ជាតិ
សង្គមជាតិ
បើ​ខ្វល់​ពី​បរិស្ថាន និង​មនុស្ស​ជំនាន់​ក្រោយ សូម​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​
03, Nov 2018 , 1:30 pm        
រូបភាព
ដោយ គី ចំណា

​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ការប្រើប្រាស់​ថង​ប្លា​ស្ទិ​កបាន​នឹង​កំពុង​កើនឡើង​ជាប្រចាំ​។ របាយការណ៍​របស់​ក​ម្ម​វិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) បានបង្ហាញ​ឲ្យ​ឃើញថា ប្រជាជន​ខ្មែរ​ប្រើ​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​ជាង​១០​លាន​ថង់​ក្នុង​មួយថ្ងៃៗ​។​

 
​បើតាម​ទិន្នន័យ​ខាងលើ ប្រជាជន​កម្ពុជា​ម្នាក់ៗ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជា​មធ្យម​ប្រមាណ ២០០០​ថង់​ក្នុង​មួយឆ្នាំ​។ ៩០%​នៃ​សំរាម​ប្លា​ស្ទិ​ក​ទាំងនោះ​ត្រូវបាន​គេ​បង្ហូរ​ចូលទៅក្នុង​សមុទ្រ  ទន្លេ​និង​បឹង​នានា​ជុំវិញ​ប្រទេស​កម្ពុជា ដោយសារ​ការគ្រប់គ្រង​សំរាម​ទាំងនោះ​នៅមាន​ភាពទន់ខ្សោយ​នៅឡើយ​។​
 
​បញ្ហា​ទាំងនេះ​គឺ​នៅត្រង់ថា សំរាម​ប្លា​ស្ទិ​ក​ដែល​អាចជា​ថង់ ឬ​ប្រអប់​ស្នោរ​ជា​ប្រភេទ​សំរាម​អ​សរីរាង្គ ហើយ​វា​ត្រូវការ​រយៈពេល​យូរ​ដើម្បី​រលាយ​ទៅក្នុង​ធម្មជាតិ​វិញ​។ វា​បង្កើត​បញ្ហា​ជាច្រើន​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​សត្វ​ក្នុង​ទឹក​។ 
 
​ថង់​ប្លា​ស្ទិ​ក​មួយចំនួន​បំផ្លាញ​ជំរក​សត្វ​ត្រី និង​បំពុល​ទឹកស្អាត​ដែលជា​កន្លែង​សម្បូរ​ទៅដោយ​សត្វ​សមុទ្រ​
​នានា​។ ពេលខ្លះទៀត សត្វ​សមុទ្រ​មួយចំនួន​ក៏​អាច​ច្រឡំ​ថា​ថង់​ប្លា​ស្ទិ​ក​ទាំងនោះ​ជា​អាហារ​ផងដែរ​។​
 
​ម្យ៉ាងវិញទៀត សំរាម​ទាំងនេះ​ក៏បាន​បំផ្លាញ​ទី​រមណីយដ្ឋាន​ធម្មជាតិ​នានា បង្ក​ឲ្យ​មាន​ភាព​កង្វក់​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្ក​ឲ្យ​មាន​ជំងឺ​ប៉ះពាល់​ដល់​សុខភាព​ផង​។ 
 
​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​អាច​ប្រកាន់​ទម្លាប់​ល្អៗ​ខាងក្រោម​នេះ​បន្តិចៗ​ម្តង​ដើម្បី​ឲ្យ​បរិស្ថាន​ក្នុងប្រទេស​យើង​មាន​លក្ខណ​ល្អប្រសើរ​៖
•​ ​ការប្រើប្រាស់​ដប​ទឹក​ផ្ទាល់ខ្លួន ច្រក​ទឹក​ពី​ផ្ទះ ពី​សាលារៀន ឬ​កន្លែងធ្វើការ​។ 
•​ ​កាត់បន្ថយ​ការប្រើប្រាស់​ប្រអប់​ស្នោរ ចាន ឬ​ស្លាបព្រា​ជ័រ ដប​ទឹក​ជ័រ​តាមតែ​អាចធ្វើ​ទៅបាន​។ 
•​ ​កុំ​ប្រើប្រាស់​ទុយ​យោរ​ហូប​ទឹក​ច្រើនពេក ព្រោះ​ទុយ​យោរ​ជ័រ​ទាំងអស់នោះ​ក៏​ផ្តល់​ជា​បញ្ហា​ដូច​ថង់​ប្លា​ស្ទិ​ក​ដែរ​។​
•​ ​ប្រើប្រាស់​កន្ត្រក​ផ្តៅ​ពេល​ទៅ​ផ្សារ ចៀសវាង​ការប្រើ​ថង់​ប្លា​ស្ទិ​ក​។​
•​ ​បោះ​សំរាម​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ និង​ញែក​សំរាម​ណា​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​។​
•​ ​ប្រើ​ថង់​ក្រដាស​ក្នុង​ការដាក់​នំចំណី​ស្រាលៗ​។​
 
​បើ​ពលរដ្ឋ​ម្នាក់ៗ​ជាពិសេស​យុវវ័យ​ជំនាន់​ក្រោយ​អាច​ចូលរួម​អនុវត្ត​បន្តិច​ម្តងៗ នោះ​បរិស្ថាន​និង​សុខភាព​របស់​ប្រជាជន​នឹង​ប្រសើរ​ជាង​មុន​៕
 

Tag:
 បរិស្ថាន​និង​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com