អន្តរជាតិ
របាយការណ៍​៖ ឥណ្ឌូណេស៊ី ជាប់​ជា​ប្រទេស​មានចិត្ត​សប្បុរស​បំផុត​របស់​ពិភពលោក
04, Nov 2018 , 12:13 pm        
រូបភាព
ដោយ:
​របាយការណ៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅ​អង់គ្លេស បាន​រកឃើញថា ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រទេស ដែលមាន​ប្រជាជន​ចិត្តសប្បុរស និង​អាច​ពឹងពាក់​បាន​ជាងគេ​របស់​ពិភពលោក​។ ការវាយតម្លៃ​នេះ ធ្វើឡើង​ដោយ​ផ្អែកទៅលើ​ទិដ្ឋភាព នៃ​សកម្ម​ភាពជា​ប្រចាំថ្ងៃ​ចម្បង​មួយចំនួន ក្នុងចំណោម​ប្រទេស​ជាង​១០០​របស់​ពិភពលោក​។​


 
​តាម​របាយការណ៍​ស​ន្ទ​ស្សន៍​ប្រចាំឆ្នាំ​២០១៨ របស់​មូលនិធិ​ជំនួយ​សប្បុរសធម៌ (Charities Aid Foundation) ដែល​ចុះផ្សាយ​នៅ​ចុង​ខែតុលា​កន្លងទៅ ឥណ្ឌូណេស៊ី ស្ថិតនៅក្នុង​លំដាប់​កំពូល​បំផុត​ក្នុងចំណោម​១៤៦​ប្រទេស ដែលមាន​ចិត្ត​សប្បុរ​ធម៌ ឬ​ការផ្តល់​អំណោយ​ច្រើន​បំផុត​របស់​ពិភពលោក ខណៈ​អូស្ត្រាលី ស្ថិតនៅ​លំដាប់​ទី​២ ណូ​វែ​ល​ហ្សេ​ឡង់ លេខ ៣ និង​អាមេរិក លេខ ៤​។ 
​តាម​របាយការណ៍​កម្រាស់ ៤៤​ទំព័រ​នោះ ការវាយតម្លៃ​ចំណាត់ថ្នាក់​នេះ  ផ្នែក​លើ​សូចនាករ ឬ​រង្វាស់​ចម្បង​មួយចំនួន ដែល​ឆ្លុះបញ្ចាំង​ពី​ឥរិយាបថ​សប្បុ​ធម៌ ដោយ​ភ្ជាប់​ជាមួយនឹង​សំណួរ​៖«​ថា​តើ អ្នក​បានធ្វើ​អ្វីខ្លះ​កាលពី​ខែ​កន្លងទៅ​? អ្នកមាន​បាន​ជួយ​ជន​ប្លែក​មុខ ឬ​ជន អ្នក​មិន​ស្គាល់ ដែល​ត្រូវការ​ជំនួយ​ទេ​? អ្នក​បាន​បរិច្ចាគ​ប្រាក់​សម្រាប់​សម្បុ​ធម៌​ទេ​? និង​ថា​តើ​អ្នក​បាន​ស្ម័គ្រចិត្ត​ក្នុង​ការងារ​សង្គម​ទេ​?»
 
​របាយការណ៍​នេះ មាន​គោលដៅ​បង្ហាញ និង​ឆ្លុះបញ្ចាំង ថា​តើ​ប្រជាជន​របស់​ប្រទេស​ណាមួយ ដែលមាន​ការចំណាយ និង​ផ្សារភ្ជាប់​សកម្មភាព​រស់​នៅ​របស់ខ្លួន​ទៅនឹង​កិច្ចការ​សប្បុរសធម៌ និង​មនុស្សធម៌​ច្រើនជាងគេ​។ គួរបញ្ជាក់​ផងដែរ​ថា ៣ ឆ្នាំ​កន្លង​ទៀត មី​យ៉ាន់​ម៉ា ស្ថិតនៅក្នុង​លំដាប់​កំពូល​នេះ ក៏ប៉ុន្តែ​ដោយសារតែ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន បានធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​ធ្លាក់ចុះ​ចំណាត់ថ្នាក់​វិញ​។​
 
​ខាងក្រោម​នេះ គឺជា​ចំណាត់ថ្នាក់ នៃ​ប្រទេស​ទាំង​១០​ដប់ ដែលមាន​ប្រជាជន​សម្បុរ​ស​ជាងគេ ក្នុងចំណោម​ប្រជាជន នៃ​ប្រទេស ១៤៦ ក្នុង​ឆ្នាំ​២០១៨៖
១. ឥណ្ឌូណេស៊ី​
២. អូស្ត្រាលី​
៣. ណូ​វែ​ល សេ​ឡង់​
៤. អាមេរិក​
៥. អៀរ​ឡង់ 
៦. អង់គ្លេស​
៧. សិង្ហ​បុរី​
៨. កេ​ន​យ៉ា​
៩. មី​យ៉ាន់​ម៉ា​
១០. បា​រ៉ែ​ន ៕ 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
  សប្បុរសធម៌
© រក្សាសិទ្ធិដោយ thmeythmey.com