សុខភាព
អន្តរជាតិ
​ការបំពុល​ខ្យល់​សម្លាប់​កុមារ​ប្រមាណ​៦០​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ​
30, Oct 2018 , 8:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ធីតា
​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ការបំពុល​ខ្យល់ ជាពិសេស​សម្រាប់​សុខភាព និង​ការអភិវឌ្ឍន៍​កុមារ​។ តាម​របាយការណ៍​កម្រាស់​១៨០​ទំព័រ​របស់​ស្ថាប័ន​មួយ​នេះ កុមារ​ប្រមាណ​៦០​ម៉ឺន​នាក់​លើ​ពិភពលោក បាត់បង់​ជីវិត​ជា​រឿង​រាល់​ឆ្នាំ​ដោយសារ​ការបំពុល​ខ្យល់​បរិយាកាស​។​

 
«​ការបំពុល​ខ្យល់ គឺជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ​សម្រាប់​សុខភាព​កុមារ​»​។ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​យ៉ាង​ដូច្នេះ តាមរយៈ​របាយការណ៍​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែតុលា ក្រោយ​ការបើក​សន្និសីទ​អន្តរជាតិ​លើកដំបូង​ស្តីពី​ការបំពុល​ខ្យល់ ដែល​រៀបចំ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​។​
 
​លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ WHO បាន​អះអាងថា ខ្យល់​កខ្វក់ កំពុង​បំពុល​កុមារ​រាប់លាន​នាក់ ក៏ដូចជា​កំពុង​បំផ្លាញ​អាយុជីវិត​ពួកគេ​ផងដែរ​។ ក្នុង​របាយការណ៍​រប​ស់​ខ្លួន WHO បាន​លើកយក​តឹង​តាង​វិទ្យាសាស្ត្រ​ផ្សេង ដែល​ទាក់ទង​នឹង​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ការបំពុល​ខ្យល់ ជាពិសេស​ទៅលើ​ក្រុម​កុមារ​ដែល​ងាយ​រងគ្រោះ​។​
 
​របាយការណ៍​បាន​បង្ហាញថា កុមារ​ប្រមាណ​៦០០ ០០០​នាក់​ដែលមាន​អាយុ​តិចជាង​១៥​ឆ្នាំ ក្នុងនោះ ៥៤៣ ០០០​ដែលមាន​អាយុ​តិចជាង​៥​ឆ្នាំ បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​នៅលើ​ពិភពលោក ដោយសារ​ផ្លូវដង្ហើម ពីព្រោះ​ពួកគេ​រស់នៅក្នុង​បរិយាកាស​ដែល​ពោរពេញ​ទៅដោយ​ភាពកខ្វក់​។​
 
​ខ្យល់​កខ្វក់ ភាគច្រើន​កើតឡើង​ដោយសារ​ការបញ្ចេញ​ឧស្ម័ន​ពី​រថយន្ត សកម្មភាព​ឧស្សាហកម្ម ការអនុវត្ត​កសិកម្ម ការដុត​កាកសំណល់ (​ជាពិសេស​នៅ​ឥណ្ឌា​) និង​ការ​ហុយធូលី ដែល​បង្កឡើង​ពី​ព្យុះ​ខ្សាច់ (​ជាពិសេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា​)​។​
 
​ស្ត្រី និង​កុមារ​ដែល​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​តិចតួច គឺជា​អ្នករងគ្រោះ​ច្រើនជាងគេ​។ WHO បាន​កត់សម្គាល់ថា ថ្វី​ត្បិត​ភាពក្រីក្រ មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ទៅនឹង​បញ្ហា​បរិស្ថាន និង​សុខុមាលភាព ប៉ុន្តែ​ប្រទេស​ឧស្សាហកម្ម ក៏​ប្រឈម​ខ្លាំង​ផងដែរ​៕
 

Tag:
 បំពុល​ខ្យល់​
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com