ជាតិ
សម្ដេច ស ខេង ប្រាប់​ឲ្យ​លោក ជា សុផារ៉ា ផ្ទេរ​សេវា​វិស័យ​រៀបចំ​ដែនដី ទៅកាន់​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ
30, Oct 2018 , 10:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផ្ទេរ​ប្រភេទ​សេវា ដែល​កំពុង​អនុវត្ត​នៅ​មន្ទី​រៀបចំ​ដែនដី និង​សូរិយា​ដី ទៅ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​រាជធានី​-​ខេត្ត​ទាំងអស់ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព នៃ​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

 
​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ប្រភេទ​សេវា​នៃ​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ផ្ទេរ​ទៅ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​នោះ មាន​ចំនួន​៣៣​ចង្កោម ស្មើនឹង​១១១​ប្រភេទ ខណៈដែល​ប្រភេទ​សេវា ២៦​ចង្កោម ស្មើនឹង​៩៦​ប្រភេទ​ទៀត នៅ​ពុំទាន់​បានដាក់​ឲ្យ​ដំណើរការ​នៅ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​នៅឡើយ ។ ដោយសារតែ​បញ្ហា ទើប​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ប្រាប់​ទៅ​មន្ទី​រាជធានី​- ខេត្ត និង​សុរិយោដី ផ្ទេរ​សេវា​ខាងលើនេះ ទៅ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ ដើម្បី​ដាក់​ដំណើរការ​ឲ្យ​បាន​មុន​បំណាច់​ឆ្នាំ​២០១៨​។​
 
​លិខិត​សម្ដេច ស ខេង ផ្ញើ​ទៅ​លោក ជា សុផារ៉ា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​ធានា​ដល់​ការអនុវត្ត​អនុក្រឹត្យ​ខាងលើ​ឲ្យ​មាន​ប្រសិទ្ធិភាព និង​ផ្អែកលើ​ស្មារតី​នៃ​កិច្ចប្រជុំ​លើក​ទី​១៦ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រា​ធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី ខេត្ត​ឲ្យ​ដាក់​ដំណើរការ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ ជា​បណ្ដោះអាសន្ន​កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ហើយ​គ្រោង​នឹងដាក់​ឲ្យ​ដំណើរកា​ជា​ផ្លូវការ​ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០១៨​នេះ​។

បច្ចុប្បន្ន​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​២៥ បាន​នឹង​កំពុង​ដំណើរ​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​យ៉ាង​មមាញឹក​លើ​ប្រភេទ​សេវា​នៃ វិស័យ​ជំនាញ​នានា​តាម​ស្មារតី​នៃ​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល​»​។​
 
​កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងមក រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ស្តីពី ការបង្កើត​យន្តការ​ច្រកចេញ​-​ចូល​តែមួយ សម្រាប់​ការផ្ដល់សេវា​រដ្ឋបាល នៅ​រដ្ឋបាល​រាជធានី​-​ខេត្ត ដើម្បី​ប្រមូលផ្ដុំ​ការផ្ដល់សេវា​រដ្ឋបាល​លើ​វិស័យ​នានា នៅ​កន្លែង​តែមួយ ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព នៃ​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕
 

Tag:
 ស ខេង​
  ជា សុផារ៉ា
  សេវាកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com