ជាតិ
សង្គមជាតិ
ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​កែប ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​
31, Oct 2018 , 12:59 pm        
រូបភាព
រូបពី AKP
រូបពី AKP
ដោយ: ថ្មីៗ
​ក្រៅពី​រាជធានី​ផ្នំ​ពេញ កម្ពុជា​-​វៀតណាម បាន​បង្កើត​ស្តូប​មិត្តភាព​មួយទៀត ដែល​ស្ថិតនៅក្នុង​សួនច្បារ​សម្តេច​ហ៊ុន សែន នៅ​ក្រុងកែប​។ ស្តូប​ថ្មី​នេះ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​។


 
​លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្តូប​នេះ ដោយមាន​តំណាង​វៀតណាម​ចូលរួម​ផងដែរ​។ ថ្នាក់ដឹកនាំ​ខេត្ត​កែប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ​អង្គភាព​នានា  ព្រះសង្ឃ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១៥០០​នាក់ បាន​ចូលរួម​ក្នុង​ពិធី​នេះ​។
 
​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា (AKP) បាន​ស្រង់​ប្រសាសន៍​របស់លោក​ស្រី ម៉ែន សំអន ទៅ​ចុះផ្សាយ​ថា លោកស្រី បាន​អំពាវ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង ប្រជាពលរដ្ឋ ចូលរួម​ការពារ​សមិទ្ធ​ផល​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​។ លោកស្រី លើកឡើងថា សមិទ្ធផល​ទាំងអស់នេះ អាច​ទាក់ទាញ​ភ្ញៀវទេសច​ឲ្យ​ទៅ​កម្សាន្ត​នៅ​ខេត្ត​កែប​កាន់តែច្រើន​។ 
 
​លោកស្រី បាន​រម្លឹក​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា ធ្លាប់តែ​ជា​ប្រទេស ដែល​ទទួល​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កង​រក្សា​សន្តិភាព​ពី​អង្គការ​សហ​ប្រជា​តិ ប៉ុន្តែ ពេលនេះ កម្ពុជា បាន​ក្លាយជា​ប្រទេស ដែល​បាន​បញ្ជូន​កងទ័ព​ស្ម័គ្រចិត្ត​របស់ខ្លួន ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​មួយចំនួន​»​។ 
 
​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​ថ្លែងថា រដ្ឋបាលខេត្ត​កែប បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​វៀតណាម ហើយ​ក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា លើ​គ្រប់​វិស័យ​ផងដែរ​។ នេះ​បើតាម​ការដកស្រង់​រប​ស់ AKP ដដែល​៕ 
 

Tag:
 ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​
  ម៉ែន សំអន​
© រក្សាសិទ្ធិដោយ thmeythmey.com