អ្នកសារព័ត៌មាន​១៦​រូប ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «​កសិកម្ម និង​បរិស្ថាន​» នៅ​ខេត្តសៀមរាប​
ជាតិ
២៥ខេត្ត/រាជធានី
អ្នកសារព័ត៌មាន​១៦​រូប ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «​កសិកម្ម និង​បរិស្ថាន​» នៅ​ខេត្តសៀមរាប​
07, Nov 2018 , 10:12 am        
រូបភាព
សៀមរាប​៖ អ្នកសារព័ត៌មាន ១៦​រូប បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ខេត្តសៀមរាប ដែល​រៀបចំ​ដោយ​ទូរទស្សន៍​បារាំង CFI និង​អង្គការ Gret ។ គោលបំណង នៃ​វគ្គ​បណ្តុះបណ្តាល​ជំ​រុញឱ្យ​អ្នកសារព័ត៌មាន​ស្វែងយល់​ពី​វិស័យ​កសិកម្ម និង​បរិស្ថាន​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ចូលរួម​ផ្សា​ព្វ​ផ្សាយ​ព័ត៌មាន​ជុំវិញ​វិស័យនេះ​ឱ្យ​កាន់តែ​លម្អិត​ដល់​កសិករ​, ភាគី​ពាក់ព័ន្ធ រួមទាំង​អ្នក​បរិភោគ​។ កម្មវិធីសិក្សា​ដែល​ប្រ​ព្រិ​ត្ត​ទៅ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នា​ក្រុង​សៀមរាប​នេះ គឺ​បណ្តុះបណ្តាល​ដោយ​សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន​ជនជាតិ​បារាំង​ឈ្មោះ Sylvie LARRIERE ។


 
អ្នកសារព័ត៌មាន​កម្ពុ​ជា​ចំនួន ១៦​រូប មកពី​វិទ្យុ​, ទូរទស្សន៍ និង​សារ​ព័ត​មាន​អន​ឡាញ​នានា បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​សារព័ត៌មាន​ស្ដីពី កសិកម្ម និង​បរិស្ថាន​។ លោក Florent SIGNIFRED ប្រធាន​គម្រោង​នៃ CFI បាន​លើកឡើងថា​៖ «​ការ​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​ស្ដីពី កសិកម្ម និង​បរិស្ថាន​នេះ ដោយ​មើលឃើញថា វិស័យ​កសិកម្ម​នៅ​កម្ពុជា ជា​វិស័យ​មួយ​ដ៏​លេចធ្លោ ដូច្នេះ​អ្នកសារព័ត៌មាន​គួរតែ​ពង្រឹងសមត្ថភាព​បន្ថែម​ក្នុង​ការចុះ​យក​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ដល់​កសិករ​នានា​។ ជាពិសេស​ការផ្សព្វផ្សាយ​ពី​បច្ចេកទេស និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​»​។​



ប្រធាន​គម្រោង​នៃ CRI រូបនេះ សង្ឃឹមថា អ្នកសារព័ត៌មាន​ទាំងអស់ ដែល​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ស្វែងយល់​អំពី​កម្រិតជីវភាព​រស់នៅរ​បស់​កសិករ រួមទាំង​ការផ្សព្វផ្សាយ​ផលិតផល​របស់​កសិក​រ​ឲ្យ​បាន​ទូលំទូលាយ​។​

ចំណែក​អង្គការ Gret ដែលជា​ដៃគូ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ ក៏បាន​លើកឡើង​ជុំវិញ​បញ្ហា​កសិកម្ម​នេះ​ផងដែរ​។ លោក ទូច សុខា​រិ​ទ្ធិ ប្រធាន​គ្រប់គ្រង​គម្រោង​នៃ​អង្គការ Gret  បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន វិស័យ​កសិកម្ម​នៅ​កម្ពុជា មិនសូវមាន​ការយក​ចិត្ត​ទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ​នៅឡើយ​ទេ​។ ហេតុដូច្នេះ វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើយ៉ាងណា​បញ្ជ្រាប​ការយល់ដឹង​ដល់​អ្នកសារព័ត៌មាន​ស្វែងយល់​ពី​កសិកម្ម​»​។



​ប្រធាន​គ្រប់គ្រង​គម្រោង​នៃ​អង្គការ Gret  រូបនេះ បន្តថា អ្នកសារព័ត៌មាន នឹងចូលរួម​ផ្សព្វផ្សាយ​ជូន​ដល់​អ្នកពាក់ព័ន្ធ ឲ្យ​បានដឹង​ពីអ្វី​ដែល​កសិករ​ផលិត​បាន និង​ជួយ​ជំរុញ​ទីផ្សារ​កសិកម្ម​ដល់​កសិក​រ​។ លោក ទូច សុខា​រិ​ទ្ធិ ជឿជាក់ថា តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ អ្នកសារព័ត៌មាន​នឹងចូលរួម​ផ្សព្វផ្សាយ​ពី​កសិកម្ម​ឲ្យ​បាន​ទូលំទូលាយ និង​ផ្ដល់ព័ត៌មាន​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​នានា រួមទាំង​អ្នក​បរិភោគ​ផងដែរ​។​

​សូមបញ្ជាក់ថា អ្នកសារព័ត៌មាន ១៦​រូបនេះ មកពី​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey.com), វិទ្យុ​បារាំង​អន្តរជាតិ​, វិទ្យុ​ស្ត្រី​, វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​, ទូរទស្សន៍​ថោ​ន​,  សារព័ត៌មាន Swift News, ទូរទស្សន៍​អប្សរា រួមទាំង​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា​។​



​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕















Tag:
 សៀមរាប​
  CFI
  Gret
  កសិកម្ម​
  បរិស្ថាន​
 
© រក្សាសិទ្ធិដោយ thmeythmey.com