ជាតិ
សង្គមជាតិ
ប្រវត្តិវិទូ​អង់គ្លេស​៖ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ អាចជា​ក្សត្រ​ដែល​ផ្តើម​បង្កើត​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ដំបូង​គេ​
04, Nov 2018 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រវត្តិវិទូ​នៃ​សាកលវិទ្យាល័យ​ទីក្រុង​ឡុង​ដ៏​ចក្រភព​អង់គ្លេស​បាន​ប្រាប់​សារព័ត៌មាន​អង់គ្លេស BBC ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ អាចជា​ក្សត្រ​ដែល​ផ្តើមគំនិត​បង្កើត​ប្រព័ន្ធ​សុខ​ភិ​បាល​សាធារណៈ​ដំបូង​គេ​ដើម្បី​បម្រើប្រជាជន​។​


​តាម​សិក្សា​ថ្មី​មួយ​ជុំវិញ​ដោយ​ផ្តោតលើ​កំណត់ត្រា​សិលាចារឹក និង​ការធ្វើ​កំណាយ​ពី​ទីកន្លែង​នានា​ជុំវិញ​តំបន់​អង្គរ ប្រវត្តិវិទូ​អង់គ្លេស​លោក Peter Sharrock បាន​សន្និដ្ឋានថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ អាចជា​ក្សត្រ​ដំបូង​គេ​ក្នុងការ​ផ្តើមគំនិត​បង្កើត​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​។ 
 
​ទ្រង់​បាន​សាងសង់​ប្រាសាទធំ ទីកន្លែង​សាធារណៈ រួមជាមួយ​មន្ទីរពេទ្យ​រដ្ឋ​ច្រើន​កន្លែង​ដើម្បី​បម្រើ​ដល់​ការថែទាំ​សុខុមាលភាព​ប្រជាជន​សម័យ​នោះ​។  ការសិក្សា​នេះដែរ​ក៏បាន​បកស្រាយ​ពី​តួនាទី​របស់​អ្នកធ្វើការ​ក្នុង​មន្ទីរពេទ្យ​ដែលមាន​ដូចជា គ្រូពេទ្យ គ្រូពេទ្យ​ជំនួយ ចុងភៅ​ចម្អិន​អាហារ និង​អ្នក​មើលថែទាំ​ជាដើម​ដែរ​។ 
 
​មន្ទីរពេទ្យ​បុរាណ​ចំនួន ១០២ កន្លែង​ត្រូវបាន​កសាង​នៅ​ឡើង​ក្រោម​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ហើយ​មន្ទីរពេទ្យ​ទាំងនោះ​មាន​ទីតាំង​ឆ្ងាយ​ពី​ទីក្រុង​អ៊ូរ​អរ ដែល​វា​មាន​ភាពងាយស្រួល​និង​អនុញ្ញាត​ឲ្យ អ្នកជំងឺ​អាច​សម្រាក​បាន​ស្ងប់ស្ងាត់​។​
 
​ចំណែក​ការព្យាបាល​វិញ គឺធ្វើឡើង​ដោយ​ប្រើប្រាស់​ថ្នាំបុរាណ​មានដូចជា​ឬ​ស​ឈើ និង​ស្លឹកឈើ​ធម្មជាតិ​ដែលមាន​នៅក្នុង​ព្រៃ​។ 
​ឯការ​ចែកចាយ​ថ្នាំបុរាណ​ទាំងនេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​មន្ត្រី​ពេទ្យ​នៅក្នុង​ទីក្រុង​។ នៅខាងមុខ​ខ្លោងទ្វារ​នៃ​មន្ទីរពេទ្យ​បុរាណ​ទាំងនោះ បុព្វបុរស​ជំនាន់​អង្គរ​បានសរសេរថា «​ប្រជារាស្ត្រ​ទាំងឡាយ​ត្រូវបាន​ស្វាគមន៍​ចំពោះ​ការព្យាបាល​សុខភាព​»​។​
 
​លោក Peter Sherrock បាន​ពន្យល់ថា នេះ​គឺជា​ទឹកចិត្ត​សប្បុរសធម៌ និង​ការយកចិត្តទុកដាក់រ​បស់​ព្រះមហាក្សត្រ​ដែលមាន​មក​លើ​ប្រជារាស្ត្រ​ទាំងឡាយ​នៅ​សម័យ​នោះ​៕

Tag:
 ព្រះបាទ​ជ័យវរ្ម័ន​ទី ៧
  Peter Sharrock
  ប្រព័ន្ធ​សុខាភិបាល​សាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com