អត្ថបទពាណិជ្ជកម្ម
កម្មវិធី «​ខ្ញុំ​ឆ្នើម​» របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ត្រឡប់មកវិញ​សម្រាប់​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​
07, Nov 2018 , 5:35 pm        
រូបភាព
​កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្មវិធី «​ខ្ញុំ​ឆ្នើម​» ត្រូវបាន​រៀបចំឡើង​នៅ​វិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលមាន​សិស្ស​ឆ្នើម​ថ្នាក់​ទី​១២ ប្រមាណ ១៦៥ នាក់​ចូលរួម​។ កម្មវិធី «​ខ្ញុំ​ឆ្នើម​» គឺជា​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ដើម្បី​ជួយ​តម្រង់ទិស និង​ជំរុញ​សិស្ស​ឆ្នើម​ប្រចាំ​សាលា​នីមួយៗ​ឲ្យ​មាន​ផ្នត់គំនិត​វិជ្ជមាន និង​ត្រៀម​ខ្លូន​ចូល​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ឲ្យ​ទទួលបាន​ជោគជ័យ​។
 
​កញ្ញា ថុង វិច្ឆិកា សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ ជា ស៊ីម សាមគ្គី បាន​ឲ្យ​ដឹងថា ៖«​កម្មវិធី ខ្ញុំ​ឆ្នើម ល្អ​សម្រាប់​សិស្ស​ថា្នក់​ទី​១២ ដោយ​សិក្ខាសាលា​នេះ​ប្រាប់​អំពី​វិធីសាស្ត្រ​ជោគជ័យ ក្នុងការ​ត្រៀម​ចូល​មហាវិទ្យាល័យ និង​ការងារ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បងៗ​សិស្ស​អាហារូបករណ៍ ជីប ម៉ុង បាន​ចែករំលែក​បទពិសោធន៍ និង​វិធីសាស្ត្រ​ក្នុងការ​ដាក់ពាក្យ និង​ប្រលង​ដើម្បី​ទទួលបាន​អាហារូបករណ៍​នេះ​ផងដែរ​។ ខ្ញុំ​ចង់​ឲ្យ​មាន​សិក្ខាសាលា​បែបនេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្តល់​បទពិសោធន៍ ព័ត៌មាន និង​ចំណេះ ដល់​យុវ​សិស្ស​ជំនាន់​ក្រោយៗ​ទៀត​»​។ 
 
​នៅ​ព្រឹក​ថ្ងៃ​ដដែល ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏បាន​ឧបត្ថម្ភ​កុំព្យូទ័រ​លើ​តុ និង​ធុងសំរាម  ជូន​វិទ្យាល័យ ជា ស៊ីម សាមគ្គី ដើម្បី​ចូលរួម​លើកស្ទួយ​បរិស្ថាន​ស្អាត​ក្នុង​សាលារៀន ក៏ដូចជា​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ផងដែរ​។ 
 
​នៅ​ត្រីមាស​ទី​៤ ក្នុង​ឆ្នាំ​២០១៨ នេះ ក្រៅពី​វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គ្រោង​នឹង​រៀបចំ​កម្មវិធី «​ខ្ញុំ​ឆ្នើម​» ក្នុង​វិទ្យាល័យ​រដ្ឋ​ចំនួន​៣​ទៀត ក្នុង​រាជធានី​ភ្នំពេញ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com