កីឡាអន្តរជាតិ
អន្តរជាតិ
Conte អាច​នឹង​ឡើង​ដឹកនាំ Real តែ Lopetegui សង្ឃឹម​ក្លិប​ផ្តល់ឱកាស​បន្ត​
29, Oct 2018 , 9:59 pm        
រូបភាព
Real Madrid អាច​នឹង​បញ្ចប់​តំណែង​អ្នកចាត់ការ​ទូទៅ​លោក Julen Lopetegui នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​ចាញ់​៣​ប្រកួត​ជាប់​គ្នា​នៅ La Liga ហើយ​តែងតាំង​អតីត​គ្រូ Chelsea លោក Antonio Conte ឡើង​ដឹកនាំ​ជំនួស​វិញ​។ នេះ​បើតាម​ការផ្សាយ​របស់ Goal.com​។​


 
​ក្នុងជំនួប El Clasico នៅ​រាត្រី​ថ្ងៃទី​២៨ ខែតុលា Real Madrid បាន​ចាញ់​ធ្ងន់ធ្ងរ​រហូតដល់​ទៅ ៥-១ ក្រោម​ថ្វី​ជើង​ក្រុម Barcelona នៅក្នុង​ទឹកដី Nou Comp​។ បរាជ័យ​នេះ បានធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ស្តេច​ស​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ថ្មី​សញ្ជាតិ​អេ​ស្ប៉ា​ញ​ចាញ់​៣​ប្រកួត​ជាប់​គ្នា​ក្នុង​ក្របខណ្ឌ La Liga គិត​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។​


 
​ភ្លាមៗ​ក្រោយ​បរ​ជ័យ​នេះ នាយក​ប្រតិបត្តិ​របស់​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​គ្រោង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពិភាក្សា​ជុំវិញ​តំណែង​លោក​របស់ Lopetegui​។​
 
​ប្រភពពី​ក្លិប Real Madrid បាន​ប្រាប់ Goal ថា​ពួកគេ​កំពុង​សម្រេចចិត្ត ដោយ​លើកឡើងថា​មិនអាច​បន្ត​ឲ្យ​ក្រុម​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​ត​ទៀត​ទេ​។ ប្រភព​ដដែល​អះអាង​ទៀតថា ប្រសិន​ក្លិប​បញ្ចប់​តំណែង​អតីត​គ្រូ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ វ័យ​៥២​ឆ្នាំនេះ​មែន លោក Antonio Conte គឺជា​បេក្ខភាព​នាំមុខគេ​ដើម្បី​ទៅកាន់​ទឹកដី Bernabeu ខណៈ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​កំពុង​ទំនេរ​ពី​ការងារ​ក្រោយ​ចាក​ចេញពី Chelsea កាលពី​ចុង​ដូ​វ​កាល ២០១៧-២០១៨​។​


 
​យ៉ាងណាក៏ដោយ បន្ទាប់ពី​ដឹកនាំ​មិនបាន​ល្អ​តាំង​បើក​រដូវ​កាល​ថ្មី​មក និង​ថែមទាំង​ចាញ់​គូប្រជែង​ធំ Barca នៅ Clasico រហូតដល់​ទៅ ៥-១ នោះ លោក Lopetegui ក៏បាន​ទទួលស្គាល់​លទ្ធផល​នេះ តែ​សង្ឃឹមថា​លោក​អាច​នឹង​ត្រូវបាន​ក្លិប​ផ្តល់ឱកាស​ឲ្យ​ដឹកនាំ​បន្តទៀត​។ 
 
​លោក​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅ Catalonia ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​នៅពេលនេះ ប៉ុន្តែ​ខ្ញុំ​នៅមាន​កម្លាំង​ពេញលេញ​ដើម្បី​រក្សា​តួនាទី​ដឹកនាំ​ក្រុម​នេះ​បន្តទៀត​។ នេះ​គឺជា​បរាជ័យ​ដ៏​ធំ​មួយ ប៉ុន្តែ​ខ្ញុំ​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ដើម្បី​ដឹងថា​អ្វីៗ​អាច​ប្រែប្រួល​បាន​។ ផ្លូវ​នៅ​វែងឆ្ងាយ​ទៀត ហើយ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​យ៉ាងខ្លាំង​ទៅលើ​កីឡាករ​របស់​ក្រុម​នេះ​»​។​


 
​ជុំវិញ​ព័ត៌មាន​ទាក់ទិន​នឹង​ការបញ្ចប់​តំណែង​លោក Lopetegui ប្រធាន​ក្រុម និង​ជា​ខ្សែការពារ​ឆ្នើម Sergio Ramos អះអាងថា​កីឡាករ​របស់ Real ភាគច្រើន​ជំទាស់​ពី​ការសម្រេចចិត្ត​នេះ ដោយ​លើក​ឡើ​ងា​ថា លទ្ធផល​ប៉ុន្មាន​ប្រកួត​នេះ​មិនអាច​កំណត់​ពី​ជោគវាសនា​របស់​គ្រូបង្វឹក​នោះទេ​៕
 

Tag:
 ​បាល់ទាត់​
  Julen Lopetegui
  Real Madrid
  Antonio Conte
© រក្សាសិទ្ធិដោយ thmeythmey.com