ជាតិ
មហាផ្ទៃ ៖ ករណី​ជួញដូរ​មនុស្ស​ថយចុះ​៣​ករណី ខណៈ​ករណី​ពពោះ​ជំនួស​កើតឡើង​ទ្រង់ទ្រាយ​ធំ​
01, Nov 2018 , 2:01 pm        
រូបភាព
លោកស្រី ជូ ប៊ុនអេង  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ ស្ត្រី​ពពោះ​ជំនួស​បាន​ក្លាយជា​ករណី​ថ្មី​មួយ ក្នុងចំណោម​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ នៅ​កម្ពុជា ដែល​បាន​លេច​ឡើងជា​ទ្រង់ទ្រាយ​ធំ ។  អ្នក​ដែល​ចូលរួម​ក្នុងការ​ពពោះ​នេះ មាន​ប្រភព​ចេញពី​រោងចក្រ​សហគ្រាស​។ នេះ​បើតាម​របាយការណ៍​ក្រសួងមហាផ្ទៃ​។​

 
​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន នៅ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​៣១​តុលា  លោកស្រី ជូ ប៊ុន​អេង បាន​ឲ្យ​ដឹងថា គណៈ​កម្ម​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​បង្ក្រាប​គ្រប់​ករណី​នៃ​ការជួញដូរ​មនុស្ស​ជា​បន្តបន្ទាប់ ដោយ​ធ្វើ​ឲ្យ​ករណីនេះ​ថយចុះ​។ ដ្បិត​ករណីនេះ​ថយ​ក្តី ប៉ុន្តែ​វា​ក៏​លេច​រូបភាព​នៃ​ការជួញដូរ​មនុស្ស​ថ្មី​មួយទៀត តាមរយៈ​ការ​ពពោះ​ជំនួស​វិញ​។ ការធ្វើ​អាជីវកម្ម​ពពោះ​កូន​ជំនួស​នេះ វា​បាន​រីកសាយ​ឡើងកាន់​ធំ​នៅក្នុង​សង្គម​ខ្មែរ ដែលជា​ការព្រួយបារម្ភ​ផងដែរ​។​
 
​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ  បាន​និយាយ​ដូច្នេះ​ថា​៖ «​គ្រាន់តែ​ស្ត្រី​ពពោះ​កូន​ជំនួស​វា​មិនមែនជា​ករណី​ប្លែក​ទេ​។  ប៉ុន្តែ​បើ​ការ​ពពោះ​នោះ មាន​លក្ខណៈ​ដោះដូរ​កូន​ជាមួយនឹង​ផលប្រយោជន៍​។ នេះ​ចាត់ទុក​ជាការ​ករណី​ជួញដូរ​មនុស្ស​។ លើសពីនេះ បើ​យក​ទារក​ទាំងនោះ​ឆ្លងដែន ដែល​ផុតពី​សមត្ថភាព​នៃ​ការទទួលខុសត្រូវ​រប​ស់​អ្នក​ពពោះ​។ នេះ​ត្រូវបាន​ចាត់ទុកជា​បទល្មើស​អំពើ​ជួញដូរ​មនុស្ស​ឆ្លងដែន​។ ករណីនេះ បាន​បង្ក្រាប​លើកដំបូង​នៅ​ឆ្នាំ​២០១៦   យើង​បាន​ចាត់ទុកថា​ស្រី្ត​ជា​ជនរងគ្រោះ ដោយសារ​ស្ត្រី​ទាំងនោះ​មិនមាន​ការយល់ដឹង​អំពី​បញ្ហា​ច្បាប់ ហើយ​ខាងយើង​អត់​មានការ​ផ្សព្វផ្សាយ​អ្វី​ទាំងអស់​។ ប៉ុន្តែ​បន្ទាប់ពី​យើង​បាន​ណែនាំ​ផ្សព្វផ្សាយ និង​ធ្វើ​គោលការណ៍​ច្បាប់​ថ្មី​ក្នុង​ឆ្នាំ​២០១៧  ករណីនេះ​មាននៅ​តែ​ធ្វើ​ទៀត នេះ​មិនមែនជា​ករណី​ស្ត្រី​ជា​ជនរងគ្រោះ​ទៀត​ទេ គឺជា​ការ​ផ្សំគំនិត​គ្នា ដែលមាន​ចេតនា​ពពោះ ដើម្បី​យក​ទារក ទៅ​ដោះដូរ យក​ផលប្រយោជន៍​អ្វីមួយ​»​។ 
 
​លោកស្រី ជូ ប៊ុន​អេង បាន​បញ្ជាក់ថា ករណី​ពពោះ​ជំនួស​នេះ គឺជា​ការរំលោភ​សិទ្ធ​ទារក​យ៉ាងធ្ងន់ធ្ងរ ដែល​មិនមែនជា​រឿង​ការលើកកម្ពស់​ស្ត្រី​ទេ ពីព្រោះ​ស្រី្ត​គ្មាន​សិទ្ធ​លក់​កូន​ខ្លួនឯង​ឡើយ​។​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ អ្នក​ដែល​ចូលរួម​ក្នុងការ​ពពោះ​ជំនួស​នេះ ភាគច្រើន​មាន​ប្រភព​ចេញពី​អ្នកបម្រើ​ការងារ​នៅតាម​រោងចក្រ និង​សហគ្រាស​នានា​។​
 
​ទាក់ទង​នឹង​ករណី​ពពោះ​ជំនួស​នេះ រដ្ឋាភិបាល កំពុងតែ​ព្យាយាម​ធ្វើ​ច្បាប់ ដើម្បី​ឲ្យ​ការងារ​ពពោះ​ជំនួស​នេះ កម្រិត​នៅក្នុង​លក្ខខណ្ឌ​មួយ​ថា តើ​ការ​ពពោះ​បែបណា ដែល​ហៅថា​មនុស្សធម៌ ? ហើយ​ការ​ពពោះ​បែបណា​ជា​ករណី​បទល្មើស ដើម្បី​ធានា​ដល់​សិទ្ធិ​រស់រានមានជីវិត​របស់​ទារក ។​
 
​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ឃុំខ្លួន​ស្ត្រី​៣២​នាក់ ពីបទ​ល្មើស​ពពោះ​កូន​ជំនួស​។  ក្នុងនោះ​ស្រី្ត​រលូត​កូន​៣​រូប​, ស្ត្រី​សម្រាលកូន​ហើយ​ស្លាប់មាន​១​រូប និង​អ្នក​សម្រាលកូន​ហើយ​មាន​៩​រូប បាន និង​កំពុងស្ថិត នៅក្រៅ​ឃុំ ឬ​ព្យួរទោស​។ ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៨​នេះ ការបង្ក្រាប​ករណី​ជួញដូរ​មនុស្ស មាន​ចំនួន ៦៣​ករណី ថយចុះ​៣​ករណី បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧  ដែល​មានតែ​៦៦​ករណី​៕
 

Tag:
 ពពោះ​
  ស្ត្រី​
  ជួញដូរ​
  កុមារ​
  ផ្លូវភេទ​
  ជូ ប៊ុន​អេង
© រក្សាសិទ្ធិដោយ thmeythmey.com