន្តក្នុងរង្វង់ ៤០៥០រៀលក្នុង១ដុល្លារ។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងបន្តឡើងដល់ប្រមាណ ១១០៥៩លានដុល្លារ ដែលធានាការនាំចូល ៦,៥ខែនៅឆ្នាំក្រោយនេះ។
រដ្ឋាភិបាលថាខ្លួននឹងព្យាយាមជម្នះកត្តាហានិភ័យខាងក្រៅ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាណដូចការព្យាករណ៍នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com