ជាតិ
សម្ដេច ហ៊ុន សែន ៖​សាលារៀន​ត្រូវ​ធានា​ការសិក្សា​ឲ្យ​បាន​ពេញលេញ ទោះ​មាន​ករណី​ទឹកជំនន់ និង​ខ្យល់​កន្ត្រាក់​ក្តី​
01, Nov 2018 , 9:51 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​អ្នកគ្រប់គ្រង​សាលារៀន​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ​គ្រប់​រូបភាព ក្នុង​ការធានា​ការបង្រៀន​សិស្ស​ឲ្យ​បាន​ពេញលេញ ស្របតាម​កម្មវិធីសិក្សា​ដែល​បានកំណត់ បើទោះជា​មាន​ករណី​ទឹកជំនន់ និង​ខ្យល់​កន្ត្រាក់​ក៏ដោយ​។ ការស្នើ​របស់​សម្ដេច ហ៊ុន សែន នេះ នៅក្នុង​សារ​អំពាវនាវ ៨​ចំណុច ដែល​អបអរសាទរ​ថ្ងៃ​បើកប​វេន​កាល​សិក្សា​ឆ្នាំ​២០១៨-២០១៩​។ 


 
​ដើម្បី​ធានា​ការអប់រំ​ឲ្យ​មានគុណ​ភាព​ប្រកបដោយ​សមធម៌ បរិយាកាស និង​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយជីវិត សម្រាប់​សិស្សានុសិស្ស​ទាំងអស់នោះ សម្ដេច ហ៊ុន សែន បានលើកឡើង​ពី​ចំណុច​មួយចំនួន ទាក់ទង​ការអប់រំ មក​រំឭក​ដល់​ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ 
 
​ចំណុច​ស្នូល​ដែល​សម្ដេច ហ៊ុន សែន មើលឃើញថា ជា​ទិសដៅ​សំខាន់​សម្រាប់​ការអប់រំ​នោះ គឺ​ទី​១ ក្រសួង​អប់រំ​យុវជន និង​កីឡា រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យឡើងវិញ នូវ​គោលនយោបាយ​ក្របខណ្ឌ​ច្បាប់​បទដ្ឋាន និង​យន្តការ​ចាំបាច់ ដើម្បី​យកទៅអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​ធានា​នូវ​លទ្ធភាព​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព សមត្ថភាព និង​បរិ​យា​ប័ន្ន សម្រាប់​សិស្សានុសិស្ស​គ្រប់រូប ស្របទៅនឹង​បរិការណ៍​ថ្មី​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​
 
​រីឯ​ចំណុច​សំខាន់​ទី​២ ដែល​ប្រមុខ​រដ្ឋាភិបាល មើលឃើញ​ជា​សារៈសំខាន់ ហើយ​មិនអាច​រំលង​បាន​នោះ គឺ​គ្រឹះស្ថានសិក្សា​គ្រប់​រូបភាព រួមទាំង​ទីវ​ត្ត​អារាម ត្រូវ​ធានា​លទ្ធភាព​ក្នុងការ​ផ្ដល់​ការអប់រំ​ពេញលេញ និង​មាន​គុណភាព ។ ជាពិសេស​សាលារៀន ត្រូវ​ត្រៀមលក្ខណៈ​តាម​គ្រប់​រូបភាព​ក្នុងករណី​មាន ទឹកជំនន់ ខ្យល់​កន្ត្រាក់​បាក់​សាលារៀន​ជាដើម ដោយ​ត្រូវ​ធានា​រយៈពេល​នៃ​ការរៀន និង​បង្រៀន​ពេញលេញ​ស្របតាម​កម្មវិធីសិក្សា​ដែល​បានកំណត់​។

ចំពោះ​សាលារៀន​ដែលមាន​ការអនុវត្ត​កម្មវិធី​នានា​ត្រូវខិតខំ​បង្កើន​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​ក៏ដូចជា​ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស ការផ្ដល់​អាហារ​ពេលព្រឹក​ឬ​អាហារ​ថ្ងៃត្រង់​ជាដើម​។​
 
