អន្តរជាតិ
អង់គ្លេស​ប្រឹង​បង្កើន​ទំនាក់ទំនង​ការទូត​នៅ​បរទេស ពេល​ជិត​លែងលះ​ដាច់ស្រេច​ជាមួយ​សហភាព​អឺរ៉ុប​
31, Oct 2018 , 7:39 pm        
រូបភាព
ប្រមុខការទូតអង់គ្លេស Jeremy Hunt (រូបភាព AFP)
ប្រមុខការទូតអង់គ្លេស Jeremy Hunt (រូបភាព AFP)
​បើ​គ្មាន​ការប្រែប្រួល​អ្វី​នោះ ចក្រភព​អង់គ្លេស នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ។ ការចរចា​លក្ខខណ្ឌ​លែងលះ​កំពុង​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ ទោះជា​ភាគី​ទាំង​សង​មិនទាន់​សម្រេចបាន​កិច្ចព្រមព្រៀង​អ្វី​ក៏ដោយ​។ ទោះ​លែងលះ​ដាច់​ឬ​មិន​ដាច់​ក្ដី អង់គ្លេស​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​ពង្រឹង​នយោបាយ​ការបរទេស​ឯករាជ្យរ​បស់​ខ្លួន​លើ​ឆាក​អន្តរជាតិ និង​ដាក់ចេញ​ចំណាត់ការ​មួយចំនួន​ដែរ​។

 
៥​ខែ​មុន​ចាក​ចេញពី​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស​កំពុង​រៀបចំ​ជើង​ព្រួល​ក្នុងការ​អនុវត្ត​នយោបាយ​ការបរទេស​របស់ខ្លួន ដោយ​មិនចាំបាច់​មើលមុខ​អឺរ៉ុប​ទៀតឡើយ​។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Jeremy Hunt នៅ​ថ្ងៃទី​៣០ ខែតុលា បានប្រកាស​ពី​ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការ​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​ការទូត​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។ ក្រសួងការបរទេស​នឹង​រើស​បុគ្គលិក​ថ្មី​បន្ថែម និង​ត្រៀម​បើក​ស្ថានទូត​ជាច្រើន​ដែរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​យក​សុន្ទរកថា​របស់លោក Hunt អង់គ្លេស​នឹង​បង្កើត​ច្រវាក់​បំបាំងកាយ​ដើម្បី​ភ្ជាប់​ប្រទេស​ប្រជាធិបតេយ្យ​។ ជា​លើកដំបូង មនុស្ស​ដែល​នៅក្រៅ​ក្របខណ្ឌ​មន្ត្រី​ស៊ីវិល នឹងមាន​សិទ្ធិ​ធ្វើជា​អគ្គរាជទូត​អង់គ្លេស ខណៈដែល​ក្រសួងការបរទេស​ចង់​បង្កើន​ចំនួន​មន្ត្រី​ទូត​ឲ្យ​បាន​ច្រើន​ដល់​ជិត​១​ពាន់​នាក់​ឯណោះ​។ អ្វី​គួរ​ចាប់អារម្មណ៍ អង់គ្លេស​នឹង​បើក​ស្ថាន​បេសកកម្ម​ប្រចាំ​អាស៊ាន និង​បើក​ស្ថានទូត​ថ្មី​នៅ​ជី​ប៊ូ​ទី​។​
 
​នៅ​ដើម​ឆ្នាំនេះ អង់គ្លេស​បានប្រកាស​រួច​ហើយ​នូវ​ការបើក​ស្ថានទូត​ថ្មី​នៅ​ឆាដ និង​នី​ហ្សេ និង​តួនាទី​ផ្នែក​ការទូត​ចំនួន​៩​ទៀត​នៅ​ប្រទេស​សមាជិក Commonwealth ដូចជា​ឡេ​សូ​តូ ស្វា​ស៊ី​ឡង់ រហូតដល់​បា​ហា​ម៉ាស់ សា​ម័​រ និង​វ៉ា​នូ​ទូ​ដែរ​។ ដោយឡែក ក្នុងចំណោម​ចំនួន​បុគ្គលិក​ថ្មី​ដែល​ត្រូវ​ជ្រើសរើស មាន​បុគ្គលិក​៣៣៥​នាក់​នឹង​ធ្វើការ​នៅ​បរទេស ហើយ​ស្របគ្នា​នោះ ក្រសួង​នឹង​បង្កើន​ការចំណាយ​ដើម្បី​បង្រៀន​ភាសាបរទេស​ដល់​បុគ្គលិក​នៅក្រៅ​ប្រទេស​ដែរ​។​
 
​ទន្ទឹមនឹង​ទិសដៅ​បង្កើន​ចំនួន​បុគ្គលិក​ចេះ​និយាយ​ភាសាបរទេស​ពី​៥០០​នាក់​ទៅដល់​១​ពាន់​នាក់​នោះ ក្រសួងការបរទេស​អង់គ្លេស​នឹង​បង្កើន​ចំនួន​ភាសាបរទេស​ដែល​ត្រូវ​បង្រៀន​ឲ្យ​ដល់​៧០​ភាសា​។ ក្នុងនោះ​មាន​ភាសា​ដែល​និយាយ​ក្នុងប្រទេស​តំបន់​អាស៊ី​កណ្ដាល​នៅ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​កា​ហ្សា​ក់​ស្ថាន ភាសា Shona នៅ​ស៊ីម​បា​វ៉េ និង​ភាសា Gujarati នៅ​ឥណ្ឌា​ជាដើម​។ 
 
​សព្វថ្ងៃនេះ អង់គ្លេស​មាន​បេសកកម្ម​ទូត​ចំនួន​២៧៤​ក្នុងប្រទេស និង​តំបន់​ចំនួន​១៦៩ នៅ​ជុំវិញ​ពិភពលោក​។ ក្រោយ​ការពង្រីក​បណ្ដាញ​របស់​ខ្លួន មន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​បញ្ជាក់ថា អង់គ្លេស​នឹងមាន​តំណាង​ប្រមាណ​៨៣​ភាគរយ​នៃ​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់​។ កាលពី​ឆ្នាំមុន​អតីតរដ្ឋមន្ត្រី​ការបរទេស Boris Johnson បាន​រង​ការរិះគន់​ខ្លាំង​ព្រោះ​ចង់​កាត់បន្ថយ​បុគ្គលិក​ទូត​នៅ​ប្រទេស​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប​ក្រោយ​ការចាកចេញ​នៅ​ឆ្នាំ​២០១៩ ៕ 
 

Tag:
 Brexit
  អង់គ្លេស​
  Jeremy Hunt
© រក្សាសិទ្ធិដោយ thmeythmey.com