កីឡាអន្តរជាតិ
អន្តរជាតិ
Leicester៖ ស្រា​សំប៉ាញ​អបអរ​នៅ​ឆ្នាំ​២០១៦ បាច់ផ្កា​រំលែក​ទុក្ខ​នៅ​ឆ្នាំ​២០១៨
29, Oct 2018 , 6:19 pm        
រូបភាព
​ភាពផ្ទុយ​គ្នា​ដាច់​ស្រលះ​កាលពី​ជាង​២​ឆ្នាំមុន នៅមុខ​កីឡដ្ឋាន King Power របស់​ក្លិប Leicester City ដែល​ពោ​ពេញ​ទៅដោយ​ដប​ស្រា​សំប៉ាញ និង​កំប៉ុង​ស្រា​បៀរ​។ ប៉ុន្តែ​នៅពេលនេះ អ្វីៗ​បាន​ប្តូរ​អស់ហើយ ដែល​វា​ត្រូវបាន​ជំនួស​វិញ​ទៅដោយ​បាច់ផ្កា និង​គ្រឿង​កិត្តិយស​ផ្សេងៗ​ដើម្បី​ឧទ្ទិស​ដល់​បុរស​ម្នាក់​ដែល​បានផ្តល់​ក្តី​សុបិន​របស់​អ្នកគាំទ្រ Leicester ក្លាយជា​ការពិត​។​


 
​លោក Andrew Hulley ដែលជា​បព្វជិត​ម្នាក់ និង​ជា​អ្នកគាំទ្រ​ក្រុម Leicester បានធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន King Power ជាមួយ​អ្នកគាំទ្រ​រាប់ពាន់នាក់​ទៀត​ដើម្បី​បំពេញ​ការគោរព​របស់​ពួកគេ​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្បែ​នោះ​។ ជា​រឿង​អកុសល​បំផុត ម្ចាស់​ក្លិប Leicester លោក Vichai Srivaddhanaprabha ក៏​ស្ថិតក្នុង​ហេតុការណ៍​នោះ ដោយ​ទទួលមរណភាព​ជាមួយ​សមាជិក​៤​នាក់​ទៀត​។​


 
Hulley រៀបរាប់ថា នៅពេលដែល​យើង​ឈ្នះ​ពានរង្វាន់​កាលពី​ឆ្នាំ​២០១៦ វា​គឺជា​រាត្រី​ដ៏​រីករាយ​បំផុត ហើយ​ភាព​ក្អាកក្អាយ​ក៏បាន​រីក​រាលដាល​នៅ​ទូទាំង​ទីក្រុង​ទាំងមូល​។​
 
«​ប៉ុន្តែ​នៅពេល​ខ្ញុំ​ដើរទៅ​កាន់​ពហុ​កីឡដ្ឋាន​នា​ព្រឹក​ម៉ិ​ញ​នេះ ខ្ញុំ​មាន​អារម្មណ៍​ស្រណោះស្រណោក និង​ឈឺចាប់​។ មាន​មនុស្សម្នា​មក​ទីនេះ​ច្រើន​។ បរិយាកាស និង​ភាពស្ងប់ស្ងាត់​បានកើត​ឡើង​នៅទីនេះ ហើយ​វា​ជា​រឿង​មិនគួរ​ឲ្យ​ជឿ​នោះទេ​»​។​

  
 
​អ្វីៗ​បាន​ប្តូរ ១៨០​ដឺ​ក្រេ ដែល​មានន័យថា នៅពេល​ក្រុម​រហស្សនាម​កញ្ជ្រោង​ឈ្នះ​ពាន Premier League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៅពេលនោះ​មានកម្ម​វិធី​អបអរ​ជាច្រើន ដោយមាន​ការចែក​ស្រា​បៀរ នំ​ដូ​ណាត់​ទៅ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ពី​សំណាក់​ប្រធាន​ក្លិប Vichai Srivaddhanaprabha នៅមុខ​កីឡដ្ឋាន King Power​។ 
 
​ចំណែក​នៅក្រោយ​សោកនាដកម្ម​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ ក្រោយ​ជំនួប Leicester ទល់នឹង West Ham នៃ​ក្របខណ្ឌ Premier League កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​នោះ នៅមុខ​កីឡដ្ឋាន King Power Stadium គឺ​ពោរពេញ​ទៅដោយ​កម្រងផ្កា និង​ភាព​សោកសៅ​បំផុត​៕


 




Tag:
 បាល់ទាត់​
  Leicester
  Vichai Srivaddhanaprabha
© រក្សាសិទ្ធិដោយ thmeythmey.com