កីឡាជាតិ
ជាតិ
Terengganu បន្តកិច្ចសន្យាឲ្យ ប៊ីន ចន្ថាធារី មួយរដូវកាលទៀត
× សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ប៊ីន ចន្ថាធារី (Bin Chantha Thierry) តាមរយៈហ្វេសប៊ុករបស់ខ្លួនបានប្រកាសថារូបគេនឹងបន្តលេងឲ្យក្រុម Terengganu Fc ក្លិបបាល់ទាត់នៃក្របខណ្ឌកំពូលម៉ាឡេស៊ីរយៈពេល១ឆ្នាំទៀត ពោលគឺនៅរដូវកាលថ្មី ២០១៩។
«ខ្ញុំពិតជារីករាយ ក្នុងការប្រកាសថាខ្ញុំនឹងបន្តរួមរស់ជាមួយ Terengganu Fc សម្រាប់រដូវកាលក្រោយឆ្នាំ 2019!។ ខ្ញុំបានស្ងាត់មួយរយៈៗ ហើយអ្នកគាំទ្រជាច្រើនសួរអំពីអនាគតរបស់ខ្ញុំដូច្នេះខ្ញុំពិតជារីករាយក្នុងការចែករំលែកព័ត៌មាននេះជាមួយអ្នកទាំងអស់គ្នា»។ ខ្សែបម្រើកូនកាត់ខ្មែរបារាំងសរសេរលើទំព័រហ្វេសប៊ុកខ្លួនដូច្នេះ។
អតីតកីឡាករ ភ្នំពេញក្រោន និង Krabi FC របស់ថៃ បានទៅចូលរួមជាមួយក្លិបនៅម៉ាឡេស៊ី Malaysia Super League នេះកាលពីរដូវកាល២០១៨ ដោយជួយក្រុមបានចំណាត់ថ្នាក់ទី៥ និងនាំ Terengganu បានរងជើងឯកពានរង្វាន់ Malaysian Cup ទៀតផង។
ក្នុងចំណោមកីឡាករកម្ពុជាដែលបានទៅប្រកបអាជីពក្នុងលីគកីឡាបាល់ទាត់កំពូលនៅម៉ាឡេស៊ីកន្លងមកមើលឃើញថា ចន្ថាធារី ទទួលបានជោគជ័យជាងគេជាមួយនឹងការបង្ហាញសមត្ថភាពដ៏ល្អឲ្យ Terengganu ពេញមួយរដូវកាលឆ្នាំ២០១៨ និងអាចឈានដល់ការបន្តកិច្ចសន្យាមួយឆ្នាំទៀតសម្រាប់រដូវកាល២០១៩ ខាងមុខ។
បន្ទាប់ពីបង្ហាញខ្លួនគួរឲ្យចាប់អារម្មណ៍ ខ្សែបម្រើកណ្តាល វ័យ២៧ឆ្នាំ រូបនេះក៏ត្រូវបានជ្រើសរើសចូលក្នុងបញ្ជីកីឡាករ១១នាក់សម្រាប់ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ជាតិម៉ាឡេស៊ី (National Football Awards) រដូវកាល២០១៨ ផងដែរ។ ក្នុងចំណោម១១នាក់ Best XI នេះ មានសមាជិករបស់ក្រុម Terengganu FC ដល់ទៅ៥រូប៕
Tag:
បាល់ទាត់
ប៊ីន ចន្ថាធារី
Bin Chantha Thierry
Terengganu Fc
© រក្សាសិទ្ធិដោយ thmeythmey.com