អន្តរជាតិ
ប្រធានាធិបតី​ស៊ីម​បា​វ៉េ​ស្នើ​មេដឹកនាំ​ជំនួញ​ឲ្យ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទំនិញ​ចាំបាច់​
05, Nov 2018 , 7:59 pm        
រូបភាព
ប្រធានាធិបតី Emmerson Mnangagwa ប្រុងប្រយ័ត្ន​អំពី​ការ​រក​ឃើញ​ប្រាក់បញ្ញើរ​សាំង​និង​ហ្គាស​នៃ​ប្រទេស​ស៊ីមបាវ៉េកាលពី​ថ្ងៃទី០២ វិច្ឆិកា ឆ្នាំ ២០១៨។
ប្រធានាធិបតី Emmerson Mnangagwa ប្រុងប្រយ័ត្ន​អំពី​ការ​រក​ឃើញ​ប្រាក់បញ្ញើរ​សាំង​និង​ហ្គាស​នៃ​ប្រទេស​ស៊ីមបាវ៉េកាលពី​ថ្ងៃទី០២ វិច្ឆិកា ឆ្នាំ ២០១៨។
ដោយ: VOA
​ហា​រ៉ា​រេ ៖ ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក Emmerson Mnangagwa បាន​ជួប​ជាមួយនឹង​មេដឹកនាំ​ជំនួញ​នានា​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ធានា​ដល់​សាធារណជន​ថា រដ្ឋាភិបាល​របស់លោក​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដែល​កាន់តែ​ធ្លាក់ចុះ មាន​ស្ថិរភាព​បាន​។ ប៉ុន្តែ​មេដឹកនាំ​ជំនួញ​ម្នាក់​បាន​ពន្យល់ថា ភាពមិនប្រាកដប្រជា​អំពី​ការផ្គត់ផ្គង់​ក្រដាសប្រាក់​និង​រូបិយប័ណ្ណ​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិបាក​ដំណើរការ​ទៅមុខ​។​

 
​ក្នុងការ​ថ្លែង​ទៅកាន់​នាយក​ប្រតិបត្តិ​ជំនួញ​នានា​នៅឯ​វិមាន​ប្រធានាធិបតី State House ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក Emmerson Mnangagwa បាន​និយាយថា រដ្ឋាភិបាល​របស់លោក​កំពុងតែធ្វើការ​ទាំងថ្ងៃទាំងយប់​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​។ 
 
​ប្រជាជន​ស៊ីម​បា​វ៉េ​កំពុងតែជួបប្រទះ​នឹង​បញ្ហា​ខ្វះខាត​ទំនិញ​ចាំបាច់​បំផុត​នានា ដូចជា​ប្រេងសាំង ថ្នាំសង្កូវ ប្រេង​ចម្អិនម្ហូប និង​ទឹកស្អាត​ជាដើម​។ តម្លៃ​ទំនិញ​កំពុងតែ​កើនឡើង បើទោះជា​មិន​កើន​ឡើងដល់​អត្រា​ខ្ពស់​ដូច​កាលពី​ឆ្នាំ​២០០៨ នៅពេលដែល​អត្រា​អតិផរណា​ប្រចាំឆ្នាំ​ផ្លូវការ​ឡើងដល់​២៣១​លាន​ភាគរយ​ក៏ដោយ​។ 
 
​លោក Mnangagwa បានស្នើ​ឲ្យ​ក្រុមហ៊ុន​ជំនួញ​នានា​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទំនិញ​នេះ តាមរយៈ​ការផ្គត់ផ្គង់​ទំនិញ​បន្ថែមទៀត​ទៅកាន់​ទីផ្សារ​។​
 
​លោក Mnangagwa បាន​ថ្លែងថា «​ខ្ញុំ​ត្រូវបាន​គេ​ប្រាប់ថា សហគ្រាស​ផលិត​មួយចំនួន​មិន​ផ្គត់ផ្គង់​ផលិតផល​របស់ខ្លួន​ដល់​ក្រុមហ៊ុន​ចែកចាយ​បន្ត​ទេ​។ ប្រសិនបើ​នេះ​ជាការ​ពិតមែន វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់​។ ការភ័យខ្លាច​បាត់បង់​ទ្រព្យសម្បត្តិ​និង​ប្រាក់​សន្សំ ដូចដែល​បានកើត​ឡើង​ក្នុងអំឡុង​ឆ្នាំ​២០០៨ នៅពេលដែល​សេដ្ឋកិច្ច​ធ្លាក់ចុះ​ខ្លាំង គឺ​មិន​កើតឡើង​ទេ​ក្នុងពេល​ឥឡូវនេះ​។ ខ្ញុំ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​នេះ​និង​យល់​អំពី​ការព្រួយបារម្ភ​និង​ការភ័យខ្លាច​របស់​អ្នក​ទាំងអស់គ្នា​»​។​
 
