អន្តរជាតិ
ក្រសួង​សន្តិសុខ​វៀតណាម​ថា ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ថ្មី​នឹង​ទប់ស្កាត់​ព័ត៌មាន​ប្រឌិត និង​អំពើ​ភេរវកម្ម​
01, Nov 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​វៀតណាម ដែល​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​អង្គការ​ឃ្លាំមើល​សិទ្ធិ​សកលលោក​បាន​ព្រមាន​ថា អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ និង​ការច្នៃប្រឌិត​ថ្មី នឹង​ការពារ​ប្រទេស​នេះ​ពី​ការកើនឡើង​ការគំរាមកំហែង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។ នេះ​បើ​យោងតាម​ក្រសួង​សន្តិសុខ​វៀតណាម​។

 
​សមាជិកសភា​វៀតណាម​បានអនុម័ត​លើ​ច្បាប់​នេះ​កាលពី​ខែ មិថុនា បើទោះជា​មានការ​ប្រឆាំង​ពី​បណ្តា​ក្រុមហ៊ុន​នានា ដូចជា​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក ក្រុមហ៊ុន Google អង្គការ​ឃ្លាំមើល​សិទ្ធិ និង​រដ្ឋាភិបាល​បស្ចិម​ប្រទេស ដោយ​រួមទាំង​សហរដ្ឋអាមេរិក​ក៏ដោយ​។​
 
​ក៏ប៉ុន្តែ​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម ដែល​គ្រប់គ្រង​កងកម្លាំង​ប៉ូលិស បាន​ឲ្យ​ដឹងថា ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ត្រូវបាន​គំរាមកំហែង ដោយ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រាប់ម៉ឺន​ដង ដែល​បង្ក​ឲ្យ​ខាតបង់​ដោយផ្ទាល់​ទៅលើ​វិស័យសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ និង​គំរាម​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ទៀតផង​។ 
 
​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​ឲ្យ​ដឹង​តាមរយៈ​ផ្នែក​សំណួរ​និង​ចម្លើយ​លើ​គេហទំព័រ​របស់​ក្រសួង​នេះ​ថា «​ការអនុវត្ត​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​គឺ​សំខាន់​ខ្លាំងណាស់ ដើម្បី​បំពេញ​ទៅតាម​លក្ខខណ្ឌ​ជាបន្ទាន់​នានា​ក្នុងការ​ការពារ​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត‍​»​។ ច្បាប់​ដែល​នឹង​ចូល​ជាធរ​មាននៅ​ឆ្នាំ​ក្រោយនេះ តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​បង្កើត​ការិយាល័យ និង​ផ្ទុក​ទិន្នន័យ​នៅក្នុង​ប្រទេស​វៀតណាម​តែម្តង​។​
 
​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក និង​ក្រុមហ៊ុន Google ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​នេះ មិនមាន​ការិយាល័យ​ឬ​កន្លែង​សម្រាប់​ផ្ទុក​ទិន្នន័យ​នៅក្នុង​ប្រទេស​នេះឡើយ​។ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា វៀតណាម​មិនដែល​មាន​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​លើ​បញ្ហា​នានា ដូចជា​ព័ត៌មាន​ប្រឌិត​និង​ការនិយាយ​បរិហារកេរ្តិ៍ ដែល​បង្ក​ជា​ផលវិបាក​នានា​នោះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com