ជាតិ
គ្មានអាជីវកម្ម ឬការបង្ហោះដ្រូន នៅជុំវិញទីតាំងប្រារព្ធបុណ្យឯករាជ្យជាតិឡើយ
× ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យម្ចាស់អាជីវកម្មកំពង់ផែ និងផលយានគ្រប់ប្រភេទទាំងអស់ ផ្អាកអាជីវកម្មរបស់ខ្លួន នៅថ្ងៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ។
គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងព្រះបរមរាជវាំង នឹងរៀបចំមិទ្ទិញអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨ នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ។ ទិវាបុណ្យឯករាជ្យជាតិនេះ នឹងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ពីស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។
ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យម្ចាស់អាជីវកម្មកំពង់ផែ ផែបណ្ដែតទឹក ទូក ក្បូន កាណូត កាណូតទេសចរណ៍ និងផលយានគ្រប់ប្រភេទទាំងអស់ ផ្អាកការធ្វើចរាចរនៅតាមដងទន្លេសាប និងទន្លេចតុម្មុខ ចាប់ពីមុខផ្សាររាត្រី ដល់ព្រំប្រទល់ទីក្រុងកោះពេជ្រ នាថ្ងៃទី៩ខែវិច្ឆិកា ចាប់ពីម៉ោង ០៥:០០ ទៀបភ្លឺ រហូតដល់ម៉ោង ១២:០០ថ្ងៃត្រង់។ សាលារាជធានីភ្នំពេញ ហាមសាធារណៈជនបង្ហោះដ្រូន នៅជុំវិញទីតាំងប្រារព្ធពិធី មុខព្រះបរមរាជវាំង វិមានឯករាជ្យ និងតាមបណ្ដោយផ្លូវសុធារស៕
Tag:
ភ្នំពេញ
បុណ្យឯករាជជាតិ
បុណ្យជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com