ជាតិ
នយោបាយជាតិ
រដ្ឋាភិបាលបង្កើតក្រុមការងារដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល លោក ប៊ុន ហុន (ស្តាំ) ជាប្រធាន និងលោក ប្រាក់ សំអឿន ជាអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល។
សេចក្តីសម្រេចដែលធ្វើតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ កំណត់សមាសភាពចំនួន៨រូប ដែលមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ជាអនុប្រធាន។
ក្រុមការងារនេះ មានសមាជិកចំនួន៦រូប ដែលក្នុងនោះមានលោក ហ៊ន យុវនា អនុប្រធានក្រុមប្រឹក្សានីតិកម្ម លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ លោក ឈឹម កាន អគ្គនាយករង និងជាប្រធាននាយកដ្ឋនាកិច្ចការសមាគម និងគណបក្សនយោបាយ រួមទាំងតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមការងារនេះ ត្រូវបំពេញការងារខ្លួន តាមការណែនាំ និងដឹកនាំផ្ទាល់ពីសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
យោងតាមមាត្រា២នៃសេចក្តីសម្រេច ក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល មានតួនាទី ភារកិច្ច រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យបញ្ហាប្រឈមនានាដែលសង្គមស៊ីវិលជួបប្រទះ។
បន្ថែមលើនេះ ក្រុមការងារត្រូវប្រមូលព័ត៌មាន និងសិក្សាអំពីសំណ និងសំណូមពរផ្សេងៗ របស់អង្គការសង្គមស៊ីវិល រួចលើកយោបល់ទៅរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យដោះស្រាយ។ ជាមួយគ្នានេះផងដែរ ក្រុមការងារមានតួនាទីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធអំពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com