ជាតិ
សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ចាត់ទុក​សេដ្ឋកិច្ច​បៃតង​ថា សំខាន់​សម្រាប់​អ្នកវិនិយោគ​
02, Nov 2018 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បាន​នឹង​កំពុង​ជំរុញ​ដល់​ក្រុមហ៊ុន​ដៃគូ និង​អ្នកវិនិយោគ​ក្នុងប្រទេស​កម្ពុជា​ឲ្យ​អនុវត្ត​សេដ្ឋកិច្ច​បៃតង ក្នុង​គោលដៅ​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​ប្រកបដោយ​និរន្តរភាព និង​ចូលរួមចំណែក​ក្នុង​ទំនួល​ខុសត្រូវ​សង្គម​។ សេដ្ឋកិច្ច​បៃតង​ជាគោលការណ៍​រួមគ្នា​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ដល់​បរិស្ថាន​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។ គោលការណ៍​បៃតង​មានដូចជា ការប្រើប្រាស់​ថាមពលព្រះអាទិត្យ ការកែច្នៃ​ឡើងវិញ ការបន្ថយ​ការប្រើប្រាស់​វ​ត្តុ​ធាតុ​ដើម ការបន្ថយ​ការប្រើប្រាស់​ជាតិគីមី ថ្នាំពុល និង​គិតពី​ផល​បះ​ពាល់​បរិស្ថាន និង​សង្គម ជាដើម​។

 
 
​កម្ពុជា​ជា​ប្រទេស​កំពុង​អភិ​ឌ្ឍ នេះ​ជា​ឱកាសល្អ​ក្នុងការ​ជំរុញ​ការវិនិយោគ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការការពារ​បរិស្ថាន ប្រជាពលរដ្ឋ និង​ថវិកាជាតិ​។ លោក អាន់​ដេ​អូ​ល កា​ដាំង ប្រធាន​គណៈកម្មការ​ធុរកិច្ច​បៃតង សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បានលើកឡើង​ក្នុង​កិច្ចពិភាក្សា​សារព័ត៌មាន​ស្តីពី សេដ្ឋកិច្ច​បៃតង​នា​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​
 
​លោក និយាយ​ដូច្នេះ​ថា​៖«​ប្រទេស​អភិវឌ្ឍ កំពុងតែ​អនុវត្ត សេដ្ឋកិច្ច​បៃតង ព្រោះ​វា​ជួយ​ច្រើន​ដល់ ប្រជាពលរដ្ឋ ភពផែនដី និង​សេដ្ឋកិច្ច ព្រោះ​មនុស្ស​បច្ចុប្បន្នកំពុង​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​នេះ ដល់​ពេលដែល​កម្ពុជា​ត្រូវតែ​ចាប់ផ្ដើម​ដើម្បី​កាត់បន្ថយ​ការបំពុល​ប្រទេស ការចំណាយ​ថវិកា​ច្រើន និង​ចំណេញ​ពេលវេលា​»​។ 


 
​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា និង​ក្លឹប​អ្នកកាសែត​កម្ពុជា បានរៀបចំ​កិច្ចពិភាក្សា​សារព័ត៌មាន​ស្តីពី សេដ្ឋកិច្ច​បៃតង ជាមួយ​អ្នកសារព័ត៌មាន​ជាតិ និង អន្តរជាតិ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ និង​ជួយ​ដល់​អ្នកសារព័ត៌មាន​ឈ្វេងយល់​បន្ថែម​ពី​សេដ្ឋកិច្ច​បៃតង នា​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។ លោក បន្តថា​សភាពាណិជ្ជកម្ម​អឺរ៉ុប​កំពុង​រៀបចំ​បទដ្ឋាន​គ​តិ​យុត្ត វគ្គ​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​បន្ថែមទៀត​អំពី​សេដ្ឋកិច្ច​បៃតង​ដល់​សារ​ធារ​ណ​ជន អ្នកវិនិយោគ ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​ដល់​ក្រុមហ៊ុន និង​អ្នកវិនិយោគ​។  លោក​ក៏បាន​ថ្លែង​កោត​ស​សើរ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​គាំទ្រ​ក្នុង​ដំណើរកា​អនុវត្ត​សេដ្ឋកិច្ច​បៃតង​នេះ​ផងដែរ​។ 
 
​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​នឹង​ជួយ​ដល់​សហគ្រាស​ដែល​គោរព​តាម​បទដ្ឋាន​សេ​កិច្ច​បៃតង ដោយ​ចេញ​ស្លាក​សញ្ញា​សម្គាល់​ផលិតផល​ស្ដង់ដារ និង​ជួយ​រក​ទីផ្សារ​ផងដែរ​។ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុ​ជាមាន​សមាជិក​ចំនួន​៣៤៨ ក្រុមហ៊ុន ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​៕ 

Tag:
 ​ជាតិ​
  សេដ្ឋកិច្ច​
  សេដ្ឋកិច្ច​បៃតង​
© រក្សាសិទ្ធិដោយ thmeythmey.com