​ក្រៅពីនេះ សាលារៀន ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​និង​ធ្វើ​យុទ្ធនា​ការប្រមូល​កុមារ​ចូលរៀន ។ ជាពិសេស​រៀបចំ​និង​ជួសជុល​បន្ទប់រៀន សង្ហា​រឹម តុទូ កៅអី ក្តា​ខៀន ទ្វារ​បង្អួច បង្គន់​អនាម័យ កន្លែង​លាង​សម្អាត​ដៃ និង​បរិក្ខារ​នានា ដើម្បី​បរិស្ថាន​សិក្សា​ស្អាត មាន​អនាម័យ​ត្រឹមត្រូវ ប្រកបដោយ​និរន្តរភាព​និង​ផាសុខភាព​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​។​
 
​និយាយ​ចំណុច​នេះហើយ ប្រមុខ​រដ្ឋាភិបាល ក៏បាន​លើកឡើង​ពី​កត្តា​គួបផ្សំ​មួយចំនួនទៀត ទាក់ទង​សមត្ថភាព​គ្រូបង្រៀន ទាំង​ផ្នែក​ចំណេះដឹង​ថ្មី តាមបែប​បច្ចេកវិទ្យា​ព័ត៌មាន និង​វិធី​បង្រៀន រួមទាំង​ភាសាបរទេស​ផ្សេងៗ ដោយ​ធ្វើយ៉ាងណា​បង្រៀន​សិស្ស​ឲ្យ​មានគុណ​ភាព​។ សម្រាប់​សម្ដេច ហ៊ុន សែន សមត្ថភាព​គ្រូបង្រៀន​គឺជា​រឿង​មួយ ប៉ុន្តែ​កត្តា​សំខាន់​នោះ ក៏​កើតចេញពី​ការខិតខំ​រៀនសូត្រ​រប​ស់​សិស្ស​ខ្លួន បូករួម​ការតាមដាន​ការសិក្សា​កូន ពី​សំណាក់​មាតាបិតា និង​អាណាព្យាបាល​សិស្ស​ផងដែរ​។​
 
​សម្ដេច ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​លោកគ្រូ អ្នកគ្រូ​បង្រៀន​ទាំងអស់​នៅ​ទូទាំងប្រទេស ដែល​បាន​ខិតខំ​លះបង់​កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀន​សិស្ស ឲ្យ​ទទួលបាន​ចំណេះដឹង ជំនាញ សីលធម៌ និង​កាយសម្បទា​រឹងមាំ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ ដែលជា​សរសរ​ទ្រូង​ដ៏​រឹងមាំ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​សំបូរ​រុងរឿង​។ ជាមួយគ្នា​នោះ ការចូលរួម​របស់​មា​តា​បិតា អ្នកអាណាព្យាបាល​សិស្ស អាជ្ញាធរ​ដែនដី និង​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់ ក៏​ជា​កម្លាំង​សរុប​មួយ ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ឲ្យ​មានដំណើរ​ការ​យ៉ាង​រលូន និង​ទទួលបាន​ជោគជ័យ គួរ​ជាទី​មោទនៈ ក្នុង​រយៈពេល​ក្លង​មកនេះ​ផងដែរ​»​។​
 
​ក្រៅពី​ស្ថាប័ន​រដ្ឋាភិបាល ដែល​ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការ​សិក្សា​របស់​សិស្ស​នោះ ដៃគូ​អភិវឌ្ឍ​អង្គការ​មិនមែន​រដ្ឋាភិបាល ក៏ត្រូវ​បង្កើន​កិច្ចសហការ​និង​ពង្រឹង​ភាពជា​ដៃគូ​កាន់តែខ្លាំង​បន្ថែមទៀត ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​អប់រំ​នានា​។ ជាពិសេស​នៅ​កន្លែង​ដែលមាន​សេវា​អប់រំ​ពិបាក​ទៅដល់ ឬ​ក្រុមសិស្ស​ដែល​ជួប​ការលំបាក​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន​៕
 

Tag:
 ​ហ៊ុន សែន​
  អប់រំ​
  ជំនន់​
  កន្ត្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com