កីឡាជាតិ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃមុខ លោក ហ៊ុន ម៉ា​នី ចង់ឃើញ​តំណាងរាស្ត្រ​ទាំងអស់​នៅ​កំពង់ស្ពឺ ជា​អ្នក​កំពង់ស្ពឺ​តែម្តង​
05, Nov 2018 , 11:19 pm        
រូបភាព
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ រូបថត ក្រសួងព័ត៌មាន
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ រូបថត ក្រសួងព័ត៌មាន
ដោយ:
កំពង់ស្ពឺ​៖ លោក ហ៊ុន ម៉ា​នី សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត តំណាងរាស្ត្រ​ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ គឺជា​អ្នក ដែល​កើត​នៅ​ខេត្ត​នេះ​តែម្តង​។ លោក យល់ថា ខេត្ត​មួយ​នេះ មាន​ធនធានមនុស្ស​គ្រប់គ្រាន់ ដើម្បី​ឈរឈ្មោះ​ធ្វើជា​តំណាងរាស្ត្រ​។

    
 
​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យក្មេង​ម្នាក់​ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា មានបំណង​ចូលរួម​អភិវឌ្ឍ​លើ​វិស័យ​ជាច្រើន​នៅ​ខេត្តកំពង់ស្ពឺ​។ ប៉ុន្តែ លោក បាន​បង្ហើប​ពី​បំណង​ពីរ​សិន  ក្នុងការ​អភិវឌ្ឍ​ក្នុង​ខេត្ត​ដែល​លោក កំពុង​ជាប់​ជា​តំណាងរាស្ត្រ​នេះ គឺ​វិស័យ​នយោបាយ​និង​វិស័យ​បាល់ទាត់​។ 
 
​លោក ហ៊ុន ម៉ា​នី បានបង្ហាញ​បំណង​ទាំងពីរ​នេះ នៅក្នុង​ឱកាស​ដែល​លោក ចូលរួម​ធ្វើជា​អធិបតី​នៃ «​កម្មវិធី​អភិវឌ្ឍន៍​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​» នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ក្នុង​កម្មវិធី​នេះ លោក បាន​និយាយ​ច្រើន​ពី​វិស័យ​កីឡាបាល់ទាត់ ជាពិសេស​ផ្តោតលើ​កីឡាករ​ក្នុង​ខេត្ត​កំ​ពង់​ស្ពឺ​។ ប៉ុន្តែ លោក ក៏​ឆ្លៀត​និយាយ​ពី​វិស័យ​នយោបាយ​បន្តិច​ដែរ​។ 
 
​ជា​បំណងប្រាថ្នា​មួយ​របស់លោក​នាពេល​អនាគត គឺ​លោក ចង់ឃើញ​តំណាងរាស្ត្រ​ទាំងអស់​ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ គឺជា​បេក្ខជន ដែល​ចេញពី​ខេត្ត​នេះ​តែម្តង​។ លោក ជឿជាក់ថា អ្នក​ខេត្តកំពង់ស្ពឺ មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​ឆន្ទៈ និង​មាន​ក្តី​ស្រមៃ ដើម្បី​អភិវឌ្ឍ​ខេត្ត​របស់ខ្លួន​។

ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អាណត្តិ​ក្រោយៗ ពេល​យើង រកឃើញ​បេក្ខជន ដែល​ចេញពី​ខេត្តកំពង់ស្ពឺ គឺ​យើង​នឹង​លើកទឹកចិត្ត​និង​បណ្តុះបណ្តាល​ពួកគាត់ ឲ្យ​ក្លាយជា​បេក្ខជន​តំណាងរាស្ត្រ​ឲ្យ​មណ្ឌល​កំពង់ស្ពឺ​ខ្លួនឯង​»​។​

ប៉ុន្តែ លោក ហ៊ុន ម៉ា​នី បន្ថែមថា អាច​មានឱកាស​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​បាន លុះត្រាតែ​បុគ្គល​នោះ មាន​សមត្ថភាព​និង​ចំណេះដឹង​ជ្រៅជ្រះ​។ លោក សង្កត់ធ្ងន់​បែបនេះ​ថា​៖«​បើ​ចំពោះ​ខ្ញុំ​វិញ សំខាន់​ធំ​ណាស់ គឺ​ជំហរ និង​បេះដូង​ដើម្បី​ខេត្តកំពង់ស្ពឺ​។ យើង​មិនមែន​ចេះតែ​ដាក់​ទេ​»​។ 

ក្នុង​នីតិកាល​ទី​៦​នេះ តំណាងរាស្ត្រ​ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ មាន​៦​រូប គឺ​លោក ហ៊ុន ម៉ា​នី លោក អ៊ូ សំ​អួន លោក សត្យា វុ​ធ លោក សុខ ប៊​ន លោក សំ រិទ្ធី និង លោក តុង សេង​។ 

ចំណែក​វិស័យ​កីឡា​វិញ លោក ហ៊ុន ម៉ា​នី បាន​ជំរុញ​ឲ្យ​គ្រូបង្វឹក​ទាំងអស់​ផ្នែក​កីឡាបាល់ទាត់ ប្រឹងប្រែង​បណ្តុះបណ្តាល​កីឡាករ​ក្នុង​ខេត្តកំពង់ស្ពឺ ឲ្យ​មាន​សមត្ថភាព ដើម្បី​អាច​ឡើងទៅ​ប្រកួត​នៅ​ថ្នាក់ជាតិ​។ លោក មាន​សុទិដ្ឋិនិយម​បែបនេះ​ថា​៖«​អាច​២​ឆ្នាំ ឬ​ទៅដល់​៥​ឆ្នាំ​ខាងមុខ​ទៀត យើង ប្រឹងប្រែង​ទាំងអស់គ្នា យូរៗ​ទៅ គឺ​យើង​អាច​បណ្តុះ​ជើងឯក​នៅ​ខេត្តកំពង់ស្ពឺ ដែល​អាច​ធ្វើជា​តំណាង​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ហើយ​អាចធ្វើ​ដំណើរ​ទៅ​ប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​។ ហើយ​រឿងនេះ អ្នក​កំពង់ស្ពឺ​អាចធ្វើ​បាន​»​។ 
 
លើសពីនេះ លោក ហ៊ុន ម៉ា​នី បាន​ជំរុញ​ឲ្យ​សាងសង់​កីឡាដ្ឋាន​មួយ ដែលមាន​លក្ខណ​ស្តង់ដារ​ខ្ពស់​នៅ​ខេត្តកំពង់ស្ពឺ​។ លោក បញ្ជាក់​​ថា​៖«​យើង មិន​ដល់​ខ្នាត​អន្តរជាតិ​ទេ ហើយក៏​មិន​ដល់​ខ្នាត​អូឡាំពិក​នៅ​រាជធានី​ភ្នំពេញ​ដែរ តែ​ស្តង់ដារ​នៅ​ខេត្តកំពង់ស្ពឺ​យើង មិន​ឲ្យ​ចាញ់​ខេត្ត​ដទៃ​នោះទេ​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com