ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
វេជ្ជបណ្ឌិត​៖ ការប្រើ​ហិង្សា និង សម្តី​អាក្រក់​លើ​កុមារ ធ្វើ​ឲ្យ​កុមារ​បាត់​ភាព​ឆ្លាត​វៃ​
03, Nov 2018 , 8:39 pm        
រូបភាព
វេជ្ជបណ្ឌិត សេង សាម៉ន
វេជ្ជបណ្ឌិត សេង សាម៉ន
ដោយ:
ភ្នំពេញ​៖ អូ​ធី​សឹម (Autism) ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​កុមារ​ដែលមាន​អាយុ​៣​ឆ្នាំ មិនអាច​លូតលាស់​បានល្អ​ដូចជា ការនិយាយ ការដើរ និង​ការចងចាំ​ខ្សោយ​។ ជំងឺ​នេះ​កើតឡើង​ដោយសារតែ​ឱ​ពុក​ម្តាយ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ និង​ប្រើ​ពាក្យសម្តី​អាក្រក់​ទៅកាន់​កូន ដែល​នាំ​ឲ្យ​កូនរង​សម្ពាធ​ធ្ងន់ធ្ងរ មិនអាច​បង្កើន​ភាព​ឆ្ងា​ត​វៃ​បានឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក សេង សាម៉ន វេជ្ជបណ្ឌិត​នៃ​មន្ទីរ​ព្យាបាល​កុមារ​ផ្កាឈូក​។


​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ លោក​វេជ្ជបណ្ឌិត សេង សាម៉ន បាន​ចូលរួម​ធ្វើជា​វាគ្មិន ក្នុង​សិក្ខាសាលា​ស្តី​សុខភាព​និង​ការអភិវឌ្ឍ​ខួរក្បាល​កុមារ ដែល​រៀបចំ​ដោយ​វិទ្យុ​ផ្កាឈូក នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC )  ដោយមាន​អ្នកចូលរួម​ប្រមាន​ពី​៤០០​ទៅ​៥០០​នាក់​។ ក្រោយ​បញ្ចប់​សិក្ខាសាលា​នេះ លោក​វេជ្ជបណ្ឌិត អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ថ្មីៗ សម្ភាស​ផ្តាច់មុខ ពី​បញ្ហា​សុខភាព​និង​ការអភិវឌ្ឍ​ខួរក្បាល​កុមារ​។ 
 
​លោក​វេជ្ជបណ្ឌិត សេង សាម៉ន បាន​ពន្យល់ថា ក្រៅពី​ប្រើ​អំពើហិង្សា​និង​សម្តី​អសុរោះ វិបត្តិ​ផ្លូវចិត្ត​របស់​ឪពុកម្តាយ ក៏​ជា​បញ្ហា​មួយ ដែល​បង្ក​ឲ្យ​កូនតូច មាន​ជំងឺ​អូ​ធី​សឹម​ផងដែរ ហើយនឹង​ធ្វើ​ឲ្យ​កុមារ ដែល​មិនទាន់​ចេះ​ដើរ ឬ​និយាយ និង​មានការ​ចងចាំ​ខ្សោយ មាន​ជំងឺ​បាក់​ទឹកចិត្ត ព្រមទាំង​មាន​ផលប៉ះពាល់​ដល់​ខួរក្បាល និង​រាងកាយ​របស់​កុមារ​។​
 
​សូម​ស្តាប់​កិច្ច​សម្ភាស​រវាង​កញ្ញា សៅ សុខ​អេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សេង សាម៉ន វេជ្ជបណ្ឌិត​នៃ​មន្ទីរ​ព្យ​បាល​កុមារ​ផ្កាឈូក ខាងក្រោម​នេះ​៖ 



«​ជំងឺ​អូ​ធី​សឹម ក៏​កើត​ឡើងលើ​ទារក​ដែល​នៅក្នុង​ផ្ទៃ​ម្តាយ​ផងដែរ​។ មូលហេតុ​ដោយសារ​ឱ​ពុក​ម្តាយ​មាន​ឈាម​មិនត្រូវ​គ្នា ទាក់ទង​នឹង​ក្រ​ម៉ូ​សូម ដែល​ឲ្យ​កុមារ​ទើបនឹង​កើតមាន​ក្រូ​ម៉ា ក៏​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​អូ​ធី​សឹម​ផងដែរ​។ សូម្បី​ការប្រើ​ថ្នាំ​ហួសហេតុ​ពេក​នោះ ក៏​ជា​ផលប៉ះពាល់​ការលូតលាស់​របស់​កុមារ​យ៉ាងធ្ងន់ធ្ងរ​ដូចគ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក សេង សាម៉ន​។​
  
 
​លោក​វេជ្ជបណ្ឌិត​រូបនេះ ណែនាំ​ថា ដើម្បី​ជៀសវាង​ជំងឺ​ដែល​បណ្តាល​ឲ្យ​កុមារ​មានការ​លូតលាស់​មិនល្អ​នោះ ឱ​ពុក​ម្តាយ​គ្រប់រូប​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា និង​ចិញ្ចឹម​កូន​ឲ្យ​បាន​ល្អិតល្អន់ និង​ត្រូវ​បង្រៀន​ជំនាញ​ពិសេស​ដល់​កូន​តាំងពី​កូន​បានចាប់កំណើត​។ ទន្ទឹមនឹងនេះ ឱ​ពុក​ម្តាយ ត្រូវ​នាំ​កូន​ទៅ​ជួប​វេជ្ជបណ្ឌិត​ឯកទេស ដើម្បី​ពិគ្រោះ និង​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​។ 
​លោក បញ្ជាក់​ចុងក្រោយ​ថា ខួរក្បាល​កុមារ​ចាប់ផ្តើម​លូតលាស់​នៅ​អាយុ​៣​ខែ ហើយ​កុមារ​ដែល​ទើប​កើត​ដល់​អាយុ​៥​ឆ្នាំ ជា​ដំណាក់​កាលដែល​កុមារ​មានការ​ចាប់យក​បាន​លឿន និង​ធ្វើ​ឲ្យ​កុមារ​មាន​ភាព​ឆ្លាត​វៃ ប៉ុន្តែ បើ​កុមារ​នោះ​មាន​សម្ពាធ​ពី​ឱ​ពុក​ម្តាយ​ហើយ ទោះបី​បង្រៀន​អ្វី​ក៏​ក្មេង​នោះ​មិនចេះ​ដែរ​៕ 

 

Tag:
 អប់រំ​
 ​សុខភាព​
  អូ​ធី​សឹម​
  សេង សាម៉ន​
 ​ម្តាយ
© រក្សាសិទ្ធិដោយ thmeythmey.com