អត្ត​ពលិកម​ក​ពី​៥​ប្រទេស​ប្រជែង​គ្នា​ក្នុង​ព្រឹត្តិការណ៍​កង់​ភ្នំ ដែល​ថ្នាក់ដឹកនាំ​វាយតម្លៃ​ខ្ពស់​
កីឡាជាតិ
ជាតិ
អត្ត​ពលិកម​ក​ពី​៥​ប្រទេស​ប្រជែង​គ្នា​ក្នុង​ព្រឹត្តិការណ៍​កង់​ភ្នំ ដែល​ថ្នាក់ដឹកនាំ​វាយតម្លៃ​ខ្ពស់​
08, Nov 2018 , 7:59 am        
រូបភាព
​អត្ត​ព​លិ​ក​ប្រមាណ​ជា​១៥០​នាក់​មកពី​៥​ប្រទេស​បាន​ប្រកួតប្រជែង​គ្នា​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cambodia MTB Series ជុំ​ទី​៤ ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​ជាមួយ​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​។ ការប្រណាំង​ជាមួយ​ស្ថានភាព​ផ្លូវ​បត់បែន​ឡើង​ចុះ​ភ្នំ​អមដោយ​ព្រៃ​ប្រឹក្សា​ដ៏​ស្រស់ត្រកាល​នៅ​ជុំវិញ​ភ្នំ​ប្រសិទ្ធិ៍ ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​មាន​ភាព​ទាក់ទាញ​កាន់​ខ្លាំង​ពី​អ្នកចូលរួម និង​អ្នកគាំទ្រ​។ ទាំង​ថ្នាក់ដឹកនាំ​និង​ដៃគូ​សហការ​សុទ្ធតែ​អះអាងថា នឹងធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​រីក​កាន់តែ​ធំ​នៅ​ឆ្នាំ​ជា​បន្តបន្ទាប់​។

 
 
​ទោះបី​ស្ថានភាព​ផ្លូវ​មានការ​បត់បែន​ខ្លាំង និង​ឡើង​ភ្នំ​ចុះ​ភ្នំ​ក៏ដោយ តែ​វា​មិនមែនជា​ឧបសគ្គ​សម្រាប់​កីឡាករ​នោះទេ​។ ផ្ទុយទៅវិញ​ការ​ជិះ​លើ​ស្ថានភាព​ផ្លូវ​បែបនេះ​ជាមួយ​ដើមឈើ​នៅ​អម​សងខាង​ផ្លូវ និង​អំណោយផល​ពី​អាកាសធាតុ​ផង​នោះ ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cambodia MTB Series បានបញ្ចប់​ដោយ​ភាពជោគជ័យ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​។ លើសពីនេះ វា​ជំរុញ​ព្រឹត្តិការណ៍​នេះ​មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​ពី​សំណាក់​កីឡាករ​ជាតិ​និង​អន្តរជាតិ និង​អ្នកគាំទ្រ​។​
 
​កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ ដែល​រៀបចំ​នៅ​ភ្នំ​ប្រសិទ្ធិ៍​មួយ​នេះ ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ថា បាន​ដំណើរការ​ទៅ​យ៉ាង​រលូន និង​មាន​សមត្ថភាព​និង​បច្ចេកទេស​កើនឡើង​បើ​ធៀប​ទៅនឹង​៣​ជុំ​កន្លងមក​។ អ្វី​កាន់តែ​ជោគជ័យ​នោះ គឺ​ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចូលរួម​។​


 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​ការប្រកួត លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បានលើកឡើង​ដូច្នេះ​ថា​៖«​បើ​ធៀប​នឹង​ការប្រកួត​ក្នុង​ជុំ​កន្លងមក​យើង​ឃើញថា ការប្រកួត​ជុំ​ទី​៤​នេះ​មាន​បច្ចេកទេស​កើនឡើង​ខ្លាំង ពិសេស​ការប្រកួត​រវាង​ក្រុម​ជំនាញ Class A ដោយសារ​ផ្លូវ​ប្រកួត​លំបាក​ខ្លាំង​មែនទែន គឺ​ត្រូវ​ជិះ​កង់​ឡើង​ចុះ​ភ្នំ កាត់​ព្រៃ និង​ថ្ម​តូច​ជាច្រើន បើ​អ្នក​អត់​មាន​បច្ចេកទេស​ខ្ពស់ គឺ​មិនអាច​ជិះ​បាន​នោះទេ​»​។    
 
​លោក​ឧកញ៉ា​បាន​បន្ថែមថា​៖«​ក្មេងៗ​ជា​អត្ត​ព​លិ​កមាន​ការខិតខំ​ហ្វឹកហាត់​ខ្លាំង ធ្វើ​ឲ្យ​ការប្រកួតប្រជែង​មាន​លក្ខណៈ​ប្លែក និង​អស្ចារ្យ​ជាង​មុន​។ រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​ការប្រកួត​ជុំ​ទី​៤​នេះ មាន​អត្ត​ព​លិ​ក​បរទេស​ជាង​៤០​នាក់​មកពី​៤​ប្រទេស​ចូលរួម ដែល​ធ្វើ​ឲ្យ​ការប្រកួត​របស់​យើង​ទទួលបាន​ជោគជ័យ​កាន់តែ​ធំ​»​។​
 
