ក្នុងទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន អង្គការជាតិនិងអន្តរជាតិចំនួន៤២ បានរួមគ្នាធ្វើសេចក្តីថ្លែងការណ៍មួយ ដើម្បីជំរុញឲ្យអាជ្ញាធរកម្ពុជា ចាត់វិធានការផ្លូវច្បាប់លើគ្រប់បទល្មើស ដោយមិនត្រូវលើកលែង។ ពួកគេ បានសម្តែងក្តីបារម្ភចំពោះនិទណ្ឌភាពនៅកម្ពុជា ដែលនៅតែបន្តរាលដាល ហើយអ្នកប្រព្រឹត្តបទល្មើសលើអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្ស មិនសូវត្រូវបានយកទៅផ្តន្ទាទោស។
សេចក្តីថ្លែងការណ៍ ដែលធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន យ៉ាងតិច មានអ្នកសារព័ត៌មាន១៣នាក់ ត្រូវបានសម្លាប់នៅកម្ពុជា។ សេចក្តីថ្លែងការណ៍ បញ្ជាក់យ៉ាងដូច្នេះថា៖«ក្នុងចំណោមករណីទាំង១៣ មាន១១ករណី ដែលពុំមានជនណាម្នាក់ ត្រូវបានកាត់ទោសពីបទឃាតកម្មលើអ្នកសារព័ត៌មានទាំងនោះទេ»។
ក្រុមអង្គការ-សង្គមស៊ីវិល បានសរសេរក្នុងសេចក្តីថ្លែងការណ៍ទៀតថា៖«ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន នាំមកនូវការគំរាមកំហែងពិតប្រាកដ។ […..] នៅពេលរដ្ឋខកខានក្នុងការស៊ើបអង្កេត និងការដាក់ទណ្ឌកម្មចំពោះអំពើហិង្សាលើអ្នកសារព័ត៌មាន វា ជាសារ ដែលបង្ហាញថា ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន គឺត្រូវបានអនុញ្ញាត»។
តាមរយៈសេចក្តីថ្លែងការណ៍ ពួកគេ មិនត្រឹមតែលើកឡើងពីការរួចទោសក្នុងការវាយប្រហារលើអ្នកសារព័ត៌មាននោះទេ តែក៏បានលើកឡើងពីការផុតទោសក្នុងការសម្លាប់អ្នកផ្សេងទៀតដែរ ដូចជាឃាតកម្មលើ លោក ជា វិជ្ជា ប្រធានសហជីព ឃាតកម្មលើលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និង ឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ ជាដើម។
អង្គការ-សង្គមស៊ីវិល បានសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍បែបនេះថា៖«ការខ្វះខាតនូវការស៊ើបអង្កេតហ្មត់ចត់ តម្លាភាព និងឯករាជ្យ ទៅលើការសម្លាប់អ្នកទាំងនោះ បង្ហាញពីការដក់ជាប់នូវវប្បធម៌និទណ្ឌភាព ដែលកំពុងកើតមាននៅកម្ពុជា»។
«យើងខ្ញុំ សូមថ្កោលទោសចំពោះនិទណ្ឌភាព ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ និងសង្គមកម្ពុជា ហើយទាមទារយុត្តិធម៌ដល់ពលរដ្ឋ ដែលសិទ្ធិរបស់ពួកគេ មិនត្រូវបានអើពើ។ យើងខ្ញុំ សូមអំពាវនាវឲ្យអាជ្ញាធរ ផ្តន្ទាទោសជនល្មើស ដែលប្រព្រឹត្តឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស»។ នេះជាសារចុងក្រោយនៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ-សង្គមស៊ីវិល។
ស្ថាប័នអន្តរជាតិ ដែលចូលរួមធ្វើសេចក្តីថ្លែងការណ៍នេះ មានដូចជា អង្គការលើកលែងទោសអន្តរជាតិ (AI) សមាជិកសភាអាសានដើម្បីសិទ្ធិមនុស្ស (APHR) វេទិកាអាស៊ីដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍ (Forum Asia) និង សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ជាដើម។ ចំណែក អង្គការ-សង្គមស៊ីវិលក្នុងស្រុក មានដូចជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សមាគមអាហុក សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង អង្គការលីកាដូ ជាដើម។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានច្រានចោលទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍នេះ។ តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ លោក ឆ្លើយតបទៅអង្គការ-សង្គមទាំងនោះថា៖«សេចក្តីថ្លែងការណ៍ការរបស់ពួកគេ ជាការប្រឌិត ដែលខុសពីស្ថានការណ៍ពិតនៅកម្ពុជា។ ខ្ញុំយល់ថា ការចេញសេចក្តីថ្លែងការណ៍នេះ គឺគ្រាន់តែដើម្បីវាយប្រហាររដ្ឋាភិបាលប៉ុណ្ណោះ»។
អ្នកនាំពាក្យ បន្តថា អាជ្ញាធរពុំបានទុកចោលនូវបទល្មើសណាមួយឡើយ រួមទាំងបទលើសលើអ្នកសារព័ត៌មាន អ្នកវិភាគ និងអ្នកការសិទ្ធិមនុស្ស ដែលក្រុមសង្គមស៊ីវិលលើកឡើងផងដែរ។ លោក សង្កត់ធ្ងន់ថា៖«ជនណា ដែលប្រព្រឹត្តបទល្មើស ឲ្យតែយើងមានតម្រុយ យើងនឹងស្វែងរកហើយនាំទៅតុលាការ»។
លើសពីនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ ថែមទាំងអះអាងទៀតថា រដ្ឋាភិបាល មិនដែលធ្វើទុក្ខបុកម្នេញឬកៀបសង្កត់អ្នកសារព័ត៌មានឡើយ។ លោក បកស្រាយយ៉ាងដូច្នេះថា៖«អ្នកសារព័ត៌មាន ជាភ្នែកជាច្រចុះរបស់រដ្ឋាភិបាល។ ឥឡូវ រដ្ឋាភិបាល កំពុងពង្រឹងអ្នកនាំពាក្យតាមស្ថាប័ន ដើម្បីបញ្ជូនព័ត៌មានទៅអ្នកសារព័ត៌មាន។ ខ្លួនខ្ញុំផ្តល់ ខ្ញុំចំណាយពេល១០ទៅ១២ម៉ោងឯណោះក្នុង១ថ្ងៃ ដើម្បីឆ្លើយតបនឹងអ្នកសារព័ត៌មាន។ ដូច្នេះ វាគ្មានប្រយោជន៍អ្វីសម្រាប់យើងនោះទេ ដែលយើងត្រូវទៅសម្លាប់អ្នកសារព័ត៌មាន»៕