កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយមាស​អូឡាំពិក ចែករំលែក​បទពិសោធ​ពី​របៀប​ហែល​ទឹក​ដល់​កីឡាករ​កម្ពុជា​
01, Nov 2018 , 7:59 am        
រូបភាព
ដោយ:
​កីឡាការិនី​ជប៉ុន Rie Kaneto ម្ចាស់​មេដាយមាស​អូឡាំពិក បានបង្ហាញ​និង​ចែករំលែក​បទពិសោធ​ពី​បច្ចេកទេស និង​របៀប​ហែល​ទឹក​ដល់​កីឡាករ​កម្ពុជា​។ អ្វីដែល​កាន់តែ​អស្ចារ្យ​កីឡាការិនី​ជប៉ុន​រូបនេះ បាន​ប្រាប់​ពី​វិធីសាស្ត្រ​ហ្វឹកហាត់ ដើម្បី​ក្លាយជា​កីឡាករ​ឆ្នើម និង​ជោគជ័យ​ក្នុង​វិស័យ​មួយ​នេះ​។

 
​ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក​រដូវក្តៅ​នៅ​ទី​ក្រុម Rio ប្រទេស​ប្រេ​ស៊ី​ល​លើ​វិញ្ញាសា​ហែល​កង្កែប​ចំងាយ​២០០​ម៉ែត្រ​កីឡាការិនី Rie Kaneto បាន​ចែករំលែក​បទពិសោធ ដល់​កីឡាករ​កីឡាការិនី​កម្ពុ​ជាជាង​៤០​នាក់ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ក្រៅពី​បង្ហាញ​ពី​របៀប​ហែល​ទឹក​កីឡាការិនី​ជប៉ុន​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​ប្រាប់​កីឡាករ​កីឡាការិនី​កម្ពុជា ពី​វិធីសាស្ត្រ​ហ្វឹកហាត់​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​ឆ្នើម​។ 


 
​សម្រាប់ Rie Kaneto ដើម្បី​ជោគជ័យ​លើ​វិស័យ​កីឡាហែលទឹក កីឡាករ​កីឡាការិនី​ទាំងអស់​ត្រូវមាន​ភាព​អំណត់​និង​ការអត់ធ្មត់​ខ្ពស់​លើ​ការហ្វឹកហាត់​។ បន្ថែម​លើ​នេះ ត្រូវមាន​គោលដៅ​និង​ក្តី​ស្រមៃ​ខ្ពស់​ជាមួយ​ការខិតខំ​ប្រឹងប្រែង​ព្យាយាម​។ ម្ចាស់​មាស​រូបនេះ​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង សម្រាប់​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា​។ 
 
Rie Kaneto រំពឹងថា នាង​នឹង​មក​កម្ពុជា​ម្តងទៀត​ក្នុងនាម​ជា​អ្នកគាំទ្រ ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣​។ នាង​សង្ឃឹមថា វិស័យ​កីឡាហែលទឹក​កម្ពុជា​នឹងមាន​ការរីកចម្រើន​កាន់តែខ្លាំង​នា​ថ្ងៃ​អនាគត​។ 


 
​ក្រៅពី​មេដាយមាស​អូឡាំពិក កីឡាការិនី​វ័យ​៣០​រូបនេះ ជា​ម្ចាស់​មេដាយប្រាក់​លើ​វិញ្ញាសា​ហែ​លក​ង្កែ​ម​ចម្ងាយ​២០០​ម៉ែត្រ​ប្រចាំ​ព្រឹត្តិការណ៍ 12th FINA World Swimming Championship នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា ឆ្នាំ​២០១៤​។ ក្នុង​ឆ្នាំ​២០១៤​នេះដែរ នាង​ដណ្តើម​មេដាយប្រាក់​១ ពី​ព្រឹត្តិការណ៍ Pan Pacific Swimming Championship នៅ​អូស្ត្រាលី​៕ 
 

Tag:
 ហែល​ទឹក​
  ហែម គី​រី​
  Rie Kaneto
© រក្សាសិទ្ធិដោយ thmeythmey.com