ជាតិ
សង្គមជាតិ
អន្តរជាតិ
កុមារ ៩០​ភាគរយ​លើ​ពិភពលោក​កំពុង​រងគ្រោះ​ដោយសារ​ការបំពុល​ខ្យល់​
03, Nov 2018 , 9:59 pm        
រូបភាព
ដោយ គី ចំណា

កុមារ​តូចៗ​ដែលមាន​អាយុ​ក្រោម​១៥​ឆ្នាំ​ចំនួន​១៨០០​លាន​នាក់ ឬ​ស្មើនឹង​៩៣%​នៃ​កុមារ​សរុប​ក្នុង​ពិភពលោក​កំពុងតែ​រស់នៅក្នុង​ម​ជ្ឍ​ដ្ឋា​ន​ដែល​សម្បូរ​ទៅដោយ​ការបំពុល​បរិយាកាស​។ ពួកគេ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​មាន​បញ្ហា​សុខភាព​ផ្លូវដង្ហើម​។​

 
​ចុងខែ​តុលា​កន្លងទៅ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹងថា គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៦ កុមារ​ប្រមាណ ប្រាំមួយ​សែន​ជុំវិញ​ពិភពលោក​បាន​បាត់បង់​ជីវិត​ដោយ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ពី​កង្វក់​បរិយាកាស​នៅ​កន្លែង​ដែល​ពួកគេ​រស់នៅ​។ បញ្ហា​ទាំងអស់នេះ​ភាគច្រើន​កើតមាន​នៅតាម​ប្រទេស​ក្រីក្រ និង​ប្រទេស​ដែល​កំពុង​អភិរ​ឌ្ឍ​។ 
 
​របាយការណ៍​អង្គការ​ខាងលើ​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា ស្ត្រី​ពពោះ​ដែល​ស្រូបខ្យល់​កខ្វក់ អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ខ្សោយ និង​មាន​សរីរាង្គ​មិន​រឹងមាំ​ដែល​ងាយ​កើត​ជំងឺ​ផ្សេងៗ​។ បញ្ហា​ជា​ចម្បង​ដែល​អាច​កើតមាន​ដទៃទៀត​មានដូចជា ភាពរអាក់រអួល​នៃ​ការលូតលាស់​នៃ​ប្រព័ន្ធ​ប្រសាទ បញ្ហា​ផ្លូវដង្ហើម​និង​សួត និង​ពេលខ្លះទៀត​បញ្ហា​បេះដូង និង​ឈាម​ថែមទៀត ។ 
 
​អ្នកស្រី​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នៃ​អង្គការ​សុខភាព​ពិភពលោក​កត់សម្គាល់​ដូច្នេះ ៖«​កុមារ​ជាច្រើន​នាក់​កំពុង​រស់នៅក្នុង​ការបំពុល​ពី​ខ្យល់​មិន​បរិសុទ្ធ​។ វា​ពិបាក​ក្នុងការ​ទទួលយក​ណាស់ ហើយ​កុមារ​ទាំងនោះ​ត្រូវ​រស់នៅក្នុង​កន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ​ដើម្បី​ជួយ​ជំរុញ​ការលូតលាស់​នៃ​រាងកាយ​របស់​ពួកគេ​ឲ្យ​បានល្អ​»​។ 
 
​ខណៈ​ខ្យល់​បរិយាកាស​ដែលមាន​ក្រៅ​ផ្ទះ​មិន​បរិសុទ្ធ គេ​ក៏​សង្កេតឃើញ​ផងដែរ​ថា ខ្យល់​ក្នុងផ្ទះ​មួយចំនួន​ក៏មាន​ភាព​កង្វក់​ដែរ​ដោយសារ​មាន​វត្តមាន​ផ្សែង ឬ​ធូលី​ដែល​កើតចេញពី​ការដុត​ធ្យូង​ឬ​អុស​ចម្អិន​អាហារ​ដែរ​។ 
 
​ក្នុង​សន្និសីទកាសែត​នៅ​ទីក្រុង​ហ្សឺ​ណែវ នៅ​ថ្ងៃទី​៣០​ខែតុលា អង្គការ​អន្តរជាតិ​នេះ​ក៏បាន​អំពាវនាវ​ទៅកាន់​អង្គការក្រៅរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន និង​ភ្នាក់ងារ​ពាក់ព័ន្ធ​លើ​ពិភពលោក ឲ្យ​អនុវត្ត​សកម្មភាព​នានា​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិយាកាស និង​ធានា​សុខុមាលភាព​របស់​កុមារ​និង​មនុស្ស​គ្រប់រូប​លើ​ពិភពលោក​ដែរ​៕ 

Tag:
 WHO
  បំពុល​ខ្យល់
© រក្សាសិទ្ធិដោយ thmeythmey.com