​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ស៊ីម​បា​វ៉េ លោក Sifelani Jabangwe បាន​ថ្លែងប្រាប់ VOA ថា ប្រសិនបើ​ក្រុមហ៊ុន​ណាមួយ​មិន​លក់ទំនិញ​ឲ្យ​អ្នក​លក់រាយ​ទេ នោះ​គឺ​ដោយសារតែ​ក្រុមហ៊ុន​ទាំងនោះ​ដឹងថា ខ្លួន​មិនអាច​ផ្គត់ផ្គង់​ទំនិញ​បន្ថែមទៀត​បាន​។ 
 
​លោក Jabangwe មានប្រសាសន៍ថា «​ការពិត​គឺថា អត្រា​តម្លៃ​ទំនិញ​កើនឡើង ហើយ​គ្មាន​រូបិយប័ណ្ណ​បរទេស​ហូរ​ចូលមក​នោះទេ​។ សហគ្រាស​ផលិត​ឬ​ក្រុមហ៊ុន​លក់ដុំ​ដឹងថា ទំនិញ​ដែល​ពួកគេ​មាននៅ​ក្នុង​ស្តុក​គឺជា​ទំនិញ​ចុងក្រោយបង្អស់​ដែល​ពួកគេ​មាន ដូច្នេះ​ប្រសិនបើ​ពួកគេ​លក់ទំនិញ​ទាំងនោះ​អស់ ក្រុមហ៊ុន​របស់​ពួកគេ​គឺ​ចប់​ហើយ ហើយ​យើង​ក៏​បាត់បង់​ក្រុមហ៊ុន​នោះដែរ​។ ប្រសិនបើ​ក្រុមហ៊ុន​ណាមួយ​ស្តុក​ទុក​ទំនិញ​នោះ នោះ​ប្រហែលជា​ដោយសារតែ​ពួកគេ​កំពុងតែ​រង់ចាំ​មើលថា​តើ​អត្រា​ប្តូរប្រាក់​នឹង​ទៅជា​យ៉ាងណា​។ ប៉ុន្តែ​ខ្ញុំ​មិន​គិតថា មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​ធ្វើ​ដូច្នេះ​នោះទេ​។ តាមពិត ក្រុមហ៊ុន​ជាច្រើន​អស់​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​ទៅហើយ​»​។ 
 
​បញ្ហា​ធំ​បំផុត​គឺ​ការដែល​គ្មាន​ក្រដាសប្រាក់​ដែល​អាច​ចាយ​បាន​។ ចាប់តាំងពី​ប្រទេស​ស៊ីម​បា​វ៉េ​ឈប់​ចាយប្រាក់​ដុល្លារ​របស់ខ្លួន​កាលពី​ឆ្នាំ​២០០៩​មក ប្រទេស​នេះ​ភាគច្រើន​ចាយប្រាក់​ដុល្លារ​អាមេរិក ប្រាក់​ផោន​របស់​អង់គ្លេស និង​ប្រា​ក់រែ​ន​របស់​អាហ្វ្រិក​ខាងត្បូង​ដើម្បី​ទិញដូរ​ទំនិញ​នានា​។ 
 
​ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រូបិយប័ណ្ណ​បរទេស​ទាំងបី​នេះ​ពិបាក​រក​ណាស់ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​បាន​បង្ខំ​ឲ្យ​ប្រទេស​នេះ​ពឹង​ផ្អែកលើ​ប័ណ្ណ​ទិញ​ទំនិញ​។ ប័ណ្ណ​ទិញ​ទំនិញ​ជា​រូបិយប័ណ្ណ​មួយ​ដែល​រដ្ឋាភិបាល​បានចាប់ផ្តើម​បោះពុម្ព​ឲ្យ​ប្រើប្រាស់​កាលពី​ពីរ​ឆ្នាំមុន ដើម្បី​ជួយ​សម្រួល​ដល់​ការខ្វះខាត​ក្រដាសប្រាក់​។​
 
​កាលពីពេល​ថ្មីៗ​នេះ លោក​ប្រធានាធិបតី Mnangagwa បាន​ថ្លែងថា «​យើង​នឹង​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​ប្តូរប្រាក់​ពហុ​រូប​បិ​យ​ប័ណ្ណ​»​។ លោក​បាន​មានប្រសាសន៍ថា ប្រាក់​នៅក្នុង​ធនាគារ​របស់​ប្រជាជន​គឺមាន​សុវត្ថិភាព ហើយ​ពួកគេ​មិនចាំបាច់​ត្រូវ​ចាយប្រាក់​នោះ ឬ​ប្តូរប្រាក់​សន្សំ​របស់​ពួកគេ​ទៅ​ដាក់​កន្លែង​ផ្សេង​នោះទេ​។ 
 
​ប៉ុន្តែ​តម្លៃ​ប័ណ្ណ​ទិញ​ទំនិញ​កំពុងតែ​ធ្លាក់ចុះ​។ រដ្ឋាភិបាល​ទទូចថា អត្រា​ប្តូរប្រាក់​របស់ខ្លួន​ស្មើនឹង​ប្រាក់​ដុល្លារ​អាមេរិក​។ ក៏ប៉ុន្តែ​នៅក្នុង​ទីផ្សារងងឹត មួយ​ដុល្លារ​អាមេរិក​មានតម្លៃ​ជិត​ស្មើនឹង​បួន​ប័ណ្ណ​ទិញ​ទំនិញ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com