អន្តរជាតិ
អាមេរិក​និង​កូរ៉េខាងជើង​ត្រៀម​ចរចា​ម្ដងទៀត ខណៈ​កូរ៉េខាងជើង​គំរាម​ងាក​ទៅរក​នុយក្លេអ៊ែរ​វិញ
05, Nov 2018 , 10:16 am        
រូបភាព
លោក ប៉ុមប៉េអូ ចាប់ដៃលោក គីម យ៉ុងឈុល នៅព្រលានយន្តហោះព្យុងយ៉ាង (រូបភាព AFP)
លោក ប៉ុមប៉េអូ ចាប់ដៃលោក គីម យ៉ុងឈុល នៅព្រលានយន្តហោះព្យុងយ៉ាង (រូបភាព AFP)
​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹង​ជួប​ជាមួយ​មនុស្ស​ទី​២ របស់​កូរ៉េខាងជើង​នៅ​សប្ដាហ៍​នេះ​លើ​ទឹកដី​អាមេរិក​។ ជំនួប​នេះ​មាន​គោលដៅ​បន្ត​ការជជែក​លើ​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​ដែល​អាមេរិក និង​កូរ៉េខាងជើង​ឯកភាពគ្នា​កាលពី​ជំនួប​នៅ​សិង្ហ​បុរី ក៏ដូចជា​ត្រៀម​រៀបចំ​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ គួរ​ឲ្យ​កត់សម្គាល់​នោះ កូរ៉េខាងជើង​ស្រាប់តែ​គំរាម​វិលត្រឡប់​ទៅរក​នុយក្លេអ៊ែរ​វិញ បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​ទេនោះ​។​

 
​ជាង​៥​ខែ​មកហើយ​ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅឯ​សិង្ហ​បុរី​។ ការរំសាយ​នុយក្លេអ៊ែរ​ដែល​បាន​មូលមាត់គ្នា​នោះ នៅតែ​មិនមាន​ដំណើរការ​ដូច​ក្ដី​រំពឹង​ឡើយ ទោះជា​មន្ត្រីជាន់ខ្ពស់​ប្រទេស​ទាំងពីរ​ជួបចរចា​គ្នា​ច្រើនដង​មកហើយ​ក្ដី​។ ភាពមិន​ជឿនលឿន និង​ការខ្វែងគំនិត​គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង ធ្វើ​ឲ្យ​គេ​បារម្ភ​ថា ពេលវេលា​ល្អ​នេះ​នេះ​អាច​កន្លងទៅ​ផុត​។​
 
​យ៉ាងណាមិញ ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង នឹង​ចាប់ផ្ដើម​ការចរចា​ថ្នាក់ខ្ពស់​មួយ​ជុំ​ទៀត​នៅក្នុង​សប្ដាហ៍​នេះ​។ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រកាសថា លោក​នឹង​ជួប​ជាមួយ​លោក គីម យ៉ុង​ឈុ​ល នៅ​ក្រុង​ញូវយ៉ក ដើម្បី​បន្ត​ការពិភាក្សា​ការលុបបំបាត់​នុយក្លេអ៊ែ​រ និង​លទ្ធភាព​ជំនួប​លើក​ទី​ពីរ​រវាង​លោក ត្រាំ និង​លោក គីម ។ លោក​ប្រាប់​ទូរទស្សន៍ CBS ថា ភាគី​រំពឹង​ការ​ទៅមុខ​ក្នុង​ចរចា និង​ធានាថា ជំនួប​មេដឹកនាំ​នឹង​កើតឡើង​ដើម្បី​បញ្ចប់​បញ្ហា​នុយក្លេអ៊ែរ​។​
 
​ភាពទាល់ច្រក​ក្នុង​ដំណើរ​ការចរចា ទំនង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​មិន​ពេញចិត្ត ដ្បិត​អាមេរិក​នៅតែ​មិនទាន់​ផ្ដល់​ការលើកទឹកចិត្ត​អ្វី​ដល់​កូរ៉េខាងជើង ទោះជា​រដ្ឋ​មួយ​នេះ​បានធ្វើ​សកម្មភាព​មួយចំនួន​រួចហើយ​ក្ដី​។ នៅ​ចុង​សប្ដាហ៍​មុន ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​សេចក្ដីថ្លែងការណ៍​ព្រមាន​មួយ​ថា ក្រុង​ព្យុងយ៉ាង​នឹង​ពិចារណា​ឲ្យ​ម៉ត់ចត់​ក្នុង​ការស្ដារ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើងវិញ បើ​ទណ្ឌកម្ម​អាមេរិក​មិនត្រូវ​បាន​លើកលែង​ទេនោះ​។​
 
​ក្នុង​កិច្ច​សម្ភាស​ដាច់ដោយឡែក​ជាមួយ​ទូរទស្សន៍ Fox News លោក ប៉ុ​ម​ប៉េ​អូ មិន​បារម្ភ​នឹង​គំរាម​នេះ​ទេ​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បញ្ជាក់ថា​៖ «​យើង​កំពុង​យកចិត្តទុកដាក់​ខ្លាំង​។ យើង​ដឹងថា យើង​ចរចា​ជាមួយ​នរណា យើង​ដឹង​ពី​ជំហរ​របស់​កូរ៉េខាងជើង ហើយ​លោក​ប្រធានាធិបតី ត្រាំ បានបញ្ជាក់​ពី​ជំហរ​របស់​យើង​រួចហើយ​។​»
 
​ជុំវិញ​ការទាមទារ​របស់​កូរ៉េខាងជើង​ឲ្យ​អាមេរិក​ព្យួរ​ទណ្ឌកម្ម​នោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ​ឆ្លើយ​វិញ​ថា គ្មាន​ការផ្ដល់​ជំនួយ​សេដ្ឋកិច្ច​អ្វី​ទេ​រហូតដល់​អាមេរិក​អាច​សម្រេច​គោលដៅ​របស់ខ្លួន​។ គោលដៅ​នោះ ក៏​គ្មានអ្វី​ក្រៅពី​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​ដែរ​។ ប៉ុន្តែ​វា​ក៏​ជា​ដើមចម​នៃ​បញ្ហា​ចម្រូងចម្រាស់​រវាង​អាមេរិក និង​កូរ៉េខាងជើង ដ្បិត​ជំនួប​សិង្ហ​បុរី​មិនបាន​ចែង​ឲ្យ​ជាក់លាក់​ពី​របៀប និង​កាល​បិ​រ្ឆេ​ទ​ច្បាសលាស់​អ្វី​ដែរ​៕  
 

Tag:
 ​អាមេរិក​
  កូរ៉េខាងជើង​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
  គីម យ៉ុង​ឈុ​ល​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com