​សម្រាប់​ការប្រកួត​កង់​ភ្នំ​ជុំ​ទី​៤​នេះ បាន​ទាក់ទាញ​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជា​១៥០​នាក់​មកពី​កម្ពុជា ហ្វីលីពីន បារាំង ថៃ និង​អង់គ្លេស​ឲ្យ​ចូលរួម​។ ការកើនឡើង​នៃ​ចំនួន​អត្ត​ព​លិ​ក​អន្តរជាតិ ធ្វើ​ឲ្យ​ការ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cambodia MTB Series មានការ​ប្រកួតប្រជែង​កាន់តែខ្លាំង​។​


 
​ជាមួយគ្នានេះ ទាំង​ថ្នាក់ដឹកនាំ​សហព័ន្ធ​និង​ដៃគូ​សហការ​សុទ្ធតែ​បាន​អះអាងថា នឹងធ្វើ​ព្រឹត្តិការណ៍​នេះ​ក្លាយជា​ការប្រកួត​មួយ​ដ៏​ប្លែក​ប្រកប់ដោយ​ភាព​ទាក់ទាញ​និង​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា​។ លើសពីនេះ នឹងធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​រីកធំឡើងៗ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ជា​បន្តបន្ទាប់​។​
 
«​យើង​ចង់​ធ្វើ​ឲ្យ​ការប្រណាំង​កង់​ភ្នំ​នេះ​រីក​កាន់តែ​ធំ​ទៅៗ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​។ ហើយ​យើង​នឹងធ្វើ​ឲ្យ​វា​ក្លាយជា​ព្រឹត្តិការណ៍​មួយ​ដ៏​ពេញនិយម​ពី​សំណាក់​ក្រុមគ្រួសារ​អ្នកជិះ​កង់ ឲ្យ​ដូច​ទៅនឹង​ការរត់​ប្រណាំង​អន្តរជាតិ​ម៉ា​រ៉ា​តុង​នៅ​អង្គរ​ដែលមាន​ការពេញនិយម​ខ្លាំង​»​។ នេះ​ជាការ​អះអាង​របស់លោក ពេជ្រ សុវណ្ណ ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី​របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស ដែល​បាន​ប្តេជ្ញា​ថា នឹង​បន្ត​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​នេះ ក្រោយ​មើលឃើញ​ពី​ការកើនឡើង​និង​ពេញចិត្ត​ចំពោះ​ការរៀបចំ​។​


 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​បរិវេណ​ភ្នំ​ប្រសិទ្ធិ៍​កាលពី​ថ្ងៃអាទិត្យ ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ កីឡាករ​ជម្រើសជាតិ គីម ចាន់ធូ បាន​បន្ត​គ្រង​លេខ​១ លើ​វិញ្ញាសា​ជំនាញ​ខ្លាំង​(A1) ខណៈ​កីឡាករ​ថៃ Pholachat Nakthongkam បាន​លេខ​២ និង យឿន ភី​យុទ្ធ បាន​លេខ​៣​។ វិញ្ញាសា​ជំនាញ​ខ្លាំង​ពី​អាយុ​៣០​ឡើង​(A2) កីឡាករ​ថៃ Supachai ទទួលបាន​លេខ​១ រីឯ ប៊ុត ជឿន បាន​លេខ​២ និង Pierre Yves Catry លេខ​៣​។​
 
​ចំណែក​កីឡាករ រិ​ន សុគន្ធ ទទួលបាន​លេខ​១ ក្នុងការ​ប្រកួត​ក្រុម​ជំនាញ​មធ្យម​មាន​អាយុ​៣០​ឆ្នាំ​ឡើង​(B2) ហើយ​លេខ​២​បាន​ទៅ Hectro Rubala និង​លេខ​៣​បាន​ទៅ​ថៃ Surat Nanthapangporn​។ រីឯ​ក្រុម​ជំនាញ​មធ្យម​ពី​អាយុ​១៥​ដល់​២៩​ឆ្នាំ​(B1) រិ​ន បូរិទ្ធ ទទួលបាន​លេខ​១ ខណៈ សាន ណា​ម៉ា​វ លេខ​២ និង​កីឡាករ វន សា​វីន លេខ​៣​។​
 
​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​នឹង​រៀបចំ​ការប្រកួត​ជុំ​ទី​៥ ដែលជា​ជុំ​ចុងក្រោយ​នៅលើ​ភ្នំ​បូកគោ​នៅ​ខែធ្នូ ខាងមុខ ដើម្បី​ស្វែងរក​ជើងឯក​ប្រចាំ​វិញ្ញាសា​នីមួយៗ​។ គួរ​បញ្ជាក់ថា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​នឹង​បូក​ពិន្ទុ​ពី​ជុំ​ទី​១​រហូតដល់​ជុំ​ទី​៥ បើ​អ្នកមាន​ពិន្ទុ​ខ្ពស់​នឹង​ក្លាយជា​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ​តាម​កម្រិត​វិញ្ញាសា​នីមួយៗ​៕  






 

Tag:
 ប្រណាំង​កង់​ភ្នំ​
  វង្ស ខាន់​ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com